​លោក កឹម សុខា បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឃើញ​ខ្មែរ​ងាក​មក​ចរចា​ដោះស្រាយ​បញ្ហា​

នៅថ្ងៃនេះ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មកពី​ខេត្តព្រៃវែង​ថា ភាគី​ខ្មែរ​គប្បី​ងាក​មក​ចរចា​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​។ ទន្ទឹមនឹងនេះ លោក កឹម សុខា បាន​បញ្ជាក់ថា នៅពេលដែល​យើង​ធ្វើ​ឲ្យ​គេ​ឈឺចាប់ ហើយ​ត្រូវគេ​ធ្វើទុក្ខបុកម្នេញ​មកលើ​ខ្លួន​យើង គ្រួសារ​យើង​វិញ តើ​យើង​ឈឺចាប់​យ៉ាងណា​? លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើ​យល់​ពី​បញ្ហា​ហ្នឹង​សូមកុំ​ធ្វើ​ឲ្យ​គេ​ឈឺចាប់ ហើយ​កុំ​អាង​ខ្លួន​មានអំណាច ចេះតែ​ដើរ​ធ្វើ​ឲ្យ​គេ​ឈឺចាប់​។​

​លោក កឹម សុខា ក្នុងនាម​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់ដែរថា នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ប្រតិ​ប​ត្ដិ​ស្រុក​ក្នុង​ទូទាំង​ខេត្តព្រៃវែង បាន​ចូលមក​សួរសុខទុក្ខ​លោក និង​បាន​សម្ដែង​នូវ​ការគាំទ្រ​នូវ​គោលជំហរ នៃ​ការតស៊ូ​លះបង់​របស់លោក​។ លោក កឹម សុខា បាន​បន្ថែមថា អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​សម្តែង​ការគាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចំពោះមុខ​ស្ថានការណ៍​គំរាមកំហែង​គ្រប់​រូបភាព​មកលើ​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លើសពីនេះទៅទៀត អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មកពី​គ្រប់​បណ្តា​ខេត្ត​ក្រុង​បាន​ប្ដេជ្ញាចិត្ត​នៅ​ឃ្លាំមើល​ស្ថានការណ៍​នេះ​ជា​រៀងរហូត និង​តស៊ូ​នៅ​គ្រប់​កាលៈទេសៈ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា មានតែ​ខ្មែរ​ទេ ដែល​ស្រឡាញ់​ខ្មែរ ជាង​អ្នកណា​ទាំងអស់​។ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន មាន​លក្ខណៈ​ផុយស្រួយ​គួរ​ឲ្យ​បារម្ភ យោងតាម​តថភាព​សង្គម និង​ស្ថានភាព​ជាក់ស្ដែង យើង​គួរ​ទទួលយក​បញ្ហា​មក​គិត ពិចារណា​រក​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ផលប្រយោជន៍​ខ្មែរ​យើង​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ស្ថានភាព​នយោបាយ​តំបន់ នយោបាយ​ពិភពលោក តម្រូវ​ឲ្យ​យើង​មូលមតិ​គ្នា ជំរុញ​ការងារ​ជាតិ​ទៅមុខ ដើម្បី​កុំ​ឲ្យ​អ្នកជិតខាង​គេ​បន្ត​ប្រមាថមើលងាយ​ពូជខ្មែរ ថា​ជា​ពូជ​អន់ថយ ចេះតែ​ឈ្លោះ​គ្នា មិន​ពូកែ​ខាង​រួមគ្នា កសាង​ជាតិ​ទេ​។ ដូច្នេះ យើង​ជា​ខ្មែរ​គ្រប់រូប​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ស្វែងរក​សេចក្តីសុខ និង​សុភមង្គល​ពិតប្រាកដ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​៕

13325493_1374285795922049_1991490646252428216_n 13310640_1374285805922048_6927194942874076125_n