ប្រជាពលរដ្ឋ​ សុំ​ឲ្យ​លោក​ចៅ​សង្កាត់​ព្រែកប្រា​ ចុះ​មើលផ្លូវ​ផង​

ប្រជាពលរដ្ឋ​ សុំ​ឲ្យ​លោក​ចៅ​សង្កាត់​ព្រែកប្រា​ ចុះ​មើលផ្លូវ​ផង​



ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​បាន​សំណូមពរ ​ដល់​លោក​ចៅសង្កាត់​ព្រែកប្រា ​គួរ​អញ្ជើញ​ចុះ​មើលផ្លូវ​កុំ​សម្ងំ​តែ​ក្នុង​ប៊ុយរ៉ូ​ម៉ាស៊ីន​ត្រជាក់​គ្រប់​ពេលនោះ។

ប្រជាពលរដ្ឋ​ ​ក៏ដូចជា​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ទឹក​ដី​សង្កាត់​ព្រែកប្រា​គឺ​ធុញទ្រាន់​នឹង​ការ​កកស្ទះ​ចរាចរ​ដោយសារតែ​អ្នក​រ​ស់នៅ​តាម​ដងផ្លូវ​វាតទី​យក​ចំណី​ផ្លូវ​ធ្វើ​​កន្លែង​លក់ដូរ​យ៉ាង​អានាធិបតេយ្យ​ ហើយ​លោក​ចៅសង្កាត់​ពុំ​បាន​គិតគូរ​ពី​រឿង​កកស្ទះ​ចរាចរណ៍​នោះ​ឡើយ​ ព្រោះ​ពេល​ដែល​លោក​ចេញដំណើរ​ម្តងៗ​ លោក​ចាត់តាំង​កម្លាំង​ប្រជា​ការពារ​ឲ្យ​រៀបចំ​តាម​ដងផ្លូវ​ ហើយ​ពេល​លោក​ចៅ​សង្កាត់​ធ្វើ​ដំណើរ​ទៅ​ផុត​ចង់​ស្ទះ​ពេញ​មួយ​យប់​ក៏ដោយ​ ក៏​លោក​ចៅសង្កាត់​មិន​ឈឺក្បាល​វិលមុខ​ឡើយ​។​

ជាក់ស្តែង​នៅផ្ទះ​ល្វែង​មួយ​កន្លែង​ ស្ថិតនៅ​ក្នុងភូមិ​អូរ​អណ្ដូង​១​ គេ​បានឃើញ​ម្ចាស់ផ្ទះ​សង់​របង​រំលោភ​ចូល​មក​ផ្លូវ​ចង់​ពាក់កណ្ដាល​ទ្រូងផ្លូវ​តែម្នាក់ឯង​ឆ្កុយ ​ធ្វើ​ឲ្យ​​ផ្លូវ​ធំ ​កាន់តែ​តូច​យ៉ាង​ណាក៏ដោយ​ ក៏​លោក​ចៅសង្កាត់​មិន​ខ្វល់​ឲ្យ​តែ​គេ​ឲ្យ​លុយ​ចង់​ធ្វើ​បិទផ្លូវ​ក៏បាន​។​

ករណី​នេះ ​ប្រជាពលរដ្ឋ​សំណូមពរ​ ដល់​លោក​ចៅសង្កាត់​ដទៃ​ទៀត​កុំ​យក​គំរូ​ដូចនេះ​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​អស់​ជំនឿ​នោះ៕