មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរ​បាល​ព្រៃវែង​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរ​បាក់​ជើង​ធ្ងន់ធ្ងរ

មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរ​បាល​ព្រៃវែង​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរ​បាក់​ជើង​ធ្ងន់ធ្ងរ



ព្រៃវែង​ ៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដោយ​រថយន្ត​កាមរី​ស្វិត​ មួយ​គ្រឿង​ បាន​បុក​ជាមួយ​ម៉ូតូ​ឌ្រី​ម​សង់​C125​បណ្ដាល​ឲ្យ​បុរស​ម្នាក់ ​ដែល​ជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​ម្នាក់​បាក់​ជើ​ង​រង​​របួស​យ៉ាង​ធ្ងន់ធ្ងរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​និង​២០​នាទី ត្រង់​ចំណុច​មុខ​ឃ្លាំង​រង្សី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១១​ស្ថិត​ក្នុង​ភូមិ ព្រែក​ខ្សាយ​ឃុំ​ព្រែក​ខ្សាយ​(​ក​) ​ស្រុកពាម​រក៍​ខេត្ត​ព្រៃវែង​។

ពាក់​ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាង​លើ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឃើ​ញ​ហេតុការណ៍​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើ​ង​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ​ គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​ឌ្រី​ម​សង់​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ព្រៃវែង​1A-3087​ បើក​បរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​នៅពេលដែល​មកដល់​ចំណុច​កើ​ត​ហេតុ​ ក៏បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​គូទ​ស្វិត​ពណ៌ស​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភព​2.​ច​0793​ ដែល​មាន​ទិសដៅ​បញ្ច្រាស​គ្នា​ យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​រង​របួស​បាក់​ជើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

ក្រោយ​ពេល​កើ​ត​ហេតុ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ខ្សាយ​(​ក​)​ និង​សមត្ថកិច្ច​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍​ បាន​មក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​បាន​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង ​​មក ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ។ សមត្ថកិច្ច​ក៏បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ដែរ​ថា​ ជនរងគ្រោះ​ខាង​លើ​មានឈ្មោះ​ស ប៉ូ​លីន​ ភេទ​ប្រុស ​អាយុ​៤៦ឆ្នាំ មាន​មុខរបរ​ជាម​ន្ត្រី​ប៉ូលិស​ នៃ​អធិការដ្ឋាន​នគរ​បាល​ខេត្ត​ព្រៃវែង​ រង​របួស​បាក់​ជើង​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ​ចំណែក​ឯ​ម្ចាស់​រថយន្ត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ​ព្រោះ​ក្រោយពេល​កើត​ហេតុ​បាន​រត់​គេច​ខ្លួន​ បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ពាមរក៍​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​៕