ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង

ខែ​ភ្លៀង​លិច​ផ្លូវ​មក​ដល់ អ្នក​ជិះ​ឡាន​គ្រប់​ប្រភេទ​ត្រូវ​ដឹង​វិធី​ថែទាំ​រថយន្ត កុំ​ឲ្យ​មាន​បញ្ហា​ដោយ​ទឹក​ភ្លៀង​អាស៊ីត​ធ្លាក់​ជោគជាំ​សឹង​រាល់​ថ្ងៃ។

 

ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង

 

ចង់​ថែ​ទាំ​ឡាន​ឲ្យ​បាន​ល្អ លោក​រដ្ឋា​អ្នក​ជំនាញ​ផ្នែក​រថយន្ត និង​ជា​ថៅកែ​យានដ្ឋាន វើ សឺស ខេមបូឌា បាន​ណែនាំ​វិធីសាស្រ្ត​ថែទាំ​រថយន្ត​សាមញ្ញ ជៀសវាង​ខាត​​​ប្រាក់កាស​ជួសជុល​រថយន្ត​ខូច​រដូវ​ភ្លៀង។

 

ទី១៖ ហ្រ្វាំង

រឿង​សំខាន់​ដំបូង​ដែល​ត្រូវ​ធ្វើ​ជា​ចាំ​បាច់​នោះ គឺ​​ពិនិត្យ​និង​លាង​ហ្វ្រាំង​ឡាន។ បន្ទាប់​ពី​ជិះ​ហាល​ភ្លៀង​ អ្នក​ត្រូវ​យក​ទឹក​ស្អាត​បាញ់​លាង​ឡាន​ឬ​ផ្នែក​ហ្វ្រាំង​ឲ្យ​បាន​ស្អាត ដើម្បី​ការពារ​កុំ​ឲ្យ​ច្រេះ​បណ្ដូល​ហ្វ្រាំង និង​ស្ងួត​ខ្លាញ់​ហ្វ្រាំង នាំ​ឲ្យ​ចាប់​ស្អិតៗ ដោយ​សារ​ទឹក​ភ្លៀង​អាស៊ីត។

 

ទី២៖ ម៉ាស៊ីន​ត្រជាក់

ត្រូវ​បិទ​ម៉ាស៊ីន​ត្រជាក់​ហើយ​បើក​កញ្ចក់​តូច​ល្មម​ដើម្បី​ឲ្យ​ខ្យល់​ចូល​ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​ភ្លៀង​ខ្លាំង។ ធ្វើ​ដូច្នេះ ដើម្បី​ការពារ​កង្ហារ​ម៉ាស៊ីន​ត្រជាក់​ឆេះ ដោយ​សារ​ទឺក​ភ្លៀង​លិច​ផ្លូវ​ជ្រៅ។ ម្យ៉ាង​ទៀត អ្នក​ក៏​មិន​ត្រូវ​បើក​ឡាន​លឿន​ ពេល​ជិះ​កាត់​ផ្លូវ​លិច​ទឹក​ខ្លាំង​ដែរ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ម៉ាស៊ីន​ត្រជាក់។

 

ទី៣៖ ពិនិត្យ​មើល​ផ្លិត
ភ្លៀង​អាស៊ីន​រួម​នឹង​កម្តៅ​អាច​ធ្វើ​ឲ្យ​ផ្លិត​កញ្ចក់​ឆាប់​រឹង​និង​ងាយ​បាក់ ហេតុ​ដូចនេះ​អ្នក​ត្រូវ​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​​និង​ឧស្សាហ៍​ឲ្យ​ជាង​ដាក់​ទឹក​ថ្នាំ​ផ្លិត។

 

ក្រៅ​ពី​ចំណុច​ចម្បង​ទាំង​៣ខាង​លើ លោក​រដ្ឋា​ថា សំបក​កង់​ក៏​ជា​បញ្ហា​មួយ​ដែល​ទាមទារ​ការ​ពិនិត្យ​ឲ្យ​បាន​ញឹកញាប់​ដែរ ដើម្បី​ធានា​ថា​សំបក​កង់​មិន​ទាន់​សឹក​ក្រឡា​ខ្លាំង នាំ​ឲ្យ​រអិល​ពេល​ជិះ​លើ​ផ្លូវ​កៅស៊ូ​ខណៈ​កំពុង​​មាន​ភ្លៀង​៕

 

អត្ថបទ៖ ប៉ែត ផាន់និត