​លោក កឹម សុខា ស្នើ​អ្នកគាំទ្រ​ឲ្យ​មាន​ភាពរឹងមាំ និង សូម​បន្ដ​ការតស៊ូ​ដោយ​អហិង្សា​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​សៅរ៍ ទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ រូបលោក​ក្នុងនាម​ជា​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​ដែលជា​ក្រុមការងារ ក្រុម​ទ្រទ្រង់ គណៈកម្មាធិការ​ប្រតិ​ប​ត្ដិ ខេត្ដ​-​ស្រុក​-​ក្រុង​។ ការជួបពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ ត្រូវគេ​សង្កេតឃើញថា​ធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រង​ការយាយី​។​

លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅថ្ងៃនេះ បាន​ពន្យល់ថា​ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ​លោក​បាន​ជម្រាប​អ្នកគាំទ្រ​ពី​ភាពរឹងមាំ​របស់លោក ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គោលជំហរ​នយោបាយ​រប​ស់​គណបកស​ង្គ្រោះ​ជាតិ​នៅតែ​ឆ្ពោះទៅមុខ​ដដែល​។ លោក កឹម សុខា បាន​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ដ​ការតស៊ូ​ដោយ​អហិង្សា​តទៅទៀត ទោះ​ស្ថិតក្នុង​ស្ថានការណ៍​លំបាក​យ៉ាងណាក៏ដោយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា អ្វីដែល​លោក កឹម សុខា បានបញ្ជាក់​ម្តង​ហើយ​ម្តងទៀត លោក​មិន​ចេញទៅ​ណា​ទេ​។ លោក កឹម សុខា  នឹង​តស៊ូ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រហូត ទោះបី​មានការ​ប៉ុនប៉ង​ចាប់ខ្លួន​របស់លោក ក៏ដោយ លោក​សុខចិត្ត​ធ្វើ​ពលិកម្ម ដើម្បី​សង្គ្រោះ​ជាតិ​យើង​ឲ្យ​ទាល់តែ​បាន​។​

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា កំពុងស្នាក់នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ នៅពេលនេះ​លោក កឹម សុខា មាន​សុខភាព​ល្អជា​ធម្មតា​ទេ ប៉ុន្ដែ​ស្រក​គីឡូ ស្គម​ជាង​មុន​។ មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា មូលហេតុ​ដែល​លោក កឹម សុខា ស្រក​គីឡូ​ស្គម​ជាង​មុន ដោយសារតែ​លោក​មាន​ការគិត​ច្រើន​ក្នុង​ការរក​ដំណោះស្រាយ​នយោបាយ ជាពិសេស​មានការ​ទទួល​ជួប​អ្នកគាំទ្រ​ច្រើន​នៅ​ទីស្នាក់ការ​គណបក្ស​ទើប​មិនសូវ​បាន​សម្រាក​៕

13315655_1117604968296235_4832704276954111725_n13339728_1117605728296159_4116237595419872768_n 13325647_1137639406299523_4164662723942204094_n 13331143_1374231062594189_1290052907741351073_n