រឿង​ដឹកឈើ​ប្រណីត​មក​ធ្វើ​អគារ​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​

​ក្នុងខណៈដែល​ក្រុម​ឈ្មួញ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះ គឺ​ករណី​ដឹកជញ្ជូន​ឈើ​ប្រណីត​មក​ធ្វើ​អគារ​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម ក៏​ធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​និង​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដែរ​។ មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្សជំទាស់​ក្នុង​ខេត្តកំពង់ចាម បាន​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​បង្ហាញ​ពី​តម្លាភាព​ជុំវិញ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគូប​មក​ធ្វើ​អគារ​រដ្ឋបាល​សាលាខេត្ត​។ បញ្ហា​នេះ​លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម គួរ​លាតត្រដាង​បញ្ហា​នេះ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​សង្ស័យ​តទៅទៀត​។

សំណើ​របស់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​មន្ត្រី​គណបក្សជំទាស់ បាន​កើតឡើង​បន្ទាប់ពី​ឃើញ​មាន​លិខិត​របស់​អភិបាលខេត្ត​កំពង់ចាម ស្នើ​ឲ្យ​អភិបាលខេត្ត​ចំនួន​៣​ផ្សេងទៀត គឺ​ខេត្តមណ្ឌលគិរី ក្រចេះ និង​ត្បូងឃ្មុំ ជួយ​សម្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ជាង​២០​ម៉ែត្រគូប ដើម្បី​យកមក​ធ្វើជា​គ្រឿង​សង្ហា​រឹម​ក្នុង​អគារ​រដ្ឋបាល​ថ្មី​មួយ​ខ្នង​សម្រាប់ធ្វើ​ការងារ​។ មន្ត្រី​សង្គម​ស៊ីវិល​និង​មន្ត្រី​គណបក្សជំទាស់ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត​ខុស​ផែនការ​ប្រសិនបើ​លោក លន់ លឹម​ថៃ មិន​បង្ហាញ​តម្លាភាព​ទេនោះ​។ ជាពិសេស​ក្នុង​លិខិត​គប្បី​បញ្ជាក់​ការ​បរិច្ឆេទ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឲ្យ​បានច្បាស់លាស់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជន​ឱកាសនិយម​ប្រើប្រាស់​លិខិត​នោះ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ទន្ទឹមនឹង​នេះដែរ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ គួរ​តាមដាន​បញ្ហា​នេះ​ឲ្យ​បានច្បាស់លាស់​។

មន្ត្រី​សង្គម​ស៊ីវិល​បាន​លើកឡើងថា​អាជ្ញាធរខេត្ត​កំពង់ចាម គប្បី​ធ្វើ​ការងារ​នេះ​ប្រកបដោយ​តម្លាភាព​ចៀសវាង​កុំ​ឲ្យ​ឈ្មួញ​ឬ​ជន​ឆ្លៀតឱកាស​យក​លិខិត​នោះ ទៅ​ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ បើ​មិន​ដូច្នេះ​ទេ​អាច​កើតមាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ខេត្តកំពង់ចាម យកទៅលក់​នៅ​ស្រុក​យួន ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​មន្ត្រី​ពុករលួយ​និង​ឈ្មួញ​ខិលខូច​។ មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សាន សឿន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦​ថា អគារ​រដ្ឋបាល​សាលាខេត្ត​កំពុង​កសាង​ថ្មី​មួយ​ខ្នង​ពិតមែន ប៉ុន្តែ​ក្រុមប្រឹក្សា​ខេត្ត​ខាង​គណបក្សជំទាស់​មិនបាន​ដឹង​រាល់​តម្លៃ​និង​ការចាយវាយ​លើ​សម្ភារៈ​យ៉ាងណា​នោះទេ ហើយក៏​មិនដឹងថា ក្រុមហ៊ុន​ណា​ជា​អ្នកម៉ៅការ​សាងសង់​នោះដែរ​។ សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​ពី​គណបក្សជំទាស់ ចង់​ឲ្យ​មានការ​ត្រួតពិនិត្យ​ប្រកបដោយ​តម្លាភាព ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ដឹកឈើ​ប្រណីត​ហួស​ពី​សាលាខេត្ត​កំពង់ចាម​៕

258-copyលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម