លោកអភិបាលខេត្ត ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​១.៤៤០​នាក់​​

លោកអភិបាលខេត្ត ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​១.៤៤០​នាក់​​



កំពង់ឆ្នាំង ៖ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន​ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​ ក្រោម​ការ​ដឹក​នាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​ធ្វើ​ឲ្យ​​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​រីកចម្រើន​ជា​លំដាប់។ ទន្ទឹម​នេះ​ដែរ​ ប្រជាពលរដ្ឋ​គ្រប់រូប​ ដែល​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ ក៏​ត្រូវ​ការ​ជា​ចាំបាច់​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ សម្រាប់​ប្រើប្រាស់​ការងារ​ផ្ទាល់ខ្លួន​ផង​ដែរ​។ ​

លោក​បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​១.៤៤០​នាក់ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នៅ​ក្នុង​ឃុំ​ត្រងិល​និង​ឃុំ​ស្វាយ​រំពារ​ ស្រុក​កំពង់​លែង។

លោក​បាន​មានប្រសាសន៍​បន្ត​ថា​ អត្តសញ្ញាណប័ណ្ណ​មាន​សារៈសំខាន់​សម្រាប់​សម្គាល់​សញ្ជាតិ​ខ្មែរ​,​ធានា​សិទ្ធិ​សេរីភាព​ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​ស្របច្បាប់​,​ ធានា​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ម្នាក់ៗ​ក្នុង​ការ​ចូល​បម្រើ​ការងារ​ផ្សេងៗ​បាន ​ដោយ​ស្រ​ប​ច្បាប់ ​និង​សម្រាប់​​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត ​និង​ទៅ​បោះឆ្នោត​ជ្រើស​តំណាង​របស់​ខ្លួន ដើម្បី​បំពេ​ញ​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​ជា​ប្រជាពលរដ្ឋ​ល្អ​ស្របច្បាប់​។​
​ ​
លោក​ បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ថា​ សូម​បងប្អូន​យក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ជាតិខ្មែរ​គំរូ​ថ្មី​នេះ​ ទៅ​ប្រើប្រាស់​តាម​តម្រូវ​ការ​ចុះ តែ​សូម​ចេះ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ល្អ កុំ​ឲ្យ​​ខូចខាត​បាត់​បង់ ព្រោះ​អត្តសញ្ញាណប័ណ្ណ​ថ្មី​នេះ​មាន​សុពលភាព​រហូតដល់​១០​ឆ្នាំ​ កុំ​យក​អត្តសញ្ញាណប័ណ្ណ​នេះ​​ឲ្យ​គេ​ខ្ចី​យក​ទៅ​ថតចម្លង​ធ្វើការងារ​ខុសច្បាប់​ផ្សេងៗ​ ដែល​នាំ​ឲ្យ​​មាន​ផល​លំបាក​ដល់​ខ្លួន ឬ​ដាក់​ប្រចាំ​ខ្ចី​ប្រាក់​ពី​អង្គការ​ផ្សេងៗ ព្រោះថា ​ការបោះឆ្នោត​ឃុំ​-សង្កាត់​ជិត​មកដល់​ហើយ។ លោក​សង្ឃឹមថា បងប្អូន​ដែល​មាន​អត្តសញ្ញាណប័ណ្ណ នឹង​អាច​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ចូលរួម​បោះឆ្នោត ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ដែល​ជា​តំណាង​ស្របច្បាប់​របស់​ខ្លួន​នៅក្នុង​ថ្ងៃ​ខាងមុខនេះ ដើម្បី​ការពារ​ផលប្រយោជន៍ និង​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើង​។​

លោក​បាន​ផ្តាំផ្ញើ​សុំ​ឲ្យ​​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ​ត្រូវ​អប់រំ​កូនចៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​ ដែល​សង្គម​ស្អប់ខ្ពើម​,​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង​ ខ្យល់ ​រន្ទះ ​ព្រោះ​ខែ​នេះ​ជា​ខែ​ក្តៅ​លាយឡំ​នឹង​ភ្លៀង​កក់ខែ បណ្ដាល​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​រលំ​ផ្ទះ​ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត ​ត្រូវ​រត់​រក​ជម្រក​​សុវត្ថិភាព​,​ កុំ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ ដែល​ជា​ជម្រក​ត្រី​ពង​, ​ខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ដោយ​រស់នៅ​ស្អា​ត​ ហូប​ស្អាត​ និង​ផឹកទឹក​ស្អាត ​ជាពិសេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​អនុវត្ត​ឲ្យ​បាន​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​គឺ (​ថ្ងៃ​នេះ ​ថ្ងៃ​ស្អែក ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍)៕

លោកអភិបាលខេត្ត ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​ចំនួន​១.៤៤០​នាក់​​
​ ​
​ ​