ភាព​វៃឆ្លាត របស់​នារី​វ័យក្មេង អាច​គេច​ផុត​ពី​ចង្កូម​បិសាច​តណ្ហា

ភាព​វៃឆ្លាត របស់​នារី​វ័យក្មេង អាច​គេច​ផុត​ពី​ចង្កូម​បិសាច​តណ្ហា



បាត់ដំបង ​៖​ ជនសង្ស័យ​ម្នាក់ ដែលជា​បិសាច​តណ្ហា ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទៅតាម​ពាក្យបណ្តឹង​របស់​ឪពុក​នារី​រងគ្រោះ ដែល​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ បាន​ចាប់​សម្រាត​ខោ​កុមារី​រងគ្រោះ​អស់​គ្មាន​សល់​ក្នុង​គោលបំណង​សម្រេច​តណ្ហា​របស់​ខ្លួន ប៉ុន្តែ​ទៅ​ជា​ចាញ់កល​កុមារី​រងគ្រោះ​ទៅវិញ។

យោង​តាម​ពាក្យបណ្តឹង​របស់លោក គី​វ សុ​ផុន ហៅ​ចាន់ អាយុ​៥៨​ឆ្នាំ ត្រូវជា​ឪពុក​កុមារី​រងគ្រោះ ​រស់នៅ​ភូមិ​រាំង​ក្រោល ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ប្តឹង​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡុង ដា​វុន ហៅ​ចិ​ប ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​វត្ត​កណ្តាល ឃុំ​រាំង​កេ​សី​ជាមួយគ្នា ​ថា​​បាន​ចាប់​រំលោភ​កូនស្រី​របស់​លោក​ឈ្មោះ ផ.ស.វ.ណ.ន ​អាយុ​១៣​ឆ្នាំ កាលពី​ថ្ងៃទី​៣ ខែមិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ត្រង់​ចំណុច​វាលស្រែ​ខាងត្បូង​ភូមិ​ប្រហែល ៥០០​ម៉ែត្រ តែ​មិនបាន​សម្រេច។

ក្នុង​ពាក្យបណ្តឹង​នោះដែរ គឺ​កុមារី​រងគ្រោះ​បាន​រៀបរាប់ថា នៅ​ព្រឹក​មុនពេល​កើតហេតុ​ គឺ​រូបនាង​បានធ្វើ​ដំណើរ​ទៅខាង​ត្បូង​ភូមិ​ដើម្បី​រក​បេះ​ផ្លែ​ព្រីង។ នៅពេលដែល​នាង​កំពុង​តែ​ឡើង​ទៅលើ​ដើម​ព្រីង​ដើម្បី​បេះ​ផ្លែ​ព្រីង ​ ក៏​ស្រាប់​តែ​មាន​យុវជន​ម្នាក់ ​ដែល​​​​ជា​អ្នក​​​រស់នៅ​ភូមិ​ក្បែរ​គ្នា បាន​ឡើង​ទៅលើ​ដើម​ព្រីង​នេះ​ដែរ។

មួយសន្ទុះ​ក្រោយមក ដោយសារតែ​ចំណុច​នេះ​មាន​សភាព​ស្ងាត់​ពេក នាង​ក៏បាន​ចុះ​ពី ដើម​ព្រីង ក្នុង​គោលបំណង​វិលត្រឡប់​ទៅផ្ទះ​វិញ តែ​ក៏ត្រូវ​យុវជន​រូបនេះ​ចុះ​យ៉ាង​លឿន​ ដោយ​បានមក​ចាប់​នាង​ផ្តួល​ទៅលើ​ដី ហើយ​ធ្វើ​សកម្មភាព​ចាប់​ស្រាតខោ​របស់​នាង​ទាំង​ក្នុង ទាំង​ក្រៅ​អស់រលីង ព្រមទាំង​បាន​ឡើង​ក្រាប​ពោប​ពីលើ​នាង​ថែម​ទៀត​ផង​ ក្នុង​គោលបំណង​រំលោភ។

កុមារី​រងគ្រោះ​បាន​ប្រាប់​អំពី​ភាព​វៃឆ្លាត​របស់​នាង​ថា នៅក្នុង​ពេលដែល​រាងកាយ​នាង​កំពុង​ស្ថិត​ក្នុង​ភាព​អាក្រាត ហើយ​ម្យ៉ាងទៀត​យុវជន​រូប​នេះ​ក៏​កំពុង​ក្រាប​ជាប់​ពីលើ​នាង​ ទើប​នាង​បាន​និយាយ​តិចៗ​ប្រាប់​គេ​ថា​ ពូ ! មាន​មនុស្ស​ដើរមក​ហើយ។ ពាក្យ​មួយ​ម៉ាត់​នេះ ធ្វើ​ឲ្យ​យុវជន​នេះ​បាន​ស្ទុះ​ងើបឈរ​ឡើង​ទាំង​មិនបាន​ប្រុងប្រយ័ត្ន ធ្វើ​ឲ្យ​ឱកាស​ល្អ​បាន​ហុច​ឲ្យ គឺ​នាង​បាន​ងើប​រត់​ទាំង​ខ្លួន​អាក្រាត​តម្រង់​ទៅផ្ទះ​របស់​នាង​ដើម្បី​ឲ្យ​អ្នកភូមិ​ជួយ ទីបំផុត​រូបនាង​បាន​រួច​ផុតពី​ចង្កូម​បិសាច​តណ្ហា​ដោយ​ជោគជ័យ​ ទើប​ឪពុក​នាង​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​តែម្តង ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ ដោយ​នៅពេល​នេះដែរ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ កំពុង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ៕

ភាព​វៃឆ្លាត របស់​នារី​វ័យក្មេង អាច​គេច​ផុត​ពី​ចង្កូម​បិសាច​តណ្ហា