លោកតា​ម្នាក់ ​វង្វេងស្មារតី​ដើរទៅ​ចុះ​ក្នុង​ស្រះ ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម

លោកតា​ម្នាក់ ​វង្វេងស្មារតី​ដើរទៅ​ចុះ​ក្នុង​ស្រះ ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម



បន្ទាយមានជ័យ​ ៖ ​លោក​តា​អាយុ​ជិត​៩០​ឆ្នាំ​ម្នាក់​ បាន​វង្វេងស្មារតី​ដើរ​ចុះ​ស្រះទឹក​​​​​ជិត​ផ្ទះ​ រួច​ក៏​បាន​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​៣​ ខែ​មិថុនា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​ស្រះ​ទឹក​មុខ​ផ្ទះ​ជនរងគ្រោះ​ចម្ងាយ ១០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ សាយ​សាម៉ន ឃុំ ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី រស់ ​សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មាន​ ឈ្មោះ ​អែម វាំង ភេទ​ប្រុស​ អាយុ​៨៥​ឆ្នាំ ​រស់នៅ​ភូមិ​សាយ​សាម៉ន ឃុំ​ចំណោម ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ។

លោក ​រស់​ សំបូរ​ បាន​បញ្ជាក់​ទៀត​ថា ​​ ​លោកតា​ អែម ​វាំង ​​​ជា​ចាស់ជរា​វង្វេង​ស្មារតី ​​ហើយ​នៅ​ប្រហែល​ម៉ោង​៤​ព្រឹក ​ស្រាប់​តែ​បាត់​គាត់​ពី​ផ្ទះ ​លុះ​ម៉ោង​៦​ព្រឹក ​​​អ្នកភូមិ​បាន​មក​ប្រាប់​ថា ​លោកតា​ អែម ​វាំង​ បាន​លង់ទឹក​នៅ​ជិត​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ។

ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ស្រង់​លោកតា​យក​មក​ដាក់​នៅផ្ទះ ​រួច​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សព។ សមត្ថកិច្ច​ បាន​ធ្វើការ​សន្និដ្ឋាន​ថា ​សព​លោកតា​នេះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ពិតប្រាកដ​ ពុំ​មាន​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នោះ​ទេ។ សព​​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​តែម្តង៕