មាត់កំពង់​ទន្លេ​ល្ពៅ ​ព្រំ​ដែនទឹក​កម្ពុជា​-ឡាវ ​រង​ការ​បំពុលបរិស្ថាន ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​

មាត់កំពង់​ទន្លេ​ល្ពៅ ​ព្រំ​ដែនទឹក​កម្ពុជា​-ឡាវ ​រង​ការ​បំពុលបរិស្ថាន ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​



ព្រះវិហារ​ ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ដង​ទន្លេ​ល្ពៅ ឬ​ដង​ទន្លេមេគង្គ​ខាងលើ​ ជាប់​ព្រំដែន​កម្ពុ​ជា​-​ឡាវ ត្រង់​ភូមិ​កំពង់​ស្រឡៅ​ ឃុំ​កំពង់​ស្រ​ឡៅ​១​ ស្រុក​ឆែប បាន​ទទួលរង​ការ​បំពុល​បរិស្ថាន ចោល​សំរាម​ពាសពេញ​អណ្ដែត តាម​មាត់ច្រាំង​ទន្លេ​ស្ថិត​នៅ​ត្រង់​ផ្សារ​លក់​ដោះដូរ​ទំនិញ​រវាង ជនជាតិ​ឡាវ និង​ខ្មែរ​មួយ កន្លែង​ជាប់មាត់​កំពង់​ទន្លេ​។ រីឯ​ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តព្រះវិហារ​វិញ ​ត្រូវ​បាន​មហា​ជន​រិះគន់​ថា មិនដែល​ចុះ​តាម​មូលដ្ឋាន ដែល​មាន​កន្លែង​កម្សាន្ត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ថែរក្សា​អនាម័​យ​នោះ​ទេ ដោយ​ដឹង​ថា លោក​បាន​ត្រួតត្រា​កាន់​តំណែង​នេះ​ទ្បើង​ដុះ​ស្លែ​ទៅ​ហើយ ប៉ុន្តែ​វិស័យ​ទេស​ចរណ៍​នៅ​ទូទាំង​ខេត្ត មិនទាន់​ឃើញ​រីកចម្រើន និង​មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំកំភួន​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មិន​សប្បាយចិត្ត​នោះ​ទេ នៅពេល​ឃើញ​ដង​ទន្លេ​ល្ពៅ​ ដែល​ពីមុន​ធ្លាប់តែ មាន​សោភ័ណ​ភាពល្អ​ស្អាត និង​ខ្យល់អាកាស​បរិសុទ្ធ​ ប៉ុន្តែ​ពេលនេះ​ផ្ទៃ​ទឹកមាត់​កំពង់ វា​បាន​ក្លាយ​ទៅជា​មាន​សភាព​កង្វក់ និង​មាន​ក្លិន​មិនល្អ​ទៅវិញ​។ ជា​រៀងរាល់ថ្ងៃ​ តែងតែ​ឃើញ​សិស្សានុសិស្ស​វិទ្យាល័យ​កំពង់​ស្រឡៅ​ នាំគ្នា​ដើរ​រើស​ប្រមូល​សំរាម តាម​មាត់​ច្រាំងទន្លេ ប៉ុន្តែ​នៅ​តែ​មាន​សំរាម​ធ្លាក់​ចូល​មាត់ទន្លេ​ដដែល គឺ​មកពី​អ្នក​លក់ដូរ​មិន​ចេះ​ថែរក្សា​អនាម័យ និង​បរិស្ថាន​នោះ​។​

បច្ចុប្បន្ន​នេះ ទឹកដី​កំពង់​ស្រ​ឡៅ​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​ដើរលេង​កម្សាន្ត និង​ទស្សនា​ទេសភាព​ប្លែកៗ តាម​ដង​ទន្លេ​ល្ពៅ​ ដែល​អាច​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ ឲ្យ​គយគន់​មើល​ទៅ​ឃើញ​ផ្ទះ របៀប​បុរាណ​របស់​ជនជាតិ​ឡាវ​ ដែល​សង់​ជាប់​មាត់ទន្លេ​។ ដូច្នេះ​ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​ឆែប និង​លោក​អភិបាលស្រុក​ឆែប គួរ​ចុះទៅ​ណែនាំ​អ្នក​លក់ដូរ​នៅ​ទីនោះ ឲ្យ​ចេះ​ជួយ​ថែរក្សា​ និង​សម្អាត​ទីតាំង​លក់ដូរ ឲ្យ​មាន​អនាម័យ ​និង​បរិស្ថាន​ល្អ​ផង​។​

លោក សុខសាន្ត តារា​ អភិបាលស្រុក​ឆែប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​​២០១៦​ថា លោ​ក​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះទៅ​រៀបចំ​សម្អាត​អនាម័យ និង​ណែនាំ​អ្នក​លក់ដូរ​រួចហើយ កាល​ពី​មួយ​សប្ដាហ៍​មុន​៕

មាត់កំពង់​ទន្លេ​ល្ពៅ ​ព្រំ​ដែនទឹក​កម្ពុជា​-ឡាវ ​រង​ការ​បំពុលបរិស្ថាន ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​