លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត គួរពិនិត្យមើល​ទង្វើរ​បស់​អភិបាលស្រុក​កំពង់ត្រាច​ខ្លះ​ផង​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្រោយពេល​ថៅកែ​ស្រា​បៀរ​ម្នាក់​ចាក់ដី​លុប​ប្រឡាយទឹក​មួយកន្លែង​មាន​ទទឹង​៥​ម៉ែត្រ​យក​ធ្វើជា​កម្មសិទ្ធិ ហើយ​គ្រោង​សង់ផ្ទះ​និង​ឃ្លាំង​ស្តុក​ទំនិញ​យ៉ាង​ក្រអឺតក្រទម​។ នៅពេលដែល​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​តវ៉ា​ឲ្យ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ជួយ​ដោះស្រាយ​ស្រាប់តែ​ឈ្មោះ សុខ ដែលជា​ថៅកែ​ស្រា​បៀរ បាន​ទទួលស្គាល់ថា​ខ្លួន​ពិតជា​បាន​ចាក់ដី​លុប​ប្រឡាយ​នោះ​មែន ដោយសារ​លោក អ៊ុម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច ជា​អ្នក​អនុញ្ញាត​។

ទាក់ទង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត ចាត់វិធានការ​ពិនិត្យ​មើល​សកម្មភាព​ការងារ​របស់លោក អ៊ុម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច ជាបន្ទាន់ កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ដោយហេតុថា ប្រឡាយ​នោះ​គឺជា​កន្លែង​ដែល​ប្រជាពលរដ្ឋ​បង្ហូរទឹក​ចូល​ស្រែ​និង​បូមទឹក​ស្រោចស្រង់​ដំណាំ​ផ្សេងៗ ប៉ុន្តែ​ឥឡូវនេះ​ថៅកែ​ស្រា​បៀរ​ឈ្មោះ សុខ បាន​ប្រើប្រាស់​គ្រឿងចក្រ​ចាក់ដី​លុប​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ក្រអឺតក្រទម​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងជើង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការអនុញ្ញាត​ពី​លោក អ៊ុម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច​ទេ គឺ​ឈ្មោះ សុខ មិន​ហ៊ាន​ចាក់ដី​លុប​ប្រឡាយ​ដែលមាន​ទទឹង​៥​ម៉ែត្រ​យក​ធ្វើជា​កម្ម​សិទ្ធ​ឡើយ​។

ដើម្បី​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​លោក អ៊ុម ស៊ី​ណាត បាន​ឆ្លើយ​ដោះសា​ថា ខ្លួន​មិនបាន​ចេញ​លិខិតអនុញ្ញាត​នោះទេ ដែល​ចម្លើយ​បែបនេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់សំណើច​យ៉ាងខ្លាំង​។ ដោយហេតុថា​ឈ្មោះ សុខ ដែលជា​ថៅកែ​ស្រា​បៀរ បានទទួល​ស្គាល់​ការពិត​អស់​ទៅហើយ ប៉ុន្តែ​លោក អ៊ុម ស៊ី​ណាត ជា​អភិបាលស្រុក ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន ហើយ​បែរជា​ឆ្លើយ​យករួចខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តកំពត ចាត់វិធានការ​កាយ​ដី​ចេញពី​ប្រឡាយ​នោះ​វិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ពួកគាត់​ដែល​ប្រើប្រាស់​ប្រឡាយ​នោះ​សម្រាប់​បង្ហូរទឹក​បញ្ចូល​ស្រែ និង​បូមទឹក​ដាក់​ដំណាំ​ផ្សេងៗ ដើម្បី​ចិញ្ចឹម​ជិវិត​៕

chesta-855លោក​ ចាន់ ចេស្ដា អភិបាលខេត្តកំពត