សាកលវិទ្យាល័យ AUPP ភ្នំពេញ នឹង​ផ្តល់​សញ្ញាប័ត្រ​ចំនួន​២​ដល់​និស្សិត​កម្ពុជា​

សាកលវិទ្យាល័យ AUPP ភ្នំពេញ នឹង​ផ្តល់​សញ្ញាប័ត្រ​ចំនួន​២​ដល់​និស្សិត​កម្ពុជា​



ភ្នំពេញ ​៖ ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង​សាកលវិទ្យាល័យ Fort Hays State University សហរដ្ឋអាមេរិក (FHSU) កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​សហ​ប្រតិបត្តិការ​លើ​កម្មវិធី​សិក្សា​ទទួល​បាន​សញ្ញាប័ត្រ​ពីរ ដែល​កិច្ចព្រមព្រៀង​នេះ ក៏​អនុញ្ញាត​ឲ្យ​និស្សិត AUPP ទៅ​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ FHSU នៅ​សហរដ្ឋអាមេរិក​មួយ ឬ​ពីរ​ឆមាស។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ពី​សាកលវិទ្យាល័យ AUPP និង​សាកលវិទ្យាល័យ FHSU បាន​ឲ្យ​ដឹង​ថា ចាប់ពី​ចុង​ឆ្នាំ​២០១៦ នេះ​ទៅ និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ AUPP អាច​ទទួល​បាន សញ្ញាប័ត្រ​មកពី​សហរដ្ឋអាមេរិក ខណៈ​ដែល​ពួកគេ​សិក្សា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ឡើយ។ នេះ​ជា​លើកទីមួយ​ហើយ​ ដែល​និស្សិត​កម្ពុជា​អាច​ទទួល​បាន​បរិញ្ញាបត្រ​អាមេរិកាំង​តាមរយៈ​ការសិក្សា​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធីសិក្សា​ដែល​ផ្ដល់​ឲ្យ​ដោយ AUPP និង​FHSU គឺជា​កម្មវិធី​ដែល​និស្សិត​ទទួល​បាន​សញ្ញាប័ត្រ​ពីរ ​(Dual Degree)។ កម្មវិធី Dual Degree មានន័យថា បន្ទាប់ពី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ក្នុង​កម្មវិធីសិក្សា​បួន​ឆ្នាំ​របស់​ខ្លួន និស្សិត AUPP នឹង​ទទួល​បាន​បរិញ្ញាបត្រ​ពីរ​ក្នុង​ពេល​តែមួយ គឺ​សញ្ញាប័ត្រ​មួយ​ពី​សាកលវិទ្យាល័យ AUPP និង​មួយទៀត​ពី​សាកលវិទ្យាល័យ FHSU។

លោកស្រី​សាស្ត្រាចារ្យ​បណ្ឌិត Mirta Martin សកលវិទ្យាធិការ FHSU បាន​មានប្រសាសន៍ថា “​សាកល វិទ្យាល័យ FHSU មាន​សេចក្តី​រីករាយ​សម្រាប់​ឱកាស​ដ៏​វិសេសវិសាល ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​ភាពជា ដៃគូ​​ជា​លើកទីមួយ​របស់​ខ្លួន​ជាមួយ​សាកលវិទ្យាល័យ AUPP​។ យើង​នឹង​ធ្វើការ​រួមគ្នា ដើម្បី​មានលទ្ធភាព ផ្តល់​ដល់​អ្នកដឹកនាំ​សាកល​ជំនាន់​ក្រោយ នូវ​ការអប់រំ​ដែល​ល្អ​បំផុត ដែល​នឹង​មិន​ត្រឹមតែ មាន​ឥទ្ធិពល​មក លើ​ជីវិត​របស់​ពួកគេ និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពិសេស​ជាង​នេះទៅទៀត វា​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាននូវ ចំណេះដឹង និង​គតិបណ្ឌិត ដើម្បី​ធ្វើឲ្យ​ពិភពលោក​មាន​វឌ្ឍនភាព​ជា​វិជ្ជមាន។

ចំណែក​លោក​សាស្ត្រាចារ្យ​បណ្ឌិត ប្រ៊ូ​ស ថេ​លឺ (Bruce Taylor) ​សកលវិទ្យាធិការ​ AUPP បាន​ថ្លែង​ថា “​នេះ​ជា​ឱកាស ដ៏​វិសេសវិសាល​សម្រាប់​និស្សិត​កម្ពុជា។ តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ FHSU នេះ និស្សិត​កម្ពុជា និង​និស្សិត​ក្នុង​តំបន់​កាន់តែ​ច្រើន​ឡើង ​និង​មាន​លទ្ធភាព​ទទួល​បាន​ការអប់រំ​អាមេរិក​កាំង ហើយ​និង​លែង​ជា​ក្តី​បារម្ភ​លើ​ការ​ចំណាយ​ខ្ពស់ និង​ការ​ធ្វើដំណើរ ឆ្ងាយ​ដើម្បី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ទៀតហើយ​។ យើង​រីករាយ​ធ្វើការ​រួមគ្នា​ជាមួយ FHSU ដើម្បី​ផ្តល់​នូវ​កម្មវិធីសិក្សា​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព ខ្ពស់​បំផុត ដែល​នឹង​ចូល​រួម​ចំណែក​ផ្តល់​ដល់​កម្ពុជា​នូវ​ពលរដ្ឋ​ប្រកបដោយ​ការអប់រំ ដែល​ជា​លក្ខខណ្ឌ ចាំបាច់​សម្រាប់​វឌ្ឍនភាព​សង្គម និង​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

លោក Bruce Taylor បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​មក​ប្រទេស​កម្ពុជា​រយៈពេល​៣ សប្តាហ៍​មក​ហើយ​។ លោក​បន្ត​ថា នៅ​ទីនេះ​មានការ​ងារ​ជាច្រើន​ ដែល​លោក​ត្រូវ​ធ្វើ ហើយ​អ្វី​ដែល​ពិសេស​ជាងគេ គឺ​ការស្រាវជ្រាវ និង​សិក្សា​នូវ​ចំណេះដឹង​របស់​សិស្ស​និស្សិត​ខ្មែរ ដែល​ខំប្រឹង​ប្រែង​រៀនសូត្រ​និង​ទទួល​បាន​សញ្ញាប័ត្រ​ក្រៅ​ប្រទេស ដោយ​មិន​ចាំ​ទៅ​រៀន​នៅ​ទីនោះ ហើយ​ប្អូនៗ​ជា​យុវជន​ជំនាន់​ថ្មី ក្រេប​យក​នូវ​ចំណេះវិជ្ជា​ថ្មី​ផង​ដែរ។

លោក​Bruce Taylor បាន​បញ្ជាក់​ថា រយៈពេល​៣ សប្តាហ៍ ដែល​លោក​មក​ប្រទេស​កម្ពុជា​នេះ ក៏មាន​អង្គការ​ជាច្រើន​បាន​មក​ស្រុក​ខ្មែរ និង​បាន​ចូលរួម​អភិ​វ​ឌ្ឃ និង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​បន្ទាប់ពី​បាន​ឆ្លងកាត់​សម័យកាល​សង្គ្រាម ហើយ​អ្វី​ដែល​សំខាន់ គឺ​លក្ខណៈ​ពិសេស​របស់​សាកលវិទ្យាល័យ​អាមេរិកាំង គឺ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​នានា​នៅ​ក្រៅ​ប្រទេស​ដោយ​និស្សិត​គ្រប់រូប មិន​ចាំបាច់​ទៅ​រៀន​ទេ នៅ​ស្រុក​ខ្មែរ ក៏​អាច​ទទួល​សញ្ញាប័ត្រ​បានដែរ​។ សាកលវិទ្យាល័យ​អាមេរិកាំង​បាន​បើកឱកាស​ដ៏​ធំធេង​ដល់​និស្សិត និង​យុវជន​កម្ពុជា ព្រោះតែ​និស្សិត​កម្ពុជា​បច្ចុប្បន្ន​មាន​ភាព​វៃឆ្លាត និង​មាន​ចំណេះដឹង​ច្រើនជាង​ពេលមុនៗ។

លោក Bruce Taylor ឲ្យ​ដឹង​ទៀត​ថា សាកលវិទ្យាល័យ​មួយ​នេះ​មាន​ប្រវត្តិ​យូរអង្វែង​មក​ហើយ នៅ​អាមេរិក ហើយ​ទើប​មក​បង្កើត​ថ្មី​នៅ​ស្រុក​ខ្មែរ​។ កាល​ពីពេល​ថ្មីៗ​នេះ​ក៏​មាន​សាកលវិទ្យាល័យ​មួ​យមក​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ AUPP នេះ​ផង​ដែរ ហើយ​នៅ​អំឡុង​ក្នុង​ខែ​៨ នឹង​មាន​សាកល​វិទ្យា​ជាច្រើន​និង​មក​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​នៅ​ស្រុក​ខ្មែរ​បន្ថែម​ទៀត​ផង​ដែរ។

សូម​បញ្ជាក់ថា FHSU គឺជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​គុណ​ភាព​អប់រំ​នៅ​សហរដ្ឋអាមេរិក ដោយ​គណៈកម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​ឧត្ដម​សិក្សា​សហរដ្ឋ​អាមេរិក (Higher Learning Commission) និង​មាន​ទីតាំង​ស្ថិតនៅ​ទីក្រុង​ហេ នៃ​រដ្ឋ​កាន់​សាស​។ AUPP គឺជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯកជន​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ផ្តល់​នូវ​ការអប់រំ​ប្រកបដោយ​គុណវុឌ្ឍិ​ខ្ពស់​បំផុត ស្របតាម​ការអប់រំ​បែប​អាមេរិកាំង និង​ស្តង់ដារ​អន្តរជាតិ​៕
សាកលវិទ្យាល័យ AUPP ភ្នំពេញ នឹង​ផ្តល់​សញ្ញាប័ត្រ​ចំនួន​២​ដល់​និស្សិត​កម្ពុជា​

សាកលវិទ្យាល័យ AUPP ភ្នំពេញ នឹង​ផ្តល់​សញ្ញាប័ត្រ​ចំនួន​២​ដល់​និស្សិត​កម្ពុជា​

សាកលវិទ្យាល័យ AUPP ភ្នំពេញ នឹង​ផ្តល់​សញ្ញាប័ត្រ​ចំនួន​២​ដល់​និស្សិត​កម្ពុជា​

សាកលវិទ្យាល័យ AUPP ភ្នំពេញ នឹង​ផ្តល់​សញ្ញាប័ត្រ​ចំនួន​២​ដល់​និស្សិត​កម្ពុជា​