ចុះ​ពង្រឹង​ខណ្ឌ​រដ្ឋបាល​ជលផល​២​ខេត្ត ខាងត្បូង​បឹង​ទន្លេសាប​ក្នុង​រដូវ​បិទ​នេសាទ

ខេត្តកំពង់ឆ្នាំង ៖  ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា “ ទោះ​ទឹកទន្លេ​មិន​ទាន់​ឡើង​ក៏​ដោយ តែ​កាលណា​ដល់​ថ្ងៃ​បិទ​នេសាទ គឺ​ត្រូវ​តែ​បើក​យុ​ទ្ឋ​នា​ការ បង្ក្រាប ចាប់ពី​ដើមដៃ​ឡើង​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ថា​រដូវ​បិទ​នេសាទ​បាន​មក​ដល់​ហើយ​”  ។ មាន​ប្រសា​សបែប​នេះ ក្នុង​ពេល​ដែល​ឯកឧត្តម ចុះ​ពង្រឹង​មន្ត្រី​ជលផល នៅ​ខណ្ឌ​រដ្ឋបាល​ជលផល ពោធិសាត់ និង​នៅ​ខណ្ឌ​ជលផល​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​មានការ អញ្ជើញ​ចូលរួម ពី​មន្ត្រី​ជលផល ខាងត្បូង​ទន្លេសាប មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល ទាំង​២​ខេត្ត សមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ មូលដ្ឋាន ចូលរួម​ជា​ច្រើន​រូប​ទៀត ។

ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងកសិកម្ម​បាន​បន្ត​ថា មក​ដល់​ពេល​នេះ​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​បាន​បន្ធូ​បន្ថយ ដល់​ប្រជា​កសិករ អាច​ឲ្យ​ដាក់ មង​ប្រវែង​១០០​ម៉ែត្រ  របាំង​ព្រួល អាច​ឲ្យ​លើស​ជាង​១០​ម៉ែត្រ  និង​ប្រើស​លប មិន​ឲ្យ​លើស​ពី​៣​តឹក ជាដើម  ក្នុង​រដូវ​បិទ​នេសាទ​នេះ​។ ប៉ុន្តែ​ហាម​ដាច់ខាត ឧបករណ៍​អូស​អួន អូស​យ៉ាំ​ង​កាវ  ម៉ា​ញ់  ជន ឧបករណ៍​ឆក់​ត្រី របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​អូស​ឆៃ​រ៉ា​ជាដើម ។ មក​ដល់​ថ្ងៃនេះ រដូវ​បិទ​នេសាទ ទើបតែ​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ តែ​ទឹកទន្លេ មិន​ទាន់​ឡើង​នៅឡើយ ទោះបី​បែប​នេះ​ក្តី មន្ត្រី​ជលផល​ទាំងអស់ ត្រូវ​សហ​ការណ៍​គ្នា​បង្ក្រាប ចាប់ពី​ដើមដៃ​នេះ​ទៅ ដើម្បី​ការពារ មច្ឆជាតិ របស់​យើង​ឲ្យ​បាន​គង់វង្ស និង​មាន​និរន្ត​ភាព សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ ។

