រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ក្រុង​ប៉ោយប៉ែត កើតឡើង​យ៉ាង​រាលដាល​ដោយមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ

លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​បើកដៃ​ឲ្យ​លោក នៅ និល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប៉ោយប៉ែត ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ជាក់ស្ដែង​នៅក្នុង​ក្រុង​ប៉ោយប៉ែត មាន​រោង​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​ដែលមាន​ម៉ាស៊ីន​រ៉ៃ​ទទឹង​១,២​ម៉ែត្រ​របស់​ឈ្មោះ ម៉ាប់ នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មាន​របង​ស័​ង្ត​សី​បិទ​ជិត​ហើយ​មាន​ស្តុក​ឈើ​ប្រណីត​យ៉ាងច្រើន​នៅក្នុង​នោះ​។ រោង​អារឈើ​នេះ​មាន​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​មានមុខ​កាត់​ធំៗ និង​ស៊ីឈ្នួល​អារច្រៀក​ឈើ​ឲ្យ​ឈ្មួញ​មួយចំនួនទៀត​ផងដែរ​។

ប្រភពពី​ពលរដ្ឋ​នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រៅពី​រោង​អារឈើ​របស់​ឈ្មោះ ម៉ាប់ គឺមាន​សិប្បកម្ម​កែច្នៃ​ឈើ​ខ្នាតតូច​ខ្នាត​ធំ​ជាច្រើន​កន្លែង ហើយ​គ្រប់កន្លែង​ទាំងនោះ​សុទ្ធ​តែមាន​ស្តុក​ឈើ​ប្រណីត​។ ម្ចាស់​សិប្បកម្ម​ទាំងនោះ​ភាគច្រើន​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូល​នៅពេល​យប់ ដោយមាន​ការឃុបឃិត​ជាមួយ​លោក នៅ និល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប៉ោយប៉ែត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ចំណែក​លោក ជា ផល្លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបន្ទាយមានជ័យ ក៏​ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​លោក នៅ និល ជាប្រចាំ​ផងដែរ ទើប​បណ្ដោយ​ឲ្យ​រោង​សិប្បកម្ម​អារឈើ​និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ក្នុង​ក្រុង​ប៉ោយប៉ែត រាលដាល​យ៉ាង​ពេញបន្ទុក​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា នៅក្នុង​ក្រុង​ប៉ោយប៉ែត មាន​សំណង់ផ្ទះ​វីឡា ផ្ទះល្វែង និង​សំណង់​អគារ​ផ្សេងៗ​ទៀត​កើតឡើង​យ៉ាងច្រើន ហើយ​ម្ចាស់​សំណង់​ទាំងនោះ​ត្រូវការ​ឈើ​ប្រណីត​ធ្វើជា​គ្រឿង​សង្ហា​រឹម​ដើម្បី​លម្អ​។ ប្រការ​នេះហើយ​ដែល​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​កែច្នៃ​ឈើ​ប្រណីត​ក្នុង​ក្រុង​ប៉ោយប៉ែត កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ដែលជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក នៅ និល និង​មន្ត្រីក្រោមឱវាទ​។ តាម​ប្រភពពី​ម្ចាស់​រោង​អារឈើ​និង​ម្ចាស់​សិប្បកម្ម​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​ឲ្យ​លោក នៅ និល ជាប្រចាំ​ទើប​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការបង្ក្រាប​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​បទល្មើស​ព្រៃឈើ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង​៕

r-pet-timber1-500x500លោក នៅ និល នាយសង្កាត់រដ្ឋបាលព្រៃឈើប៉ោយប៉ែត r-pet-timber-500x281រោងសិប្បកម្មនៅក្រុងប៉ោយប៉ែត