ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​លក់ដូរ​ក្នុង​ផ្សារ​សៀម​នៅ​ច្រក​ភ្នំ​ដី កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​

បញ្ហា​ជីវភាព​រស់នៅ​មានការ​ខ្វះខាត​ទើប​ប្រជាពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​រស់នៅក្នុង​ស្រុក​សំពៅ​លូន តែង​ទៅ​ប្រកប​របរ​លក់ដូរ​ក្នុង​ផ្សារលើ​ទឹកដី​សៀម​ឈ្មោះ​ខៅ​ឌី​ន ឬ​ភ្នំ​ដី ហើយ​ខ្លះទៀត​បាន​ប្រកបរ​បរអូស​រទេះដឹក​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ ដើម្បី​ប្រក​បរបរ​ចិញ្ចឹមជីវិត​រាល់ថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរ​បានចេញ​ចូល​ផ្សារ​សៀម​ឈ្មោះ​ខៅ​ឌី​ន នៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ជាប់​ព្រំប្រទល់​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ប៉ុន្តែ​បច្ចុប្បន្ននេះ​ពួកគាត់​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​ភាគី​សៀម​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ចំណែក​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រកព្រំដែន​ពុំមាន​លទ្ធភាព​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​សៀម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន​ដោយ​រលូន​នោះទេ​។

​ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន​តាម​ច្រក​ភ្នំ​ដី បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​សៀម​ប្រចាំ​ច្រក​នេះ មើលងាយមើលថោក​អាជីវករ​និង​កម្មករ​ខ្មែរ ដោយ​ពួកគេ​មិន​គោរព​ពេលវេលា​ក្នុង​ការបើក​ច្រកព្រំដែន ដើម្បី​ឲ្យ​ពួកគាត់​ប្រកប​អាជីវកម្ម​បាន​រលូន​នោះទេ​។ ជាធម្មតា​ភាគី​ទាំងសងខាង​បាន​ព្រមព្រៀងគ្នា​បើក​ច្រកព្រំដែន​នៅវេលា​ម៉ោង​៧​ព្រឹក ប៉ុន្តែ​ជាក់ស្ដែង​ពេលខ្លះ​រហូតដល់​ម៉ោង​៩​ព្រឹក​ទើប​សមត្ថកិច្ច​សៀម​បើក​ច្រកព្រំដែន ឲ្យ​អាជីវករ​ខ្មែរ​ចូលទៅ​លក់ដូរ​ក្នុង​ផ្សារ​ខៅ​ឌី​ន​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​អាជីវករ​ខ្មែរ​ប្រឈម​នឹង​ខាត​បាង់​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ពលរដ្ឋ​សៀម​ដែល​ចូលមក​ទិញ​ទំនិញ​ផ្សេងៗ​នៅក្នុង​ផ្សារ​ខៅ​ឌី​ន នាំគ្នា​ត្រឡប់ទៅផ្ទះ​វិញ​អស់ ទើប​អាជីវករ​ខ្មែរ​បាន​ចូលទៅ​លក់ដូរ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​អភិបាលស្រុក​ភ្នំព្រឹក ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរពិនិត្យមើល​និង​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​អាជីវករ​និង​កម្មករ​ខ្មែរ​ដែល​ប្រកប​របរ​ទទួលទាន​តា​ម​ច្រក​ភ្នំ​ដី កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​។ អាជីវករ​និង​កម្មករ​ខ្មែរ​បាន​ទទួលស្គាល់ថា សមត្ថកិច្ច​ភាគី​ខ្មែរ​មិនមាន​បញ្ហា​អ្វី​ទេ គឺ​តែង​បើក​ច្រក​ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​តាម​ម៉ោង​កំណត់ ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួន ចំណែក​ភាគី​សៀម​គឺ​សមត្ថកិច្ច​របស់គេ មិន​អនុវត្តន៍​ទៅតាម​អ្វី​ដែលជា​កិច្ចព្រមព្រៀង​រវាង​សមត្ថកិច្ច​ទាំងពីរ​ភាគី​នោះឡើយ​។ ជាមួយគ្នានេះ​មានការ​រិះគន់ថា នៅពេល​កម្មករ​ខ្មែរ​អូស​រទេះ​ដឹកទំនិញ​បន្តិចបន្តួច​ចេញពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ គឺ​សមត្ថកិច្ច​ច្រកព្រំដែន​បាន​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់ ចំណែក​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ មិនឃើញ​មានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ខិលខូច​នៅតែ​អាច​នាំចូល​សាច់មាន់ សាច់ជ្រូក និង​ប្រហិត​ខូចគុណភាព ក៏ដូចជា​ទំនិញ​ខុសច្បាប់​ផ្សេងៗ​ទៀត​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​៕

phnom-preuk1-500x375 2320162259bbaលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង