លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ ពី​បទ​ពុករលួយ​រឿង​ដីធ្លី​

លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ ពី​បទ​ពុករលួយ​រឿង​ដីធ្លី​



បន្ទាយមានជ័យ​ ៖​ រឿងរ៉ាវ​អំពី​អំពើ​ពុករលួយ ​នៅ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​បែក​ធ្លាយ ​​ដោយ​លោក​ប្រធាន​មន្ទីរ​ ​​​បាន​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​លួច​ឃុបឃិត​គ្នា​ជាមួយ​ម្ចាស់​បុរី Land Development ក្នុង​ការ​ធ្វើ​ឲ្យ​បាត់បង់ នូវ​ប្រាក់ចំណូល​របស់​រដ្ឋ​អស់​រាប់​រយ​លាន​រៀល។

លោក​ ប្រាក់ ប៉ូ​លី ​​​​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​មហាជន​ជា​ច្រើន​ធ្វើការ​រិះគន់​ថា មុន​នេះលោក​បាន​កោះហៅ​ថៅកែ​បុរី​ម្នាក់ ដែល​មាន​​​យីហោ Land Development ឲ្យ​មក​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​ច្បាប់​ អំពី​រឿង​ដី​ពុះ​ល្វែង ​ដែល​ត្រូវ​បង់​ថវិកា​ជូន​រដ្ឋ តែ​ក្រោយ​មក​បែរជា​មាន​ភាព​ស្ងប់ស្ងាត់​ទៅវិញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក លឿម សុភក់ ដែល​ជា​ម្ចាស់​បុរី​ Land Development នោះ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ធ្វើការ​ណាត់​ជួប​ក្រៅផ្លូវការ​ស្ងាត់​ៗ ក្នុង​គោលបំណង​ដើម្បី​ទទួលយក​ប្រាក់​ដី​ល្វែង​ ដែល​ត្រូវ​បង់​ចូល​រដ្ឋ​នោះ ហើយ​ធ្វើការ​ចែក​គ្នា​ស្ងាត់ៗ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា តាម​ធម្មតា ម្ចាស់​ដី​ណា​ដែល​មាន​ប្លង់​រឹង​ហើយ​ចង់​បំបែក​ក្បាលដី​នោះ គឺ​ត្រូវ​មក​ដាក់​ពាក្យសុំ​បំបែក​ក្បាលដី​នៅ​មន្ទីរ​ជា​មុន​សិន ហើយ​ត្រូវ​បង់​ថវិកា​ចូល​រដ្ឋ​ក្នុង​មួយ​ល្វែង ១០០ ដុល្លារ តាម​ទំហំ​ក្បាលដី​នីមួយៗ​។ ចំពោះ​ដី​ដែល​គេ​បាន​ពុះ​ជា​ល្វែង​សម្រាប់​លក់​នោះ គឺ​មាន​ទីតាំង​ស្ថិតនៅ​ម្តុំ​ម្លប់​មាន​ស្តី​ត ក្នុង​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក​មេការ​ម្នាក់​ឈ្មោះ ទី​ត្យ បាន​ឲ្យ​ដឹង​ថា ដី​ក្នុង​បូរី​នេះ​គឺ​មាន​ចំនួន ៧០០ ល្វែង ហើយ​ក្នុង ១ ល្វែង​មាន​ទំហំ ៤ ម៉ែត្រ​គុណ​នឹង ១៧ ម៉ែត្រ ហើយ​ក្នុង ១ ល្វែង​មានតម្លៃ ៥០០០ ដុល្លារ​ ទៅ ៦០០០ ដុល្លារ​ឯណោះ​សម្រាប់​ជួរ​ខាងក្នុង។ ចំណែក​ឯ​ជួរ​ខាងមុខ​ជាប់​ផ្លូវ​ធំ​ គឺ​មាន​តម្លៃ ១០០០០ ដុល្លារ តែ​ពេលនេះ​ត្រូវ​បាន​លក់​ចេញ​អស់ហើយ។

