មន្ត្រី​ជំនាញ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រង​ការរិះគន់​គាប​យកលុយ​ពី​អ្នក​ឆ្លងដែន​

ប្រភពព័ត៌មាន​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រាយការណ៍​នៅ​ចុង​សប្តាហ៍​នេះ​ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្ដរជាតិ​ជាំ​ស្រងាំ នៅតែ​បន្ត​គាប​យកលុយ​លើស​កំណត់​ក្នុងការ ធ្វើ​ប័ណ្ណឆ្លងដែន ខណៈដែល​ក្រសួងមហាផ្ទៃ​កំណត់ឱ្យ​យក​១​ក្បាល​៥​ម៉ឺន តែម​ន្ដ្រី​យក​ដល់​១០​ម៉ឺន​រៀល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា កន្លងមក​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ​ធ្លាប់​ព្រមាន​ពី​បញ្ហា​ខាងលើនេះ តែ​រហូតមក​ដល់ពេលនេះ​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ​នៅតែ​ប្រព្រឹត្ត​បទល្មើស​ដដែល ហើយ​ថែមទាំង​បង្ហើប​ថា​ពួកគេ​បាន​បង់លុយ​ឲ្យ​ថ្នាក់លើ​រួចទៅហើយ​។​

មន្ត្រី​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង រិះគន់ថា​បាន​ឯកសារ​ប័ណ្ណ​ព្រំដែន​១​ក្បាល តម្លៃ​៥​ម៉ឺន​រៀល សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ តែ​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​មានតម្លៃ​៧​ម៉ឺន​រៀល រហូតដល់​១០​ម៉ឺន​រៀល​ក៏មានដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​ទាំងនេះ បានធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ប្រជាពលរដ្ឋ ព្រោះ​វា​មានតម្លៃ​ខ្ពស់​ពេក​ខណៈ​ចំណូល​របស់​ពួកគាត់​នៅមានកម្រិត​ទាប​។​

​ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រិះគន់ថា ការដែល​មន្ត្រី​ជំនាញ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ​នៅតែ​អាច​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​បាន​យ៉ាង​រលូន គឺ​ដោយសារតែ​មានការ​ឃុបឃិត​ពី​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ​មិន​ខាន ព្រោះ​បើ​មានការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ មន្ត្រី​នៅ​មូលដ្ឋាន​មិនអាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​បានឡើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ស្រុក​អន្លង់វែង បាន​សំណូមពរ​ដល់ លោក ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ជួយ​សម្រួល និង​ដោះស្រាយ​ជូន​ពួកគាត់​ផង ព្រោះ​សេដ្ឋកិច្ច​រាល់ថ្ងៃនេះ​វា​មិនសូវ​ល្អ​ទេ ហើយ​ពួកគាត់​សង្ឃឹមថា ថ្នាក់ដឹកនាំ​ខេត្ត​នឹង​រក​វិធាន​ការជូន​ពួកគាត់​បានឱ្យ​ឆាប់រហ័ស​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ថ្នាក់​ខេត្ត​មិន​ជួយ​ដោះស្រាយ​ឲ្យ​ពួកគាត់ នោះ​បញ្ហា​នឹង​នៅតែ​បន្ត​កើតមាន ហើយ​ប្រជាពលរដ្ឋ​ដែល​ចាំបាច់​ក្នុងការ​ឆ្លងដែន​មិនអាច​មាន​ជីវភាព​ប្រសើរឡើង​នោះឡើយ ខណៈ​អ្នក​ឆ្លងដែន​ភាគច្រើន​ទៅធ្វើជា​ពលករ​ឲ្យ​ថៅកែ​សៀម​៕

3-3 2-3