រថយន្ត​សណ្ដោង​កុងតឺន័រ​ បើក​បត់​ស្ដាំ​ចំណុច​ភ្លើង​ស្ដុប​កិន​ម៉ូតូ​១​គ្រឿង​ខ្ទេច​ សំណាងល្អ​ម្ចាស់​របួសស្រាល​

រថយន្ត​សណ្ដោង​កុងតឺន័រ​ បើក​បត់​ស្ដាំ​ចំណុច​ភ្លើង​ស្ដុប​កិន​ម៉ូតូ​១​គ្រឿង​ខ្ទេច​ សំណាងល្អ​ម្ចាស់​របួសស្រាល​



ភ្នំពេញ ៖ បុរស​ជា​អ្នក​ជិះ​ម៉ូតូ​​ម្នាក់ ​ហាក់​ដូចជា​សំណាងល្អ​ គ្រាន់តែ​រង​របួស​បន្តិចបន្តួច​ប៉ុណ្ណោះ ខណៈ​ដែល​រថយន្ត​សណ្ដោង កុងតឺន័រ​១​គ្រឿង បើក​បត់​ស្តាំ​នៅ​ចំណុច​ភ្លើងស្តុប ​រួច​កៀរ​ម៉ូតូ​ជនរងគ្រោះ​ជាប់​ក្រោម​រថយន្ត​អូស​ជាង​១០​ម៉ែត្រ​នោះ។

ហេតុការណ៍​នេះ បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​ ៦​ព្រលប់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ ចំណុច​ភ្លើងស្តុប អូរ​ដឹ​ម​កប់​ស្រូវ កែង​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ ពោធិ​សែន​ជ័យ។

តាម​អ្នក​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ចំណាស់​ម្នាក់ ជិះ​ម៉ូតូ ម៉ាក​ហុងដា​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច​១​គ្រឿង ​​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច។ ចំណែក​ឯ​រថយន្ត​ដែល​បង្កហេតុ ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ទឹកក្រូច សណ្ដោង​រ៉ឺម៉ក​កុងតឺន័រ ដឹកទំនិញ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-4713 បាន​បើក​ក្នុង​ទិសដៅ​ស្របគ្នា​ ខណៈ​មកដល់​កន្លែង កើតហេតុ​ជា​ចំណុច​ភ្លើងស្តុប​ផ្លូវកែង, ​​រថយន្ត​បង្ក​បាន​បត់​ស្ដាំ ទៅ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ចៃដន្យ ម៉ូតូ​រងគ្រោះ​បាន​មក​ទន្ទឹមគ្នា នឹង​រថយន្ត។ ប៉ុន្តែ​រថយន្ត​ខ្ពស់ និង​វែង​មើល​មិន​ឃើញ​ម៉ូតូ​នៅ​ក្បែរ ទើប​បណ្ដាល​ឲ្យ​កៀរ និង​កិន​ម៉ូតូ​គុប រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​។ ចំណែក អ្នក​ជិះ​ម៉ូតូ​ពិតជា សំណាង​ល្អ​ណាស់​ដែល​គេច​ផុត ពី​កង់​រថយន្ត​របួសស្រាល ហើយ​រថយន្ត​កិន​ម៉ូតូ​អូស​ជាង ១០​ម៉ែត្រ​ទើប ឈប់ ​រួច​ក៏​ត្រូវ​ប្រជាពលរដ្ឋ ឃាត់​អ្នក​បើកបរ​បាន នៅ​កន្លែង​កើតហេតុ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​កន្លែង​កើតហេតុ តែ​ភាគី​ទាំងសងខាង បាន​សុំ​សម្រួល​គ្នា​សិន លុះ​ជាង​១​ម៉ោង​ក្រោយមក ដោយ​ការ​ចរចា​មិន​ត្រូវ​គ្នា ព្រោះ​ខាង​ម៉ូតូ​ទារ ៥០០ ដុល្លារ ចំណែក​ខាង​រថយន្ត​ព្រម​ឲ្យ​តែ ១០៩​ដុល្លារ​ប៉ុណ្ណោះ​។ ពេលនោះ​សមត្ថកិច្ច​ជំនាញ​ចុះ វាស់​វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​ទុក​នៅ​ផ្នែក​ចរាចរណ៍ ខណ្ឌ​ពោធិ៍សែន​ជ័យ ដើម្បី​រង់ចាំ​ធ្វើការ​ដោះ​ស្រាយ​គ្នា នៅ​ពេល​ក្រោយ​ទៀត៕