​១៨​នាក់​ត្រូវ​សង្គ្រោះ​​​ពីប្រទេស​ឥណ្ឌូ​ណេ​ស៊ី

ខេត្តសៀមរាប​ ៖ ពលករ​រង​គ្រោះ​ចំនួន​១៨​នាក់ ក្នុង​ចំណោម​២១​នាក់ ដែល​បានចាញ់​​បោក​​មេខ្យល់ ហើយត្រូវ​សមត្ថកិច្ច​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ឃាត់ខ្លួន​នោះ ត្រូវ​​បាន​វិល​ត្រឡប់​មក​ដល់​​មូលដ្ឋាន​របស់​ខ្លួន​វិញ​​ហើយ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ​មិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប ។

​មន្ត្រី​អគ្គលេខាធិការដ្ឋាន​នៃ​គណកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​មនុស្ស​នៃ​ក្រសួងមហាផ្ទៃ បាន​ជូន​ដំណើរ​ពលករ​​រង​គ្រោះ​ចំនួន​​១៨​នាក់ មក​ដល់​សាលាស្រុក​ជីក្រែង ខេត្តសៀមរាប បន្ទាប់​ពី​​​ទទួល​ពលករ​រង​គ្រោះ​ទាំងនោះ នៅ​​អាកាសយានដ្ឋាន​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២​ មិថុនា ​មកនោះ ​។

ពលករ​រង​គ្រោះ​ទាំង​១៨​នាក់​ ត្រូវ​​អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ីឃាត់ខ្លួន និង​ចាត់​បញ្ជូន​មក​កម្ពុជា​វិញ ដោយ​មានការ​ជួយ អន្តរា​គមន៍ និងសម្របសម្រួល​ពី​សំណាក់​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ឥណ្ឌូ​ណេ​ស៊ី  ។

ការ​មក​ដល់​មូលដ្ឋាន​របស់​​ពលករ​រង​គ្រោះ​ទាំង​១៨​នាក់​​នោះ គេ​សង្កេត​ឃើញ​មានការ​ចាំ​ទទួល​ស្វាគមន៍ ដោយលោក​ជំទាវជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួយ​ដូរ​មនុស្ស មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ព្រម​ជាមួយ​វត្តមាន​របស់​អង្គការក្រៅរដ្ឋាភិបាល ដែល​ជា​ពិសេស​នោះ គឺ​មាន​វត្តមាន​ឪពុក​-​ម្តាយ-ប្រពន្ធ​-​កូន​នៃ​ពលករ​រង​គ្រោះ​ទាំងនោះ​ផង​ដែរ ។  

បើ​តាម​ការ​រៀបរាប់​របស់​ពលករ​រង​គ្រោះ​ទាំង​នោះថា គឺ​ពួក​គាត់​បាន​បង្ហាញ​អំពី​ការ​​ខកចិត្ត ដែល​ពួក​គាត់​ត្រូវ​បាន​ចំណាកស្រុក ទៅ​លក់​​កម្លាំង​ពលកម្ម​ខុស​គោលដៅ​ ដែល​បាន​គ្រោងទុក ។ ពួក​គាត់​ត្រូវ​​មេខ្យល់​ចាត់​បញ្ជូន​ឱ្យ​​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​ ។​ ប្រការ​ដែល​ពួក​គេ​ចង​ចាំ​មិន​អាច​ភ្លេច​បាន ​និង​ជា​មេរៀន​សម្រាប់​ជីវិត​នោះ គឺ​ជីវិត​ជា​​ទំនិញ ត្រូវ​បាន​គេ​ប្រើប្រាស់​ហួស​ពី​កម្លាំង​មនុស្ស​ជាង​សត្វ​ធាតុ​ទៅ​ទៀត​ ។​