និស្សិត​សាកលវិទ្យាល័យ​ន័រតុន​ ធ្វើ​ទស្សនកិច្ច​សិក្សា​ នៅ​រោងចក្រ​បេតុង​លាយ​ជាស្រេច របស់ក្រុមហ៊ុនជីបម៉ុង​

និស្សិត​សាកលវិទ្យាល័យ​ន័រតុន​ ធ្វើ​ទស្សនកិច្ច​សិក្សា​ នៅ​រោងចក្រ​បេតុង​លាយ​ជាស្រេច របស់ក្រុមហ៊ុនជីបម៉ុង​



ភ្នំពេញ​ ៖​ និស្សិត​ចំនួន​៤០​នាក់ នៃ​សាកលវិទ្យាល័យ​ន័រតុន​ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​ទាំង​ទ្រឹស្ដី​ និង​ការអនុវត្ត​ជាក់ស្តែង​ នៅ​រោងចក្រ​បេតុង​លាយ​ជាស្រេច​ ទី​៥​របស់​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ ដែល​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​២ នា​រសៀល​ថ្ងៃ​ទី​៣​ ខែ​មិថុនា​ ឆ្នាំ​២០១៦ ក្នុង​គោលបំណង​ស្វែងយល់​អំពី​សង្វាក់​ផលិតកម្ម​ និង​រៀនសូត្រ​ ដកស្រង់​បទពិសោធន៍ នៃ​បេតុង​លាយ​ស្រេច។

តំណាង​ក្រុមហ៊ុន​ជីបម៉ុង​ បាន​ធ្វើ​បទ​បង្ហាញ​ដល់​ក្រុម​និស្សិត​ឲ្យ​បាន​ដឹង​ថា ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ​២០០៧​គឺជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប​ ដែល​មាន​ឈ្មោះ​ល្បី​ខាង​នាំចូល​ និង​ចែកចាយ​សម្ភារៈ សំណង់​ និង​ផលិតផល​ឧបភោគបរិភោគ។ គោលបំណង​នៃ​ការ​បង្កើត​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​នេះ​ឡើង ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ និង​ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​។ សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​មាន​រោងចក្រ​បេតុង​លាយ​ស្រេច​ជាច្រើន​កន្លែង បាន​ជួយ​សម្រួល​អតិថិជន​ក្នុង​ការ​ស្ថាបនា​សំណង់​គ្រប់​ប្រភេទ។

ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត​ផ្តោត​លើ​គុណភាព​ និង​សេវាកម្ម ហើយ​ប្រើ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ឈានមុខ​គេ​មកពី​ប្រទេស​អ៊ីតាលី ​រួមផ្សំ​នឹង​វត្ថុធាតុដើម​ល្អ​បំផុត​ដូចជា​ស៊ីម៉ងត៍​អូដ្ឋ​Admixture W R Grace (​មក​ពី​សហរដ្ឋ​អាមេរិក) ដែល​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​វិស្វករ​ ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​រាប់​សិប​ឆ្នាំ។ លើស​ពី​នេះ​យើង​បាន​កំណត់​យ៉ាង​ច្បាស់​ថា តម្រូវការ​របស់​អតិថិជន​ និង​បរិមាត្រ​ពិត​ប្រាកដ​នៃ​ផលិតផល គឺជា​អាទិភាព​ចម្បង​របស់​ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត។ ដោយ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​គុណភាព សេវាកម្ម​បរិមាណ ​និង​សុវត្ថិភាព​ការងារ​នៅ​ឆ្នាំ​២០១០​ជីបម៉ុង​ខន​គ្រី​ត គឺជា​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​ទី​១​នៅ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ​ISO 9001: 2008 ផ្នែក​គ្រប់គ្រង​គុណភាព​កម្រិត​អន្តរជាតិ​មកពី​ប្រទេស​អង់គ្លេស។ ក្រុមហ៊ុន​ជីបម៉ុង​ខន​គ្រី​ត ក៏​មាន​សកម្មភាព​ជាច្រើន​ជួយ​សង្គម​ដូចជា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត ​ដែល​គ្មាន​លទ្ធភាព​ដើម្បី​បាន​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ជាដើម៕