ឯកឧត្តម ណៅ ធួ​ក បាន​បន្ត​ថា ព្រៃ​លិច​ទឹក នៅ​តំបន់​ជុំវិញ​ទន្លេសាប មាន​ជាង​១​លាន​ហិ​កតា តែ​ឆ្នាំ​នេះ​ភ្លើង​បាន​ឆេះ​ព្រៃ​អស់ នៅ​សល់​ប្រមាណ​ជាង​៧៤​ម៉ឺន​ហិ​កតា​ប៉ុណ្ណោះ និង​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​សល់​ជាង​៦៤​ម៉ឺន​ហិ​កតា នេះ​ដោយសារ​ឆ្នាំ​នេះ​រដូវក្តៅ​ហួតហែង​ខ្លាំង​ពេក រួម​ផ្សំ​មាន​ជនខិលខូច​លួច​ដុត​ព្រៃ​ផង​ដែរ ។ ដោយសារ​កម្ដៅ​កើនឡើង ទឹកទន្លេ គោក​រាក់ បាន​ធ្វើ​ឲ្យ​ត្រី​នៅ​ទន្លេ​ឆ្មា​ងាប់​ជា​ច្រើន​តោន  ហើយ​តាម​គម្រោង និង​មានការ​ស្តា ទន្លេ​ឆ្មា​នេះ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ណាស់ ។ តាម​អនុ​សាស្ត្រ​របស់​សម្តេច ហ៊ុន សែន មន្ត្រី​ជលផល មិន​ត្រូវ​លែង​តែ​កូន​ត្រី​នោះ​ទេ​គឺ​ត្រូវ ដាំ​ព្រៃ​លិច​ទឹក​ថែម​ទៀត ។

កន្លង​មក​ការ​ដាំ​ព្រៃ​លិច​ទឹក របស់​មន្ត្រី​ជលផល គឺ​គ្មាន​ថវិកា​ឧ​ប​ត្ថ​ម​នោះ​ទេ គឺ​ចូលរួម​ដោយ​ស្ម​គ្រ័​ចិត្ត  ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ នឹង​មាន​គម្រោង សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ថ្នាល​បណ្តុះ​កូន​ពូជ និង​ថែទាំ​ព្រមទាំង​រៀបចំ​កម្ម​វី​ធី​ដាំ​កូន​ឈើ ព្រៃ​លិច​ទឹក ជាដើម ។ ក្នុង​ឱកាស​នោះ​ដែរ​លោក សោម ភិ​រុណ នាង​ខណ្ឌ​រដ្ឋបាល​ជលផល កំពង់ឆ្នាំង បាន​រាយការណ៍​ថា កន្លង​ទៅ​បើ​ទោះបី​មានការ ការពារ​យ៉ាង​តឹងតែង​ក្តី ក៏​នៅ​តែ​មាន​ជនល្មើស​លួច​ចូល​នេសាទ ក្នុង​ដែន​អភិរក្ស  និង​មានការ​លួច​ដុត​ព្រៃ​លិច​ទឹក និង​ឈូស​ឆាយ​ព្រៃ​លិច​ទឹកជា​ដើម តែ​ជនល្មើស​ទាំងនោះ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​មានការ​ចាប់​ឃាត់​ត្រាក់ទ័រ ២​គ្រឿង និង​មនុស្ស​២​នាក់ នៅ​ស្រុក​ជល​គី​រី ទៅ​តុលាការ ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ហើយ​ដែរ ។

ព្រម​ជាមួយ​គ្នា​នោះ នៅ​តំបន់ឆ្នុកទ្រូ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ភ្លើង​បាន​បាន​ឆេះ​ព្រៃ​អស់​ចំនួន ១៥៥​ហិ​កតា ដែល​ពុំ​ធ្លាប់​មានពី​មុន​មក ។ មុន​នឹង​ត្រឡប់​ទៅ​វិញ ឯកឧត្តម  រដ្ឋលេខាធិការ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ស្ថានភាព  ព្រៃ​លិច​ទឹក ដែល​ត្រូវ​ភ្លើង​ឆេះ នៅ​ឃុំ​ឆ្នុកទ្រូ ហើយ​បាន​ផ្តាំផ្ញើ​ដល់ មន្ត្រី​ជលផល ត្រូវ​ប្រញាប់​យក​កូន​ឈើ ព្រៃ​លិច​ទឹក​មក​ដាំ​នៅ​ទី​នេះ​ឡើង​វិញ  និង​ហាម​មិន​ឲ្យ ប្រជាពលរដ្ឋ កាប់​ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ភ្លើង​ឆេះ នោះ​យក​ចេញ​ធ្វើ​ជា​អុស​ជា​ដាច់ខាត​៕