ភ័យ​ស្ទើរ​លស់​ព្រលឹង ពេល​ទៅ​ភ្ជួរស្រែ​លើ​ដី​ទុក​ចោល​យូរ​ឆ្នាំ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​មួយ​គ្រួ​សារបាន​ទៅ​ភ្ជួរ​ដីស្រែ​របស់​គាត់​ដែល​ទុក​ចោល​ជា​យូរ​ឆ្នាំ​មក​ហើយ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​ធ្វើ​ឲ្យ​រូប​គាត់​ភ័យ​ស្ទើរ​លស់​ព្រលឹង ហើយ​ក៏​រត់​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ហៅ​ខាង​អ្នកឯកទេស​រាវ​មីន CMAC មក​យក​ចេញ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ធ្វើស្រែ​ស្រួលបួល​ផង ។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ខាងជើង​ឆៀង​ខាងកើត​អណ្តូង​ស​ក្រម ភ្នំ​ខ្សាក ស្ថិត​ក្នុងភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

តាម​សម្តី​របស់​លោក​វរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការ​មូលដ្ឋាន​នៃ​កងរាជអាវុធហត្ថ​ស្រុក​ជីក្រែង បាន​ប្រាប់​«​កោះសន្តិភាព​» ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​មួយ​គ្រួ​សារបាន​ទៅ​ភ្ជួរស្រែ ហើយ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ លោក​ក៏​បានឱ្យ​កម្លាំង​ទៅ​ដល់ទី​នោះ រួច​ក៏​ឃើញ​ដូច​ការ​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ពិតមែន​។ លោក​បន្ត​ថា ក្រោយ​ពី​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ លោក​ក៏​បានឱ្យ​ពួក​គាត់​ឈប់​ភ្ជួរ​សិន រួច​រាយការណ៍​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​របស់ CMAC មក​ជួយ​យក​ចេញ ដើម្បី​ឱ្យ​ពួក​គាត់​បាន​ធ្វើស្រែ ។ លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​វាលស្រែ​របស់​គាត់​នោះ ឈ្មោះ ញ៉ូ​វ ព្រិច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កសិករ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​សាកសួរ​ពលរដ្ឋ​នោះ​មក គាត់​បាន​ប្រាប់​ថា ដីស្រែ​របស់​គាត់​មិន​ដែល​បាន​ធ្វើ​នោះ​ទេ ពួក​គាត់​ទុក​ចោល​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ហើយ​នៅ​ពេល​ដែល​ចាប់ផ្តើម​ភ្ជួរ​ដី​ធ្វើស្រែ ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​តែ​ម្តង ដែល​មាន​ចំនួន​៣០​គ្រាប់ ក្នុង​នោះ​មាន គ្រាប់ B40.5 ចំនួន​២១​គ្រាប់ និង​គ្រាប់​៦២​មី​លី​ម៉ែត្រ ចំនួន​៩​គ្រាប់ ៕