រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ ថាមពល​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ ដែល​ទទួល​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​ធ្វើ​ការបម្រើ​រដ្ឋ និង​ប្រជាជន​ឲ្យ​បានល្អ

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ ថាមពល​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ ដែល​ទទួល​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​ធ្វើ​ការបម្រើ​រដ្ឋ និង​ប្រជាជន​ឲ្យ​បានល្អ



ភ្នំពេញ ៖ លោក​​ ស៊ុយ សែម​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល កាលពី​ល្ងាច ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ផ្សព្វផ្សាយ​ព្រះ​រាជក្រឹត្យ អនុ​ក្រឹត្យ និង​ប្រកាស​កែសម្រួល តែងតាំង និង​ប្រគល់​ភារកិច្ច ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មួយ​ចំនួន។

ពិធី​នេះ​បាន​រៀប​ចំ​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​រ៉ែ​ និង​ថាមពល ហើយ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ចំណុះ​ឲ្យ​ក្រសួង​ទាំង​ថ្មី​ ទាំងចាស់​ជា​ច្រើនរូប។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ផ្ដាំផ្ញើ ដល់​មន្ត្រី​ ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី​ថា ការតែងតាំង​នា​ពេល​នេះ គឺ​ថ្នាក់ដឹកនាំ​បាន​ធ្វើ​ការ​ពិចារណា សង្កេត លើ​ស្នាដៃ​សកម្មភាព និង​លទ្ធផល​ការងារ​យ៉ាង​ល្អិតល្អន់ មុននឹង​ឈាន​ដល់​ការសម្រេចចិត្ត ធ្វើការ​ស្នើសុំ​តែងតាំង​មន្ត្រី​ទាំងអស់ ទៅ​រាជរដ្ឋាភិបាល. ដូច្នេះ​សូម​ឲ្យ​មន្ត្រី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខិតខំ បំពេញភារកិច្ច​ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ប្រគល់​ឲ្យ​ដោយ​យកចិត្តទុកដាក់ និង​ស្មោះត្រង់​ព្រោះ មន្ត្រីរាជការ​ទទួល​ប្រាក់​ខែ​ពី​រដ្ឋ ត្រូវ​ធ្វើ​ការបម្រើ​រដ្ឋ និង​ប្រជាជន ហើយ​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​គោរព​ឋានានុក្រម​តួនាទី​ភារកិច្ច ជួយ​ធុរៈ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា លំបាក​ទៅតាម​លទ្ធភាព បង្កើត​បរិយាកាស​សុខដុមរមនា​ក្នុង​អង្គភាព។

រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន ធ្វើការ​ដោយ​យកចិត្តទុកដាក់ គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ល្អ ព្រោះ​មន្ត្រី​ទទួល​ប្រាក់ខែ​ពីរ​ដ្ឋ ត្រូវ​ធ្វើ​ការបម្រើ​រដ្ឋ និង​ប្រជាជន។

លោក​ស៊ុយ​សែម បាន​បន្ថែម​ទៀត​ថា ឆ្លៀត​ក្នុង​ពេលនេះ​ ដោយមាន​វត្តមាន ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ រាជធានី​-​ខេត្ត ចូលរួម​ដែរ លោក​សូម​ឲ្យ​អ្នក​ទាំងនេះ ត្រូវ​យកចិត្តទុកដាក់ នូវ​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​ក្រសួង នៅ​តាម​ដែនដី​របស់​ខ្លួន ជាពិសេស​វិស័យ​រ៉ែ​សំណង់ ដែល​មាន​ការ​ដឹកជញ្ជូន​លើស​ចំណុះ គ្មាន​ការ​គ្រប​ត្រឹមត្រូវ​ខុស​លក្ខណៈ​បច្ចេកទេស បណ្តាល​ឲ្យ​ហុយ​ដី និង​ខូចខាត​ផ្លូវ និង​ត្រូវ​តាមដាន​រាល់​ព័ត៌មាន ដែល​រាយការណ៍​តាម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា គឺ​ត្រូវ​ចុះ​ទៅ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់ ទោះបី​ព័ត៌មាន​នោះ​ពិត ឬ​មិន​ពិត​ក៏ដោយ ត្រូវ​ចុះ​ដល់​ទីតាំង រួច​ត្រូវ​មាន​វិធានការណ៍​តាមច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់ និង​ត្រូវ​រាយការណ៍​ជាបន្ទាន់ មក​ក្រសួង​អំពី​លទ្ធផល​ដោះស្រាយ ហើយ​ក្រសួង​នឹងធ្វើ​ការពិនិត្យ​វាយតម្លៃ ចំពោះ​ការអនុវត្ត​របស់​មន្ទី​រ​រាជធានី​-​ខេត្ត៕

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ ថាមពល​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ ដែល​ទទួល​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​ធ្វើ​ការបម្រើ​រដ្ឋ និង​ប្រជាជន​ឲ្យ​បានល្អ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ ថាមពល​ជំរុញ​ឲ្យ​មន្ត្រីរាជការ​ ដែល​ទទួល​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​ធ្វើ​ការបម្រើ​រដ្ឋ និង​ប្រជាជន​ឲ្យ​បានល្អ