ខឹងសង្សារ​ក្បត់ចិត្ត​មក​លោតទឹក​ស្ពាន​គី​ហ្សូ​ណា​ តែ​ចិត្ត​មិន​ដាច់​ក៏​ហែល​ឡើងវិញ​

ខឹងសង្សារ​ក្បត់ចិត្ត​មក​លោតទឹក​ស្ពាន​គី​ហ្សូ​ណា​ តែ​ចិត្ត​មិន​ដាច់​ក៏​ហែល​ឡើងវិញ​



កំពង់ចាម ​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​វេលា​ម៉ោង​ប្រមាណ​១៦​និង​២៧​នាទី ​មាន​ករណី​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ព្រោះតែ​ខឹង​សង្សារ​ក្បត់​ចិត្ត បាន​ធ្វើដំណើរ​ពី​ភ្នំពេញ​មក​ខេត្ត​កំពង់ចាម​ បំណង​លោតទឹក​ស្ពាន​គី​ហ្សូ​ណា​នៅ​ចន្លោះ​សសរ​ទី​៩​និង​ទី​១០ ​តែ​ប្រហែលជា​ចិត្ត​មិន​ដាច់​ក៏​ហែល​ឡើងលើ​គោក​វិញ​ដោយ​ខ្លួនឯង។

ប្រភព​ព័ត៌មាន​ពី​នគរបាល​យាម​ការពារ​ស្ពាន​គី​ហ្សូ​ណា ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ ដើរ​ពី​ទិស​ខាងលិច មក​ខាងកើត​​ លើ​ស្ពាន​គី​ហ្សូ​ណា ពេល​មកដល់​ចន្លោះ​សសរ​ទី​៩​និង​ទី១០ ​បុរស​នោះ​ក៏​លោត​ចូល​ក្នុង​ទឹកទន្លេ។ ខណៈ​នោះ​នគរបាល​ការពារ​ស្ពាន​គី​ហ្សូ​ណា​ បាន​ចេញ​អូ​ប៊័រ​ដើម្បី​​​ទៅ​សង្គ្រោះ​ ស្រាប់តែ​ឃើញ​អ្នកធ្វើ​អត្តឃាត​នោះ​ ផុស​ពី​ក្នុង​ទឹក​ រួច​ក៏​ហែល​ទៅ​ខាង​ត្បូង​បាន​ចម្ងាយ​៣០០​ម​ទៅ​៤០០​ម​ ទើប​ដល់​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ស្រប​ពេល​នោះ​កម្លាំង​នគរបាល​ដែល​ទៅ​សង្គ្រោះ​ក៏បាន​ទៅដល់​ដែរ។

លោក ​ណា ​ចេ ​នាយ​ នគរបាល​ការពារ​ស្ពាន​គី​ហ្សូ​ណា ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហោប៉ៅ​អាវ​របស់​ជន​រង​គ្រោះ​មាន​លិខិត​មួយ​ច្បាប់​ ដែល​សរសេរ​ជា​អក្សរ​វៀតណាម​ បន្សល់​ទុកជា​បណ្ដាំ។ លោក​ណា​ចេ ​ក៏បាន​បន្ត​ថា ​តាម​ការសាកសួរ​ជនរងគ្រោះ​មានឈ្មោះ​ ង្វៀង ​វ៉ាង​កង​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​ជនជាតិ​វៀតណាម​ រស់នៅ​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​ដំណើរ​មក​ខេត្ត​កំពង់ចាម​ ក្នុង​គោលបំណង​បន្ត​ទៅ​ខេត្ត​ក្រចេះ​ ដើម្បី​ធ្វើ​កម្មករ​កាប់​ថ្ម​ម៉ាប​ ពេល​មកដល់​កំពង់ចាម​ខឹង​នឹង​សង្សារ​ក្បត់ចិត្ត​ ក៏​លោត​ទឹក​សម្លាប់​ខ្លួន ពេល​លិច​ក្នុង​ទឹក ចិត្ត​មិន​ដាច់​ទើប​ខំ​ហែល​បាន​ឆ្ងាយ​បន្តិច ​​​សមត្ថកិច្ច​ក៏​ជួយ​សង្គ្រោះ​ ហើយ​ឲ្យ​ទៅ​គោលដៅ​របស់​ខ្លួន​វិញ៕