អ្នក​មានយស​សក្តិ មាន​ប្រាក់ ទោះបី​ជាប់គុក ក៏​គុក​មិន​ឱ្យ​ដេក​ដែរ

រាជធានី​ភ្នំពេញ ៖ អ្នកទោស គឺ​អតីត​អភិបាលក្រុង​បា​វិត គឺ​លោក ឈូក បណ្ឌិត និង​អ្នកទោស​លោក​ឧកញ៉ា ថោ​ង សា​រ៉ាត់ នាយក​ក្រុមហ៊ុន​សាច់​ប៉ាត់​តេ និង​សំណង់​៩៩៩ ដែល​បច្ចុប្បន្ន​កំពុង​ក្លាយ​ខ្លួន​ជា​ទណ្ឌិត​រស់នៅ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អនុញ្ញាតិ​ឱ្យមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយសារ​ស្ថានភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ត្រូវការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទំនង​យូរអង្វែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​វេជ្ជបណ្ឌិត​ខ្លះ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​បង្ហើប​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា លោក ឈូក បណ្ឌិត មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម ថែម​ទៀត​ផង ។ ដោយឡែក​ឧកញ៉ា ថោ​ង សា​រ៉ាត់ មាន​ជំងឺផ្លូវចិត្ត គួប​ផ្សំ​នឹង​សំពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​អ្នកជំងឺ​ទាំង​២​នាក់​នេះ បាន​មក​សម្រាក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ប្រមាណ​ជាង​៣​ខែ​កន្លង​មក​ហើយ សុទ្ធតែ​បន្ទប់ VIP ។

ដោយឡែក​អ្នកទោស​អតីត​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក អាំង មាលតី ក៏​ត្រូវ​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មួយ​រយៈពេល​ផង​ដែរ ដែល​បច្ចុប្បន្ន​នេះ​ទណ្ឌិត អាំង មាលតី ត្រូវ​បញ្ជូន​ទៅ​សម្រាក​វះកាត់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​វិញ ដែល​មានការ​អះអាង​ថា វះកាត់​តម្រង់​នោម ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​សារព័ត៌មាន​កោះសន្តិភាព​ចេញផ្សាយ​ថ្ងៃស្អែក​នេះ ។