លោក លឿម សុភក់ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា លោក​មាន​ដី​ពីរ​ប្រភេទ ហើយ​ប្រភេទ​ទី ១ គឺ​ដី​មាន​ប្លង់​រឹង ដែល​មាន​ចំនួន ៥០០ ល្វែង​ តែ​មាន​ប័ណ្ណ​អស់ហើយ។ ចំណែក​ឯ​ការ​ចំណាយ​ថវិកា​ទៅលើ​សេវា​ផ្សេងៗ​ទៀត​នោះ គឺ​ខាង​មន្ទីរ​ជា​អ្នក​កំណត់​។ លោក​បាន​បន្ត​​​ទៀត​ថា ចំពោះ​ដី​ល្វែង​ដែល​មាន​ប្លង់​រឹង​នោះ គឺ​លោក​បាន​បង់​នៅ​ភ្នំពេញ ទៅតាម​ការកំណត់​លើ​ប្រភេទ​ដី​ល្វែង​ ដែល​មាន​ប័ណ្ណ​រឹង ចំណែក​ឯ​ប្រភេទ​ដី​ពុំ​ទាន់​មាន​ប្លង់​រឹង​វិញ​នោះ លោក​កំពុង​រត់ការ​សុំច្បាប់​បន្ថែម​ទៀត​នៅ​ឯ​សាលា​ខេត្ត​បន្ទាយមានជ័យ តែ​លោក​ក៏បាន​ធ្វើការ​ចាក់​ដី​ជា​បណ្ដើរៗ​ហើយ ដើម្បី​រៀបចំ​ដី​ឡូត៍​ល្វែង​ឲ្យ​បាន​ដូច​ដី​ប្លង់​រឹង​ដែរ។

ជាមួយគ្នានេះដែរ លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត ​ក៏បាន​បំភ្លឺ​ដែរ​ថា ចំពោះ​រឿង​បង់ពន្ធ​ដី​ល្វែង​លើ​ក្បាលដី​ ដែល​បាន​បំបែក​រួច​ហើយនោះ គឺ​គេ​ត្រូវ​យក​លុយ​ទៅ​បង់​នៅ​ឯ​ពន្ធដារ​ឯណោះ ដោយឡែក​ចំពោះ​ការ​ដាក់​ពាក្យសុំ​បំបែក​ក្បាលដី​វិញ គឺ​ទាល់តែ​មានការ​ឯកភាព​ពី​សាលាខេត្ត​ជាមុនសិន ទើប​ខាង​មន្ទីរ​ហ៊ាន​សម្រេច​តាម​ក្រោយ។

មហាជន​ជាច្រើន​កំពុង​តែ​មាន​ចម្ងល់​ថា តើ​លោក​ប្រធាន​មន្ទីរ​ខាងលើ បាន​និយាយ​ប្រាប់​អ្នកកាសែត​ដោយ​ភាព​ត្រឹមត្រូវ​ឬក៏​យ៉ាងណា​? ហើយ​រាល់​សំណើ​សុំច្បាប់​ផ្សេងៗ​របស់​ម្ចាស់​ដី ត្រូវ​ធ្វើ​ពី​មក​ថ្នាក់​លើ​មក​មុន ឬក៏​ធ្វើ​ពី​ថ្នាក់ក្រោម​ទៅលើ តាម​ខ្សែ​បណ្ដោយ​នៃ​ច្បាប់​ឬ​យ៉ាងណា​? មហាជន​បាន​ចោទ​លោក​ប្រធាន​មន្ទីរ​ថា សម្ដី​ដែល​លោក​និយាយ​នេះ ​គឺជា​ការ​ទាល់​ច្រក​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បានជា​ពលរដ្ឋ​បាន​សំណូមពរ​ដល់​ខាង​ក្រសួង​រៀបចំ​ដែនដី ​​មេត្តា​ជួយ​មើល​កូនចៅ​ថ្នាក់ក្រោម​ផង ជា​ពិសេស ​គឺ​អស់លោក​ខាង​មន្ត្រី​ពុករលួយ ដែល​គួរ​តែ​មាន​ការ​បើក​ស៊ើបអង្កេត​ម្តង​ហើយ ពីព្រោះ​សកម្មភាព​បែបនេះ វា​តែង​កើតមាន​ជាប្រចាំ​ក្នុង​មន្ទីរ​ខាងលើ​នោះ​រាប់​សិប​ឆ្នាំ​មក​ហើយ តែ​ហាក់​ដូច​ជា​គ្មាន​ថ្នាក់លើ​ណា​មានការ​សង្ស័យ​សោះ៕

លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ ពី​បទ​ពុករលួយ​រឿង​ដីធ្លី​

លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ ពី​បទ​ពុករលួយ​រឿង​ដីធ្លី​

លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ម្នាក់ រង​នូវ​ការ​ចោទប្រកាន់​ ពី​បទ​ពុករលួយ​រឿង​ដីធ្លី​