លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី នៅតែ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​

សកម្មជន​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ក្រុង​បាន​លុង និង​ផ្លូវជាតិ​លេខ​៧៨ យកទៅលក់​នៅ​ស្រុក​យួន នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ប្រណីត​ក្នុងព្រៃ​ការពារ ព្រៃ​សហគមន៍ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែនជម្រកសត្វព្រៃ​លំផាត់​ជាដើម នៅតែ​កើតឡើង​យ៉ាង​មហន្តរាយ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ខ្លះ​ផង​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ នៅតែ​កើតមាន​ឥតឈប់ឈរ ហើយ​ឈ្មួញ​ប្រើ​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ​។ ឈ្មួញ​មួយចំនួន​ត្រូវបាន​គេ​ដឹងថា ជា​សាច់ញាតិ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ខេត្តរតនគិរី ហើយ​ខ្លះទៀត​ជា​មន្ត្រី​ប្រដាប់អាវុធ​ក្នុង​ខេត្ត​នេះ ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​បានត្រឹមតែ​ទទួលយក​ផលប្រយោជន៍​បន្តិចបន្តួច​យ៉ាង​ស្ងៀមស្ងាត់​។ បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន មិន​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ រថយន្ត​ឡង់​គ្រឺ​ស័​រ​ដឹកឈើ​ប្រណីត​១​គ្រឿង ត្រូវបាន​សមត្ថកិច្ច​គ​យ​ខេត្តរតនគិរី និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាបបាន​ក្នុងព្រៃ​នៅ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​បង្ក្រាបបាន​ឲ្យ​ដឹងថា រថយន្ត​ឡង់​គ្រឺ​ស័​រ​នោះ​បម្រុង​ដឹកឈើ​ប្រណីត​ចេញ​តាម​ច្រករបៀង​ភូមិ​ភិ ប៉ុន្តែ​មិនទាន់​ដល់​គោលដៅ​នៅឡើយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន ហើយ​អ្នកបើកបរ​រថយន្តរ​ត់​ចូល​ព្រៃ​បាត់​។ ទោះជា​យ៉ាងណា​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​រិះគន់ថា ការបង្ក្រាប​រថយន្ត​ឡង់​គ្រឺ​ស័​រដឹក​ឈើ​ប្រណីត​នៅ​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ កាលពី​ថ្ងៃទី​០២ ខែមិថុនា គឺ​ដោយសារតែ​ម្ចាស់​រថយន្ត​ដឹកឈើ​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ការកំណត់ ប្រសិនបើ​មានការ​សម្របសម្រួល​នោះ​ប្រាកដជា​អាច​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព​៕

d-c-tim1-500x281 d-c-timber-500x281