ចូល​ពួន​សម្ងំ​ចាំ​លួច​របស់​មានតម្លៃ​ក្នុង​ផ្ទះ​គេ ត្រូវ​ម្ចាស់​ទាន់​ចាប់​ក្របួច​ឲ្យ​ប៉ូលិស

ចូល​ពួន​សម្ងំ​ចាំ​លួច​របស់​មានតម្លៃ​ក្នុង​ផ្ទះ​គេ ត្រូវ​ម្ចាស់​ទាន់​ចាប់​ក្របួច​ឲ្យ​ប៉ូលិស



ភ្នំពេញ​៖ ​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​ម្ចាស់ផ្ទះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈ​ដែល​ជនសង្ស័យ​រូប​នោះ​គាស់​ផ្ទះ​បំណង​ចូល​លួច​ទ្រព្យសម្បត្តិ តែ​យឺត​ពេល​ត្រូវ​ម្ចាស់ផ្ទះ​តាម​ទាន់​នោះ។

ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ ស្ថិតក្នុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​នោះ​មានឈ្មោះ​ហេង សិនសំ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងឈើ​ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ផ្ទះ​ឈ្មោះ​ស៊ុយ សឿង ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ មាន​មុខរបរ​កាត់ដេរ​រោងចក្រ។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រជាពលរដ្ឋ​បាន​ដកហូត​ឧបករណ៍​សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​បទល្មើស​ជាច្រើន។

ប្រជាពលរដ្ឋ​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា មុន​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចុះឡើង​ដែរ តែ​​​មិន​មាន​អ្នក​ចាប់អារម្មណ៍​នោះ​ឡើយ ហើយ​មួយសន្ទុះ​ក៏​បាត់​បុរស​នោះ​ទៅ ក្រោយមក​ ស្រាប់តែ​ម្ចាស់ផ្ទះ​ស្រែក​ឆោឡោ​ឡើង​ ពេល​​​ឃើញ​របស់របរ​ខ្លួន​រាយប៉ាយ​ពេញ​ផ្ទះ​ត្រូវ​គេ​រើ​កកាយ​អស់​នោះ។ ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​រត់​ចេញ​ពី​ផ្ទះ​សំដៅ​ទៅ​មាត់ទ្វារ​ ដោយ​ក្តី​ភិតភ័យ តែ​ម្ចាស់ផ្ទះ​បាន​​​ស្រែក​ឲ្យ​ជួយ​ចាប់​ផង​នោះ ​​ប្រជាពលរដ្ឋ​បាន​ឮ​ការ​ស្រែក​ដូចនេះ បាន​នាំ​គ្នា​ចេញ​ដេញ​ស្ទាក់​រហូត​ចាប់​បាន​តែ​ម្តង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជា​ក្រោយ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​​​សួរ​នាំ​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឫស្សី​កែវ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ឫស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី៕

ចូល​ពួន​សម្ងំ​ចាំ​លួច​របស់​មានតម្លៃ​ក្នុង​ផ្ទះ​គេ ត្រូវ​ម្ចាស់​ទាន់​ចាប់​ក្របួច​ឲ្យ​ប៉ូលិស