អាជ្ញាធរ​ខេត្ត​តាកែវ​បញ្ឈប់​ការ​ហាមឃាត់​ប្រជាកសិករ​ មិន​ឲ្យ​បូម​ទឹក​ពី​បឹង ​និង​អាង​ស្តុក​ទឹក​យក​ទៅ​ធ្វើស្រែ​

អាជ្ញាធរ​ខេត្ត​តាកែវ​បញ្ឈប់​ការ​ហាមឃាត់​ប្រជាកសិករ​ មិន​ឲ្យ​បូម​ទឹក​ពី​បឹង ​និង​អាង​ស្តុក​ទឹក​យក​ទៅ​ធ្វើស្រែ​



តាកែវ ៖ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​បណ្ដា ក្រុង ស្រុក​ទាំង​១០ ទូទាំង​ខេត្ត​តាកែវ ក្នុង​រយៈកាល ចុងខែ​ឧសភា និង​ដើម ខែ​មិថុនា​កន្លង​មកនេះ ​​ដែល​នាំ​ឲ្យ​មាន​ទឹក​ពេញ​ផ្ទៃ​អាង​ស្តុក​ទឹក និង​នៅ​តាម​បឹងបួ​មួយ​ចំនួន​នោះ អាជ្ញាធរ​ខេត្តតាកែវ​បាន​បញ្ឈប់​ទាំងស្រុង ក្នុង​ការ​ហាមឃាត់​ប្រជាពលរដ្ឋ មិន​ឲ្យ​បូម​ទឹក​ចេញពី​បឹង ឬ​អាង​ស្តុក​ទឹក​យក​ទៅ​បញ្ចូល​ស្រែ ដោយ​បារម្ភ​ពី​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ ក្នុង​ឆ្នាំ​ខាងមុខ។

លោក ប៊ុន ហ៊ួ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​តាកែវ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​តាម​បឹង ស្ទឹង និង​អាង​ស្តុក​ទឹកជា​ច្រើន​នៅ​ក្នុង​ខេត្ត​តាកែវ មាន​ទឹក​គ្រប់គ្រាន់ បន្ទាប់ពី​មាន​ភ្លៀង​ធ្លា​ក់នៅ​គ្រប់​ក្រុង​ស្រុក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មកនេះ​។ ស្ថានភាព​បែបនេះ​បាន​បង្ក លក្ខណៈ​ងាយ​ស្រួល​ឲ្យ បងប្អូន​ប្រជាកសិករ​ចាប់ផ្ដើម​ធ្វើស្រែ​វស្សា ហើយ​អាជ្ញាធរ​ខេត្ត​ក៏បាន​បញ្ឈប់​ទាំងស្រុង ក្នុង​ការ​ហាម ឃាត់​ប្រជាកសិករ​មិន​ឲ្យ​បូម​ទឹក​ពី បឹងបួ​នានា​តទៅទៀត​ដែរ។

លោក ប្រធាន​មន្ទីរ​ធនធាន​ទឹក ក៏បាន​លើកឡើង​ពី​ស្ថានភាព​ធូរស្រាល​នៃ ក្ដីបារម្ភ​របស់​អាជ្ញាធរ ខេត្ត​តាកែវ​កន្លង​មក​ដែល​ភ័យ​ព្រួយ ពី​ការ​ខ្វះខាត​ទឹក​សម្រាប់​ហូប​ផង​ដែរ ជាពិសេស​បឹង​តាកែវ ដែល​ជា​កន្លែង​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ដូន​កែវ​ជាង ៥​ពាន់​គ្រួសារ។

លោក ញឹម ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​តាកែវ បាន​ថ្លែង​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ នៅ​ស្ទើរតែ​គ្រប់​ស្រុក​របស់​ខេត្ត​តាកែវ វា​បានធ្វើ​ឲ្យ ប្រជាកសិករ​បាន​ចាប់ផ្ដើម ធ្វើស្រែ​បាន​ប្រមាណ​ជិត ២​ម៉ឺន​ហិកតា បើ​គិត​ជា​ភាគរយ គឺ​បាន​ប្រមាណ​១១ ភាគរយ នៃ​ផ្ទៃដី​ស្រែវស្សា​។ បើ​ប្រៀបធៀប​ទៅ នឹង​២០១៥​កន្លងមក ការធ្វើ​ស្រែវស្សា គឺមាន​ការ​យឺតយ៉ាវ​ជាង​ឆ្នាំទៅ​ប្រមាណ ៥​ពាន់​ហិកតា​។ បើតាម​លោក ប្រធាន​មន្ទីរ​កសិករ​កម្ម ខេត្តតាកែវ ក្នុង​ឆ្នាំ​២០១៥ កន្លងទៅ ខេត្ត​តាកែវ នៅសល់​ស្រូវ​ប្រមាណ ៧៧​ម៉ឺន​តោន ហើយ​ខេត្តតាកែវ គឺជា​ខេត្ត​ដែល​ស្ថិត​នៅក្នុង លំដាប់​លេខ ២​បន្ទាប់ពី ខេត្ត​ព្រៃវែង ដែល​ផលិត​ស្រូវ​បាន​ច្រើន​ជាងគេ។ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​អាជ្ញាធរ​ខេត្ត​រំពឹង​ថា​ ទិន្នផល​ស្រូវ​នៅ​ក្នុង​ខេត្ត នឹង​ទទួល​បាន​លទ្ធផល​ល្អ ដូច​ឆ្នាំ​កន្លងទៅ​ផង​ដែរ៕
អាជ្ញាធរ​ខេត្ត​តាកែវ​បញ្ឈប់​ការ​ហាមឃាត់​ប្រជាកសិករ​ មិន​ឲ្យ​បូម​ទឹក​ពី​បឹង ​និង​អាង​ស្តុក​ទឹក​យក​ទៅ​ធ្វើស្រែ​