ចំហាយ​ក្លិន​ចេញពី​រោងចក្រ​ម៉េង​តុង​ម៉េង​យ៉ាន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​គ្រូ​និង​សិស្ស​នៅ​ស្វាយ​រលំ​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​អំពាវនាវ​ដល់​លោក ម៉ៅ ភិ​រុណ ជា​អភិបាល​ខេត្តកណ្ដាល និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​ក្លិន​ឈ្ងៀម​ភាយ​ចេញពី​រោងចក្រ​ម៉េង​តុង​ម៉េង​យ៉ាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់ ក៏ដូចជា​គ្រូ​និង​សិស្ស​នៅក្នុង​អនុវិទ្យាល័យ​ស្វាយ​រលំ​។ បញ្ហា​នេះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកណ្ដាល និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ដទៃទៀត ក៏ដូចជា​អាជ្ញាធរ​ស្រុក​ស្អាង និង​អាជ្ញាធរ​ខេត្តកណ្ដាល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ​ផលប៉ះពាល់​និង​កើតមាន​កាន់តែ​ធ្ងន់ធ្ងរ​ជាមិនខាន ហើយ​ប្រជាពលរដ្ឋ​ក៏ដូចជា​លោកគ្រូ អ្នកគ្រូ និង​សិស្សសាលា ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​គ្មាន​ទីបញ្ចប់​។

​ប្រភពពី​លោកគ្រូ អ្នកគ្រូ និង​សិស្សសាលា​នៃ​អនុវិទ្យាល័យ​ស្វាយ​រលំ ក្នុងភូមិ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ពួកគាត់​កំពុង​រង​ផលប៉ះពាល់​សុខភាព​ពី​ចំហាយ​ក្លិន​ភាយ​ចេញពី​រោងចក្រ​ម៉េង​តុង​ម៉េង​យ៉ាន បណ្ដាល​ឲ្យ​រមាស់​ស្បែក កណ្ដាស ស្ងួត​បំពង់ក ហូរ​ទឹកភ្នែក ហើយ​ជួន​ការដកដង្ហើម​ស្ទើរ​លែងរួច​។ គ្រូបង្រៀន​ខ្លះ​នៅពេល​អត់ទ្រាំ​នឹង​ក្លិន​ឈ្ងៀម​មិនបាន​ក៏​រត់​ចេញពី​សាលា ហើយ​សិស្ស​ក្នុង​មួយ​ថ្នាក់ៗ​ពី​៥០​ទៅ​៦០​នាក់ ហើយ​តិច​បំផុត​៤៥​នាក់ គឺ​ពួកគេ​សុខចិត្ត​ពាក់​ម៉ាស់​អង្គុយ​រៀន​ទោះ​រង​ផលប៉ះពាល់​ដល់​សុខភាព​ក៏ដោយ​។ លោកគ្រូ អ្នកគ្រូ បាន​ឲ្យ​ដឹងថា កន្លងមក​ធ្លាប់មាន​មន្ត្រី​អាជ្ញាធរ​ឃុំ​-​ស្រុក​-​ខេត្ត និង​មន្ត្រី​បរិស្ថាន ចុះទៅ​ពិនិត្យមើល​ផងដែរ តែ​ក្រោយពេល​ពិនិត្យ​រួច​ចេញទៅ​បាត់ មិនឃើញ​ចេញ​ជា​លទ្ធផល​អ្វី​ទាំងអស់ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​រោងចក្រ​ម៉េង​តុង​ម៉េង​យ៉ាន​។​

កន្លងមក​លោកគ្រូ អ្នកគ្រូ និង​សិស្សសាលា​អនុវិទ្យាល័យ​ស្វាយ​រលំ ធ្លាប់បាន​តវ៉ា​ជាមួយ​ខាង​រោងចក្រ​ផងដែរ ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​នៅ​ទីបំផុត​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក នៅតែ​បន្ត​ឲ្យ​ខាង​រោងចក្រ​ដំណើរការ​យ៉ាង​រលូន​ជះក្លិន​សារធាតុ​គីមី​កាន់តែខ្លាំង​ថែមទៀត​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​រលំ ក៏ដូចជា​មជ្ឈដ្ឋាន​នានា​សង្ស័យថា មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​មន្ត្រី​បរិស្ថាន​ខេត្តកណ្ដាល ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​រោងចក្រ​ម៉េង​តុង​ម៉េង​យ៉ាន ទើប​មិន​គិតគូរ​ពី​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ សិស្សសាលា និង​លោកគ្រូ អ្នកគ្រូ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​ក្លិន​ភាយ​សារធាតុ​គីមី​ចេញពី​រោងចក្រ​ម៉េង​តុង​ម៉េង​យ៉ាន បង្ក​ផលប៉ះពាល់​កាន់តែខ្លាំង​ឡើងៗ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​៕

10 13 11-1