​រន្ធត់​តក់ស្លុត សំណាង​១​ក្នុង១ពាន់​គ្រោះ​ថ្នាក់លើ​បង្គោល​ភ្លើង

​រន្ធត់​តក់ស្លុត សំណាង​១​ក្នុង១ពាន់​គ្រោះ​ថ្នាក់លើ​បង្គោល​ភ្លើង



ខេត្តបន្ទាយមានជ័យ ៖ ​នៅ​កន្លែង​កើតហេតុ​នរណា​ៗ​ក៏​មានការ​ញាក់សាច់ និង​រន្ធត់​តក់ស្លុត​ក្នុង​ចិត្ត​ដែរ ព្រោះពេល​ឃើញ​ជន​រង​គ្រោះ​សំយុងក្បាល​ចុះ​មក​ក្រោម ព្យួរ​ខ្លួន​ស្ដោក​បែប​នេះ ប៉ុន្តែ​មិន​ធ្លាក់​ទេ ព្រោះ​បាន​ខ្សែក្រវាត់​សុវត្ថិភាព​ចង្កេះ​ភ្ជាប់​ទៅ​នឹង​បង្គោល​ភ្លើង ដែល​ជា​សម្ភារ​សម្រាប់​អ្នកបច្ចេកទេស​អគ្គិសនី ។

ជន​រង​គ្រោះដែល​សំយុងក្បាល​ចុះ​មក​ក្រោម គឺជាបុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ផ្នែក​ត​ភ្លើង​ម្នាក់ ​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក កាលពី​វេលា​ម៉ោង​១០​ថ្ងៃ​ទី​៣ មិថុនា នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នកស្រុក​ដែល​នាំ​គ្នា​ឈរ​មើល​ព្រាង​ព្រាត មាន​អ្នកខ្លះ​ដាក់​ការ​សង្ស័យ​ថា ជន​រង​គ្រោះ​ទំនង​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​ក្រុម​បុគ្គលិក​ត​ភ្លើង​រួម​អាជីព​បិទ​បា​រ៉ែត​ភ្លើង ហើយ​នាំ​គ្នា​ឡើង​ទៅ​ជួយ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បានដឹង​ខ្លួន​ឡើង​វិញ និង​រួច​ផុត​ជីវិត​។ ជន​រង​គ្រោះ ខណៈ​ពេល​ត្រូវ​បាន​សង្គ្រោះ​យោង​ចុះ​មក​ដល់​ដី គេ​មិន​ផ្ដល់​អត្តសញ្ញាណ​ទេ ដោយ​គ្រាន់តែ​និយាយ​យ៉ាង​ខ្លី​ថា ពេល​ឡើង​ត​ភ្លើង​នោះ​ជើង​របស់​គាត់​ប៉ះ នឹង​ខ្សែភ្លើង ហើយ​ដៃ​របស់​គាត់​បាន​តោង​ចំ​ម៉ាស់ ទើប​បណ្ដាល​ឱ្យ​ឆក់​ចរន្ត​យ៉ាង​ដូច្នេះ ។

បញ្ហា​នេះ ចាត់​ទុក​សំណាង​មួយ​ក្នុង​១០០០​គ្រោះថ្នាក់ ដែល​ការ​ឆក់​ចរន្តអគ្គិសនី​លើ​បង្គោល​ភ្លើង​បែប​នេះ តិច​ណាស់់​បាន​គេច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ គេ​បាន​គិត​ថា ប្រសិនបើ​ជាងភ្លើង​រូប​នោះ មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ទេ​នោះ ពេល​ឆក់​ភ្ញាក់​នោះ ច្បាស់​ជា​ធ្លាក់​មក​ដល់​ដី​ស្លាប់​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​អាយុ​ថ្លៃ​មែន ដូច​ពាក្យចាស់​ពោល​ថា «​អាយុ​មិន​ទាន់​អស់ មិន​ងាយ​ស្លាប់​ទេ​» ៕