​ទុក្ខ​ស្រី ប្តីកាន់​លុយ​

ខេត្តក្រចេះ​ ៖​ ​​​ស្ត្រី​ម្នាក់​​​ត្រូវ​កម្លាំងនគរបាល​ស្រុក​ព្រែក​ប្រសព្វ​​កំណត់​​ថា បាន​​ស្លាប់​ដោយសារ​ការ​​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ​ហើយ​ក៏​​ត្រូវ​អ្នក​ភូមិ​សន្និដ្ឋាន​ទៀត​​ថា មូលហេតុ​ដោយសារ​តែ​នាងពិបាក​ និង​រស់នៅ​ជាមួយ​បុរស​ជា​ប្តី ដែល​ពោរ​​ពេញទៅ​​ដោយ​ភ្លើង​ប្រចណ្ឌ​​ខ្លាំង និង​តូចចិត្ត​ព្រោះតែ​ប្តី​ ជា​អ្នក​​ក្តោប​ក្តាប់​សេដ្ឋកិច្ច​​ក្នុង​គ្រួសារ​គ្រប់​បែ​ប​​យ៉ាងទាំងអស់ ​។

នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ឱ្យ​​ដឹង​​ថា ​​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​នួន សុ​ដា​វី អាយុ​២៦​ឆ្នាំ ត្រូវ​​​សាច់ញាតិ​ប្រទះ​ឃើញ​​ស្លាប់​ដោយ​​យក​ក្រម៉ា​​ចង​.​ក​នៅ​បន្ទប់ទឹក​​ក្នុង​ផ្ទះ​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ កាលពី​យប់​ថ្ងៃ​ទី​៣ ​មិថុនា​ ។

បើ​តាម​ការ​បញ្ជាក់​ពី​​បុរស​ជា​ប្តី​ឈ្មោះ​បេ ទ្រី អាយុ​៥២​ឆ្នាំ​ ​ឱ្យ​​ដឹង​ថា ​ក្រោយ​ពី​មាន​ជម្លោះ​ពាក្យ​សម្តី​ក្នុង​គ្រួសារ ​ប្រ​ព​ន្ធគាត់​​បាន​ប្រមូល​ខោអាវ​​ទៅ​បោកគក់​ក្នុង​បន្ទប់​ទឹក និង​​​ចាក់គន្លឹះ​ទ្វារ​​ជាប់ ។  ​រយៈ​​ពេល​មួយ​ម៉ោង​ ​​គាត់​​ដើរ​ទៅ​ងូតទឹក ​ស្រាប់តែ​ប្រទះ​ឃើញ​​ប្រ​ព​ន្ធ​​ស្លាប់​​ដោយ​​ចង.​កបាត់ទៅហើយ ​។

​ជុំវិញ​ការ​សម្រេច​ចិត្ត​​ធ្វើ​អត្តឃាត​​របស់​​ស្ត្រី​រង​គ្រោះ ត្រូវ​​​អ្នក​ភូមិ​លើក​​ឡើង​ថា ដោយសារ​តែ​នាង​​ពិបាក​រស់នៅ​ជាមួយ​ប្តី ដែល​តែង​តែ​ប្រ​ចណ្ឌ​ រករឿង​នាង ព្រោះ​ប្រ​ព​ន្ធ​មាន​​វ័យក្មេង​​ជាង​។ ​​កន្លង​មក ​ក៏​ធ្លាប់​មានរឿងឈ្លោះ​ប្រកែក​គ្នា​​ខ្លាំងដែរ ធ្វើ​​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ​​​សម្រេច​ចិ​ត្ត​វេច​បង្វិច​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​អស់​មួយ​រយៈ ​ដោយសារ​តែ​ទ្រាំ​មិន​បាន​ ពី​ការ​រករឿង​ពី​ប្តី​ខ្លាំង​​ពេក​ ។

ប្រភព​បន្ត​​ថា មិន​ត្រឹមតែ​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ខ្លាំង​​នោះ​ទេ ស្ត្រី​រងគ្រោះ​តែងតែ​និយាយ​ប្រាប់​គេឯង​​ថា «នាង​ខ្មាស់​គេ​ ដោយសារ​គ្មាន​លុយ​នៅ​​ជាប់​​ខ្លួន ​ព្រោះ​តែ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ត្រូវ​ប្តី​នាង​ជា​អ្នក​ក្តោប​​ក្តាប់ សូ​ម្បី​តែ​ទៅ​ទិញ​ម្ហួ​​ប​នៅ​ផ្សារ​» ។ ដូច​ទៅ​នឹង​​អ្វី​ដែល​បាន​​បង្ហើប​ប្រាប់​​នេះ ទើប​អ្នក​ភូមិ​​សន្និដ្ឋាន​ថា ការ​សម្លាប់​ខ្លួន​របស់​ស្ត្រី​រង​គ្រោះ​ចោល​កូន​២នាក់ ដោយសា​តែ​នាង​ពិបាក​​​រស់​នៅ​ជាមួយ​​​ប្តីនោះឯង ​។