អ្នក​ជំនាញ​គ្រប់គ្រង​ព្រៃឈើ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ចុះ​អង្កេត​ហានិភ័យ​ដើមឈើ​ និង​ព្យាបាល​ដើមឈើ​ជា​បន្តបន្ទាប់​នៅ​ពេល​រដូវភ្លៀង​ចូល​មក​ដល់​

អ្នក​ជំនាញ​គ្រប់គ្រង​ព្រៃឈើ​ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ចុះ​អង្កេត​ហានិភ័យ​ដើមឈើ​ និង​ព្យាបាល​ដើមឈើ​ជា​បន្តបន្ទាប់​នៅ​ពេល​រដូវភ្លៀង​ចូល​មក​ដល់​

សៀមរាប​ ៖​ ខណៈ​រដូវភ្លៀង​បាន​ចូល​មកដល់​, ភ្លៀង​លាយឡំ​នឹង​ខ្យល់ព្យុះ​តូច​ធំ ​បាន​បក់​មក​ប៉ះ​តំបន់​អង្គរ​ជា​ញឹកញាប់ ​​​​​បណ្ដាល​ឲ្យ​មាន​ដើម​ឈើ​មួយ​ចំនួន​បាន​បាក់​មែក ដួល​រលំ​ជា​បន្តបន្ទាប់​។ ដើម្បី​បញ្ចៀស​ហានិភ័យ​ជាយថាហេតុ ដែល​បណ្ដាល​មកពី​ការ​បាក់​មែក​ឈើ និង​រលំ​ដើមឈើ​មក​ប៉ះ​ប្រាសាទ​ និង​អ្នក​ធ្វើដំណើរ​ទស្សនា​នោះ​ ក្រុម​អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​បង្កើន​ការ​ត្រួតពិនិត្យ​ដើមឈើ ដែល​ស្ថិត​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ផ្លូវ​វង់​ទស្សនាចរ​និង​ដើមឈើ ​ដែល​ស្ថិតនៅ​កៀក​នឹង​ប្រាសាទ ​ឬ​រចនាសម្ព័ន្ធ​បុរាណដ្ឋាន​នានា។

បុគ្គលិក​បច្ចេកទេស​មួយ​រូប​ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក គង់ សុវណ្ណ​រិ​ទ្ធ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា ​ឆ្នាំ​២០១៦​នេះ​ថា​ក្នុង​រដូវភ្លៀង​នេះ​ ក្រុមការងារ​របស់​លោក​បាន​បន្ថែម​ការ​ដើរ​ត្រួតពិនិត្យ​ដើមឈើ​ញឹកញាប់​ជាង​នៅ​រដូវប្រាំង។ ដើមឈើ​ដែល​ត្រូវ​យកចិត្តទុកដាក់​អង្កេត​ខ្លាំង​បំផុត​គឺ​ដើមឈើ​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សាធារណៈ ​ផ្លូវ​វង់​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ និង​ដើមឈើ​ដែល​ដុះ​ជាប់​នឹង​ប្រាសាទ​ឬ​រចនាសម្ព័ន្ធ​បុរាណដ្ឋាន​ផ្សេងៗ។

លោក​សុវណ្ណ​រិ​ទ្ធ​ បន្ថែម​ថា ​ការងារ​អង្កេត​ហានិភ័យ​ដើមឈើ ​គឺ​តែង​ធ្វើឡើង​ជាប្រចាំ​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​។ “​យើង​កាត់​ក្រី​ដើមឈើ​ណា​ដែល​មាន​មែក​ងាប់ ​ឬ​មាន​មែក​ច្រើន​ ហើយ​អាច​បាក់​ពេល​មាន​ភ្លៀង​ខ្យល់​ម្ដង​ៗ។ ដើមឈើ​ណា​ ដែល​យើង​ឃើញ​ថា ​វា​ពុក​ផុយ​ទាំង​ដើម​ព្យាបាល​លែង​ជា ​​យើង​នឹង​សុំ​គោលការណ៍​ដើម្បី​ដកហូត​ទាំងស្រុង​តែ​ម្ដង។ ម្យ៉ាងទៀត​មែក​ឈើ​មួយ​ចំនួន​ដែល​ដុះ​គ្រប​ទៅលើ​ប្រាសាទ​ធ្វើ​ឲ្យ​ដើមឈើ​លែង​មាន​លំនឹង ​ក៏​យើង​កាត់​ក្រី​មែក​ចេញ​ដែរ​ដើម្បី​បញ្ចៀស​ការ​បាក់​មែក​សង្កត់​ប្រាសាទ តែ​មិន​ឲ្យ​ងាប់​ដើមឈើ​ទេ។

ទន្ទឹម​នឹង​ការ​ដើរ​កាត់​ក្រី​មែក​ឈើ​ និង​ដកហូត​ដើមឈើ​ងាប់ៗ​ចេញ​ ក្រុមការងារ​របស់​លោក​ ក៏​ត្រូវ​ព្យាបាល​ដើមឈើ​ ដែល​មាន​ជំងឺ​ដែរ​។ បុគ្គលិក​ដែល​មាន​បទពិសោធន៍​លើ​ការងារ​នេះ​ជាង​៧​ឆ្នាំ​មក​ហើយ​អះអាង​ថា រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមការងារ​របស់​លោក​ព្យាបាល​ដើមឈើ​បាន​ចំនួន​ជាង​១៥០០​ដើម​ហើយ​។ រហូតមកដល់​ពេលនេះ​ដើមឈើ​ធំៗ​ ដែល​មាន​ជំងឺ​ខ្លះ​បានជា​សះស្បើយ​ស្ទើរ​១០០%​ហើយ ​ខ្លះ​ទៀត​កំពុង​តែ​មាន​សភាព​ល្អ​ប្រសើរ​ឡើងវិញ​បន្តិច​ម្តងៗ​។​

ទោះជា​យ៉ាងនេះ​ក្តី​លោក​សុវណ្ណ​រិ​ទ្ធ​ បញ្ជាក់​ថា​ ក្រុមការងារ​របស់​លោក​មិន​អាច​ដើរ​មើល​ដើមឈើ​បាន​គ្រប់​ពេល​២៤​ម៉ោង ឬ​គ្រប់​ដើមឈើ​ទាំងអស់​នោះ​ដែរ​ ជាពិសេស​ដើមឈើ​ដែល​នៅ​តាម​ផ្លូវ​ដើរ​របស់​អ្នកភូមិ ​ក្នុង​តំបន់​អង្គរ​តែម្តង។ ករណី​នេះ ​លោក​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​រាយការណ៍​ជាបន្ទាន់​ ករណី​ឃើញ​មាន​ដើមឈើ​ណា​ដែល​ងាប់ ​ឬ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ ដើម្បី​ឲ្យ​ក្រុមការងារ​បាន​ដឹង​ និង​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​បាន​ទាន់​ពេល​វេលា៕