ក្រសួងសុខាភិបាល គួរ​ចាត់វិធានការ​លើ​ម្ចាស់​គ្លីនិក​សម្ភព​សុខា​បញ្ញា តាមច្បាប់​

ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​ជំរុញ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​តាមច្បាប់​ទៅលើ​ម្ចាស់​គ្លីនិក​សម្ភព​សុខា​បញ្ញា ដើម្បី​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការវះកាត់​ពោះវៀន​ដុះ​ខ្នែង​បណ្ដាល​ឲ្យ​អ្នកជំងឺ​ម្នាក់​ស្លាប់​។ សេចក្ដីអំពាវនាវ​រប​ស់​ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ បាន​កើតឡើង​បន្ទាប់ពី​ម្ចាស់​គ្លីនិក​សម្ភព​សុខា​បញ្ញា ឈ្មោះ កែវ គៀត​ឆូ​ហ្វ ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្ដឹង​ពាក់ព័ន្ធ​នឹង​ការវះកាត់​ពោះវៀន​ដុះ​ខ្នែង​បណ្ដាល​ឲ្យ​អ្នកជំងឺ​ស្លាប់ ហើយ​មិន​ទទួលខុសត្រូវ​។ លើស​នេះ​ទៅទៀត​ឈ្មោះ កែវ គៀង​ឆូ​ហ្វ ទំនង​ជាមាន​ខ្នងបង្អែក​រឹងមាំ បាន​ផ្គើន​ជំរុញ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្ដឹងទៅ​សមត្ថកិច្ច​ទៀតផង​។

សូមបញ្ជាក់ថា ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​បន្ទាប់ពី​គ្រូពេទ្យ​គ្លីនិក​សម្ភព​សុខា​បញ្ញា វះកាត់​ពោះវៀន​ដុះ​ខ្នែង​បាន​៤​ថ្ងៃនោះ មានឈ្មោះ ឆែម អាត ភេទ​ស្រី អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែអំពិល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​គ្រូពេទ្យ​ដែល​រង​ការចោទប្រកាន់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​នោះ មានឈ្មោះ កែវ គៀត​ឆូ​ហ្វ អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ហើយ​ជា​ប្រធាន​គ្លីនិក​សម្ភព​សុខា​បញ្ញា​។ ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៦​។ ការវះកាត់​អ្នកជំងឺ​ឈ្មោះ ឆែម អាត គឺ​គ្រូពេទ្យ​ឈ្មោះ កែវ គៀត​ឆូ​ហ្វ តម្រូវ​ឲ្យ​បង់លុយ​៥៥០​ដុល្លារ ប៉ុន្តែ​ក្រោយ​វះកាត់​បាន​៤​ថ្ងៃ អ្នកជំងឺ​ស្លាប់បាត់​បង់ជីវិត​។

ប្រការ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ រិះគន់​នោះ​គឺ​ក្រោយពេល​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ បាន​កោះហៅ​គ្រូពេទ្យ​ឈ្មោះ កែវ គៀង​ឆូ​ហ្វ មក​សាកសួរ​ប៉ុន្តែ​គ្រូពេទ្យ​រូបនេះ​មិន​មិន​ដោយផ្ទាល់​ទេ ហើយ​ឲ្យ​តំណាង​របស់ខ្លួន​មក​ជំនួស​ទៅវិញ​ដោយ​ខ្វះ​ការទទួលខុសត្រូវ​។ ប្រការ​នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចាត់វិធានការ​លើ​ម្ចាស់​គ្លីនិក​សម្ភព​សុខា​បញ្ញា តាមច្បាប់​ជាបន្ទាន់ ដើម្បី​ឲ្យ​មានការ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​។ ជាមួយគ្នានេះ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល និង​សមត្ថកិច្ច គួរ​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​ដើម្បី​ចាត់វិធានការ​ទៅលើ​ម្ចាស់​គ្លីនិក​សម្ភព​សុខា​បញ្ញា តាមច្បាប់​៕

2លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល 1-12