លោក ហ៊ុន សែន​៖ កម្ពុជា​ត្រូវ​តែ​ពង្រឹង​នយោបាយ​ការ​បរទេស

កម្ពុជា បានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី ២៥ នៅប្រទេសម៉ាឡេស៊ី។ នៅក្នុងនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថានយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចប្រទេស។ ជាពិសេសទំនាក់ទំនងជាមួយនឹងប្រទេសរីកចម្រើន។ អ្នកជំនាញបានមើលឃើញថាកម្ពុជាកំពុងដើរនយោបាយចម្រុះពណ៌។

លោក ហ៊ុន សែន​៖ កម្ពុជា​ត្រូវ​តែ​ពង្រឹង​នយោបាយ​ការ​បរទេស

លោកហ៊ុន សែន ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី ២៥ នៅប្រទេសម៉ាឡេស៊ី។

ច្បាស់ណាស់កម្ពុជាត្រូវតែពង្រឹងនយោបាយការទូត និងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសក្នុងពិភពលោក ជាពិសេសប្រទេស ដែលកំពុងរីកចម្រើនផ្នែកសេដ្ឋកិច្ច។ នេះគឺជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលបានថ្លែងនៅក្នុងពិធីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា ទំនាក់ទំនងល្អជាមួយពិភពលោកនឹងនាំឱ្យកម្ពុជាកាន់តែមានឱកាសច្រើនឡើងក្នុងការកសាងប្រទេសជាតិ ព្រោះថាសហគមន៌អន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់ និងការស្វែងយល់អំពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យវិនិយោគទន់ ដែលផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

លោកសុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ និងជាអ្នកជំនាញកិច្ចការបរទេស បានឱ្យដឹងថា កម្ពុជាកំពុងប្រើប្រាស់នយោបាយការបរទេសបែបចម្រុះពណ៌ព្រោះថាបច្ចុប្បន្នពិភពលោកជាពិភពលោកពហុប៉ូល។ កម្ពុជាមានបានចាប់ដៃជាមួយចិនផង ជប៉ុនផងបើទោះបីជាប្រទេសទាំងពីរនេះមានជម្លោះទឹកដីដ៏ស្រួចស្រាវក៏ដោយ។ អ្វីដែលកម្ពុជាមើលឃើញគឺប្រយោជន៍សេដ្ឋកិច្ច និងវិនិយោគពីប្រទេសមហាសេដ្ឋកិច្ចទាំងពីរនេះ។ ក្រៅពីបន្តទំនាក់ទំនងជាមួយអាមេរិក កម្ពុជាក៏បានបើកទំព័រការបរទេសជាថ្មីជាមួយនឹងរុស្ស៊ីថែមទៀតផង។ លោកបណ្ឌិតរូបនេះ បានវាយតម្លៃថា បច្ចុប្បន្នកម្ពុជាបានដើរលើផ្លូវការទូតបានយ៉ាងល្អ ដើម្បីទាញប្រយោជន៍ជាសេដ្ឋកិច្ច និងនយោបាយ។

បើទោះបីជាកម្ពុជាកន្លងទៅមានបរិយាកាសនយោបាយល្អមែន ប៉ុន្តែទំនាក់ទំនងការទូតកម្ពុជា និងបណ្តាប្រទេសបច្ចឹមលោកតែងតែមានភាពល្អកកករ ព្រោះតែកម្តៅនយោបាយនៅក្នុងស្រុក។ ជាក់ស្តែងជម្លោះនយោបាយបច្ចុប្បន្នរវាងបក្សកាន់អំណាច និងបក្សប្រឆាំងនេះ បានញ៉ាំងឱ្យអង្គការសហប្រជាជាតិ សហគមន៍អ៊ឺរ៉ុប និងអាមេរិកផងថ្កោលទោស។ អ្នកវិភាគនយោបាយ លោកបណ្ឌិតរស់ រ៉ាវុធ បានអះអាង ការព្រមានរបស់សហគមន៍អន្តរជាតិនេះ គឺនឹងអាចប៉ះពាល់ដល់នយោបាយការបរទេសផ្នែកសេដ្ឋកិច្ចកម្ពុជាព្រោះថា កម្ពុជានៅត្រូវការទីផ្សារសម្រាប់នាំផលិតផលចេញ៕

ប្រភពៈ RFI