រឿងក្ដី​បាត់​ម៉ុង,​ ម្ចាស់​ម៉ុង​ពិត​ ចេញមុខ​បកស្រាយ​

រឿងក្ដី​បាត់​ម៉ុង,​ ម្ចាស់​ម៉ុង​ពិត​ ចេញមុខ​បកស្រាយ​



ភ្នំពេញ ៖ កាល​ពី​ពេល​ថ្មីៗ​នេះ មាន​បុរស-ស្ត្រី​មួយ​ក្រុម​ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​សាលាសង្កាត់​ឃ្មួញ​ថា ​ពួកគេ​បាន​បាត់​ម៉ុង​ខ្មោច ( ផ្នូរ​ខ្មោច )​ ដូនតា​ចំនួន​៣​ ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ។​

ឥឡូវនេះ ​ស្រាប់តែ​ម្ចាស់​ម៉ុង​ពិតប្រាកដ​បាន​ចេញ​មុខ​មក​បកស្រាយ និង​ដាក់​លិខិតស្នាម​ជូន​លោក​ចៅសង្កាត់​ឃ្មួញ​វិញ​ឲ្យ​​ជ្រាប​ថា ​ម៉ុង​សព​ទាំង​៣​នោះ ​អត់​បាត់​ទៅ​ណា​ទេ គឺ​កូនចៅ​គ្រាន់តែ​កែលំអ​ឲ្យ​មាន​សោភ័ណភាព​ឲ្យ​​ស្រស់​ស្អាតបាត​ស័ក្ដិសម​ជាទី​សក្ការបូជា​ប៉ុណ្ណោះ។

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​សង្កាត់​ឃ្មួញ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០១៦ ឈ្មោះ ឡាយ វេ​ង​ថា​ង, ឈ្មោះ​ ស៊ីវ ហួយ, ឈ្មោះ ឡាំ ធួន​តេ,​ ឈ្មោះ ឡាយ ខេង, ឈ្មោះ ងួន ដាវី, ឈ្មោះ អ៊ឹ​ង ស៊ី ណា​រិ​ទ្ធ បាន​ដាក់​ពាក្យបណ្ដឹង​ស្ដីពី​ការ​បាត់​ផ្នូរ​ចូល​មក​សាលាសង្កាត់​ឃ្មួញ ដោយ​ចោទ​ប្រកាន់​ថា​ឈ្មោះ ឡាយ សម្បត្តិ បាន​លក់​ដី​ផ្នូរ​បុរាណ​ពី​ដូនតា​ចំនួន​៣​ផ្នូរ។ ឥឡូវនេះ​ស្រាប់តែ ​លោក ឡាយ សម្បត្តិ ដែល​ជា​ម្ចាស់​ផ្នូរ​ និង​ជា​អ្នក​ជំនាន់​ក្រោយ​ទទួល​បាន​នូវ​មរតក​ផ្នូរ​នេះ​ បាន​ចេញ​មុខ​មក​សា​លា​សង្កាត់​ឃ្មួញ​បកស្រាយ​អំពី​ករណី​យល់​ច្រឡំ​នេះ​ថា​ ផ្នូរ​ដូនតា​ទាំង​៣​នោះ​អត់​បាត់​ទៅណា​ទេ។

អាជ្ញាធរ​សង្កាត់​ឃ្មួញ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​រៀបរាប់​របស់ លោក ឡាយ សម្បត្តិ​ ដោយ​ភ្ជាប់​នឹង​លិខិតស្នាម​ផង​នោះ​ បាន​បញ្ជាក់​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៨១​មក ​ឪពុកម្ដាយ​របស់​ខ្លួន​បាន​ស្រាវជ្រាវ​រក​ផ្នូរ​ជីដូនជីតា​របស់​គាត់​ ដើម្បី​រៀបចំ​សែន​ផ្នូរ​ ឬ​សែន​ឆេងម៉េង​នោះ ទៅតាម​ប្រពៃណី​ជា​រៀង​រាល់​ឆ្នាំ។ កាលនោះ​ដី​ផ្នូរ​នេះ ​ត្រូវ​បាន​រដ្ឋ​អំណាច​បែង​ចែក​ជា​ដីស្រែ​ទៅ​ឲ្យ​​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល ហើយ​លោកតា នួន បឹង ជា​អ្នកកាន់កាប់​ផ្ទាល់។ ក្រោយពី​ទទួល​បាន​ដំណឹង​នេះ​ ឪពុកម្ដាយ​របស់​ខ្លួន​បាន​ទៅ​ជួប​ លោកតា​ នួន បឹង ហើយ​សុំ​ចែក​ចំណែក​ដី​ផ្នូរ​ពី​លោកតា ​នួន ​បឹង ​មកវិញ ​ដោយ​ឲ្យ​ថ្នូរ​គាត់​ជា​មាស​សុទ្ធ​ទម្ងន់​៥​ជី​មាស ហើយ​ឪពុកម្ដាយ​របស់​ខ្លួន​ក៏បាន​គ្រប់គ្រង​ដី​ផ្នូរ​បុរាណ ​រហូត​មក​ដល់​សព្វថ្ងៃ​ដូច​មាន​ក្នុង​លិខិត​ធានា​អះអាង​ចុះ​ថ្ងៃទី​២៤​ ខែ​កុម្ភៈ ឆ្នាំ​២០១៦ របស់​ ឈ្មោះ បឹង ប៉ូ​ញ ជា​កូនប្រុស​របស់​ លោកតា ​នួន បឹង។

ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​ប្រទេសជាតិ​មានការ​អភិវឌ្ឍ និង​កំណើន​ប្រជាពលរដ្ឋ ​ដី​នៅ​ជុំវិញ​ផ្នូរ​នោះ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​កកកុញ ម្ចាស់​ដី​នីមួយៗ​ធ្វើ​របង​ព័ទ្ធ​ដី​របស់​គេ​គ្រប់គ្នា ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គាត់​មានការ​លំបាក​ក្នុង​ការ​ចេញ​ចូល​ទៅ​រៀបចំ​សែន​ផ្នូរ ទើប​រូប​គាត់​ជូនដំណឹង​ទៅ​សាច់​ញាតិ​ទាំងអស់ ​ស្ដីពី​ការដោះដូរ​ផ្នូរ​ពី​ទីតាំង​ចាស់ ទៅ​ទីតាំង​ថ្មី ​ស្ថិតនៅ​ភូមិ​ជោ​ទ្រា​ជ​ ឃុំ​ម្កាក់ ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល ពីព្រោះ​ដី​នៅ​ទីនោះ​ធំ​ទូលាយ ងាយ​ក្នុង​ការរៀបចំ មាន​ផ្លូវ​ធំ មាន​កន្លែង​ចត​យានយន្ត និង​ហុងស៊ុយ​ល្អ​បំផុត​ ទើប​រូប​គាត់​បានសម្រេច​ផ្លាស់ប្ដូរ​ទៅ​ដោយ​សាច់ញាតិ​ទាំងអស់​ក៏​ពុំ​ជំទាស់​ដែរ។ ដូច្នេះ​ផ្នូរ​បុរាណ​ទាំង​៣​របស់​ក្រុម​គ្រួសារ​ត្រកូល ឡាយ​មិន​បាត់បង់ ​ឬ​លក់ដូរ​ទៅណា​ទេ៕

រឿងក្ដី​បាត់​ម៉ុង,​ ម្ចាស់​ម៉ុង​ពិត​ ចេញមុខ​បកស្រាយ​