ទម្លាប់​ដែល​ធ្វើឲ្យ​ស្ត្រី ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​

ទម្លាប់​ដែល​ធ្វើឲ្យ​ស្ត្រី ប្រឈម​ខ្ពស់​នឹង​ជំងឺមហារីក​សុដន់​

​សម្រាប់​ស្ត្រី ជំងឺមហារីក​សុដន់ គឺជា​ជំងឺមហារីក ដែល​ត្រូវបាន​គេ​រកឃើញ​ញឹកញាប់​ជាង​គេ​បំផុត​។ អ្នកជំនាញ​និយាយថា ក្នុងចំណោម​ស្ត្រី ៨ នាក់ មាន​ម្នាក់​ហើយ ដែល​រកឃើញ​ជំងឺ​នេះ​ក្នុង​ជីវិត​។

​ខាងក្រោម​នេះ គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​គេ​ដឹងថា នឹង​ធ្វើឲ្យ​ស្ត្រី​ប្រឈម​ខ្លាំង នឹង​ជំងឺ​ហា​រីក​សុដន់​។ ដូច្នេះ បើសិន​ជា​អ្នក​ដឹងខ្លួន​ថា មាន​ទម្លាប់​ណាមួយ ឬ​ច្រើន​ហើយ វា​គួរតែ​ដល់​ពេល​បញ្ឈប់​វា​ហើយ​។

ជក់បារី​
ចូរ​កុំ​គិតថា ការជក់បារី គ្រាន់តែ​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​មហារីក​សួត​អី​។ អ្នកជំនាញ​និយាយថា ទម្លាប់​ដ៏​អាក្រក់​មួយ​នេះ មាន​ទំនាក់ទំនង​នឹង​មហារីក​សុដន់​ច្រើន​បំផុត ជាពិសេស យុវតី និង​ស្ត្រី​ត្រៀម​រាំងរដូវ​តែម្តង​។ ការសិក្សា​បង្ហាញថា ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់កាល​រាំង​រដូវ ក៏​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺមហារីក​សុដន់​ដែរ បើសិន​ជា​ពួក​គេ​ជក់បារី​។

ស្រូប​ផ្សែង​បារី​ពី​គេ​
ការរស់នៅ​ជាមួយ​អ្នក​ដែល​ជក់បារី ក៏​ប្រឈម​ខ្លាំង​នឹង​ជំងឺ បណ្តាល​ឲ្យ​ឆាប់​ស្លាប់​ដែរ ព្រោះ​ថា​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ នឹង​មាន​សុខភាព​មិនល្អ ដូចគ្នា​នឹង​អ្នក​ជក់បារី​ផ្ទាល់​អញ្ជឹង​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
យោង​ទៅ​តាម​ការស្រាវជ្រាវ​ជាច្រើន​បានឲ្យដឹងថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក ពិតជា​មាន​ទំនាក់ទំនង នឹង​ការ​កើត​ជំងឺមហារីក​សុដន់​ដែរ​។ បើសិន​ជា​អ្នក​មិន​អាច​ឈប់​តែម្តង​ទេនោះ ចូរ​កាត់បន្ថយ​វា​មក​ត្រឹមតែ​ញ៉ាំ​ម្តង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ព្រោះ​វា​ក៏​ជា​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ដែរ​។

មិន​ហាត់ប្រាណ​
ការរស់នៅ​បែប​ស៊ី​ដេកៗ អាច​ប្រឈម​កាន់តែខ្លាំង នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ ហើយ​ក្នុងនោះ​ក៏​មាន​ជំងឺ​មហារីក​សុដន់​ដែរ​។ ដើម្បី​កាត់បន្ថយ​ឱកាស កើត​ជំងឺ​ទាំងនេះ អ្នក​គួរតែ​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម​ទៅ​ខ្លាំងក្លា​ចំនួន ៤ ទៅ ៧ ម៉ោង​ក្នុង​មួយ​សប្តាហ៍ ដោយ​មួយថ្ងៃ​ចាប់ពី ៣០ នាទី ទៅ ១ ម៉ោង​។

ធាត់​ជ្រុល​
គេ​និយាយថា ស្ត្រី​ដែល​ធា​ត់ គឺ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​មហារីក​សុដន់ ជាង​ស្ត្រី​ដែល​មាន​ទម្ងន់​ស្តង់ដា​។​

ក្រ​ចូល​គេង​ពេក​
ការធ្វើ​ការងារ​ដល់​យប់​ជ្រៅ អាច​រំខាន​ដល់​ចង្វាក់​នៃ​ការ​គេង​របស់​អ្នក ហើយ​វា​ក៏​មិន​ត្រឹមតែ​ធ្វើឲ្យ​មាន​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង​ទេ តែ​ក៏​ងាយ​នឹង​កើត​ជំងឺ​មហារីក​សុដន់​ដែរ​។ គេ​និយាយថា រឿង​នេះ​ដោយសារ​តែ​ការ​គេង​មិនបាន​គ្រប់គ្រាន់ ធ្វើឲ្យ​កាត់បន្ថយ​ការផលិត​សារធាតុ Melatonin ដែល​ជា​អ័រម៉ូន​គេង​។ ការសិក្សា​បង្ហាញថា ស្ត្រី​ដែល​មាន​ជំងឺមហារីក​សុដន់ គឺ​មាន​អ័រម៉ូន​មួយ​នេះ​តិច​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។