បុគ្គលិកក្រុមហ៊ុន និងអ្នកយកព័ត៌មាន២នាក់ដាក់ពាក្យបណ្តឹងរកយុត្តិធម៌

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិក​ក្រុមហ៊ុន ឌី​តា​អ៊ិ​ន​វេស​មេន (Dta in vestment) ផ្នែក​ផ្តល់​ប្រាក់​កម្ចី និង​ទទួល​បញ្ចាំ រួម​ជាមួយ អ្នក​យក​ព័ត៌មាន ឲ្យ​កាសែត និង​គេហទំព័រ សំឡេង​ជាយ​ដែន សរុប​២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ បាន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​ដាក់​ពាក្យបណ្តឹង មនុស្ស​មួយ​ក្រុម ពី​បទ​បង្ក​ហិង្សា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ ។

បុគ្គលិក​ក្រុមហ៊ុន ឌី​តា ឈ្មោះ ច​ន ភី​រម្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បម្រើ​ការងារ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ចំណែក​អ្នក​ព័ត៌មាន ឲ្យ​ការ​សែត និង​គេហទំព័រ សំឡេង​ជាយ​ដែន ឈ្មោះ វ័​ន្ត ផល្លា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ជា​អ្នក​យក​ព័ត៌មាន ប្រចាំ​ខេត្តបន្ទាយមានជ័យ ។ ជុំវិញ​ករណី​ដាក់​ពាក្យបណ្តឹង​នេះ បុគ្គលិក​ក្រុមហ៊ុន​ខាងលើ រៀបរាប់​ថា កាលពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ លោក​បាន​ជិះ​ម៉ូតូ ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង ១C-៣២៩៣ តាម​បណ្តោយ​ផ្លូវ​បេតុង ពី​កើត​ទៅ​លិច ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​០២ សង្កាត់​ប៉ោយ​ប៉ែ​ត ដោយ​ចៃដន្យ ពេល​កំពុង​ជិះ​ម៉ូតូ ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់ អាយុ​ប្រហែល​៤​ឆ្នាំ រត់​ចេញពី​មុខ​ផ្ទះ​មួយ មក​បុក​ម៉ូតូ​។

បុគ្គលិក​ក្រុមហ៊ុន​រូប​នោះ​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ បែរជា​មាន​មនុស្ស​មួយ​ក្រុម បាន​នាំ​គ្នា​ព្រួត​វាយ​ទាត់​ធាក់​លោក ដោយ​មិន​ស្តាប់​ហេតុផល បើ​ទោះជា​គាត់​ខំ​លើកដៃ​សំពះ ពួក​គេ​ក៏​ដោយ ។ ចំណែក​អ្នក​យក​ព័ត៌មាន ខាងលើ​និយាយ​ថា ពេល​លោក​ជិះ​ម៉ូតូ ដល់​កន្លែង​កើតហេតុ ឃើញ​មនុស្ស​មួយ​ក្រុម​ព្រួត​វាយ បុគ្គលិក​ក្រុមហ៊ុន​គិត​ថា ទើសភ្នែក​ពេក ក៏​ទាញ​ទូរស័ព្ទ​ថត ស្រាប់តែ​ត្រូវ​ជន​មួយ​ក្រុម​នោះ ជេរ​ប្រមាថ និង​គំរាម​រក​វាយ​ដែរ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ​មួយ​ក្រុម​នោះ ថែម​ទាំង​រុញច្រាន ប្រុង​ឆក់​យក​ប័ណ្ណសម្គាល់ខ្លួន របស់​លោក​ថែម​ទៀត​ផង ។ បុរស​ទាំង​២​និយាយ​ថា ដោយសារ​កើតទុក្ខ​មិន​សុខចិត្ត និង​ទ​ង្វើ​ហួសហេតុ​នេះ ទើប​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ទាមទារ​រក​យុត្តិធម៌ ។

ករណី​ចោទប្រកាន់​ខាងលើ ក្រុម​ជនសង្ស័យ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ គ្មាន​អ្នក​បំភ្លឺ ។ ឪពុក​ក្មេង​រង​គ្រោះ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​កើតហេតុ បាន​ទៅ​ដាក់​ពាក្យបណ្តឹង ពី​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ ហើយ​លេខ​ទូរស័ព្ទ ០៩២ ៩០៨ ១៧៧ ដែល​សមត្ថកិច្ច​បញ្ជាក់​ថា ជា​លេខ​របស់​ឈ្មោះ ស៊ី​ម វិបុល ត្រូវជា​ឪពុក​ក្មេង​ប្រុស​រង​គ្រោះ​នោះ កោះសន្តិភាព ទាក់ទង​សុំ​ការ​បំភ្លឺ​ដែរ តែ​ត្រូវ​អ្នក​ទទួល​បដិសេធន៍​ថា ខ្លួន​មិនមែន​ឈ្មោះ ស៊ី​ម វិបុល ឪពុក​ក្មេង​រង​គ្រោះ​នោះ​ទេ ។

ពាក់ព័ន្ធ​បណ្តឹង​របស់​បុគ្គលិក​ក្រុមហ៊ុន​ឌី​តា​អ៊ិ​ន​វេស​មេន និង​អ្នក​យក​ព័ត៌មាន ខាងលើ សមត្ថកិច្ច​និយាយ​ថា នឹង​ធ្វើការ​ហៅ​ភាគី​ពាក់ព័ន្ធ សាកសួរ​សិន ។ គួរ​បញ្ជាក់​ថា ករណី​ខាងលើ​គេ​សង្ស័យ​ថា  ក្រុម​ជន​បង្ក​អាច​ជា​សាច់ញាតិ របស់​ក្មេង​រង​គ្រោះ ព្រោះថា​បើជា​អ្នក​ដទៃ​អាច​នឹង​មិន​ធ្វើ​បែប​នេះ​ឡើយ ព្រោះ​បុគ្គលិក​ក្រុមហ៊ុន​ខាងលើ និយាយ​ថា ក្រោយ​កើតហេតុ ខ្លួន​ក៏​មិន​បាន​រត់ ទៅ​ណា​នោះ​ដែរ ៕