ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​រំលោភ​ចូល​អូរដើម្បី​ធ្វើជា​ផ្លូវ​ចេញចូល​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​

ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​រំលោភ​ចូល​អូរដើម្បី​ធ្វើជា​ផ្លូវ​ចេញចូល​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​



ព្រះសីហនុ​ ៖​ អស់​រយៈពេល​ជាង​២​ខែ​កន្លង​មក​នេះ​ ថៅកែ​ផ្ទះ​សំណាក់​យីហោ «ជី​ប៊ី​ធី» ដែល​បាន​ពាក់ព័ន្ធ នឹង​ការ​ចាក់​ដី​រំលោភ​យក​ដី​អូរ​ប្រវែង​ប្រមាណ ៧ ម៉ែត្រ ត្រង់​ចំណុច​តំបន់​ស្រែ​ត្រកួន ស្ថិត​នៅក្នុង​សង្កាត់​លេខ ៤ ជាប់​ព្រំប្រទល់​សង្កាត់​លេខ២នោះ នៅ​មិន​ទាន់​បាន​កាយ​ចេញ​វិញ​តាម​បទបញ្ជា របស់​អាជ្ញាធរ​ខេត្ត​នៅឡើយ​នោះ​ទេ។ ចំណុច​នេះ អាច​បញ្ជាក់​បាន​ថា ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ហាក់ មិន​មាន​ការ​ខ្វាយខ្វល់ ជាមួយនឹង​វិធានការ​អនុវត្តន៍​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​អ្វី​បន្តិច​នោះ​ឡើយ។

ជុំវិញ​បញ្ហា​ខាង​លើនេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​ម្នាក់ ដែល​អាច​យក​ជា​ការបាន លួច​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ដូចជា​មិន​មាន​បំណង​កាយ​ដី ដែល​ខ្លួន បាន​ចាក់​ចូល​អូរ​ប្រវែង ៧ ម៉ែត្រ​នោះ​ចេញ​វិញ តាម​បទបញ្ជា​របស់​សាលាខេត្ត​នោះ​ទេ គឺ​គេ​គ្រាន់តែ​ធ្វើការ​កាត់​បង្គោល​ថ្ម ដែល​បោះ​នៅ​ចំ​កណ្ដាល​អូរ​មួយ​ចំនួន​តែប៉ុណ្ណោះ ហើយ​ចំពោះ​ដី ដែល​បាន​ចាក់​រួច​ហើយ​នោះ គេ​មានបំណង​ចង់​យក​ធ្វើជា​ផ្លូវ​សម្រាប់​ចេញចូល​ដី​របស់​ខ្លួន។ បញ្ហា​នេះ ត្រូវ​បាន​គេ​អះអាង​ថា ថៅកែ​ផ្ទះសំណាក់​«ជី​ប៊ី​ធី​»កំពុង​រត់ការ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ក្រុង និង​មន្ត្រី​ជំនាញ​សុរិយោដី ប៉ុន្តែ​ត្រង់​ថា សុំ​បាន ឬ​មិនបាន​យ៉ាងណា​នោះ នៅ មិនទាន់​ដឹង​នោះ​ទេ​។

លោក លី វ៉ាន់ដា អភិបាលរងក្រុង​ព្រះសីហនុ បាន​បញ្ជាក់​ថា ចំពោះ​ដី​ដែល​ថៅកែ​ផ្ទះ សំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​លុប​អូរ​ខាង​លើនេះ មិនមាន​បញ្ហា​ផ្សេង ក្រៅ​ពី​ការ​កាយ​ចេញ​នោះ​ទេ គឺ​ត្រូវតែ​កាយ​ចេញ តាម​ការកំណត់​របស់​មន្ត្រី​ជំនាញ ដែល​ធ្វើការ​វាស់វែង​រួច ដើម្បី​ឲ្យ​ស្ថានភាព​ផ្ទៃ​អូរ​ធំ​ទូលាយ​ឡើងវិញ​សម្រាប់ ទឹក​ហូរ​ចេញចូល មិន​មាន​ការ​កកស្ទះ ជាពិសេស​គឺ​រដូវវស្សា​នេះ​តែ​ម្តង។ ចំពោះ​បញ្ហា​នេះ បើ​ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» មិន​ព្រម​អនុវត្ត​តាម​ទេ មុខជា​ប្រឈម​នឹង​ផ្លូវច្បាប់​ហើយ គេច​មិន​ផុត​នោះ​ទេ។

លោក​នូន ប៉ុក ប្រធាន​មន្ត្រី​រៀបចំ​ដែនដី ជុំវិញ​បញ្ហា​ខាង​លើ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ ប៉ុន្តែ កន្លងមក លោក​តែងតែ​និយាយ ដោយ​ប្រកាន់​ជំហរ​យ៉ាង​ប្រាកដប្រជា​ថា ពាក់ព័ន្ធ​នឹង​ជំនាញ​របស់ លោក មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​ អនុវត្ត​ផ្ទុយ​ពី​ផ្លូវច្បាប់​នោះ​ទេ ដូចជា​ការ​ចាក់​ដី​រំលោភ​លើ​អូរ ឬ​សាងសង់​សំណង់​ផ្សេងៗ រំលោភ​លើ​ដី​អូរ រំលោភ​លើ​ដី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ។ ចំពោះ​វិធានការ​ផ្លូវច្បាប់​ បើ​ពិនិត្យ​ឃើញ​ថា បុគ្គល​ណា​ម្នាក់ មានការ​ពាក់ព័ន្ធ​ដូច​ករណី​ខាងលើ​នោះ បុគ្គល នោះ ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួន​ឯង តែ​បើ​មិន​អ៊ីចឹង​ទេ បុគ្គល​នោះ​ប្រឈម​នឹង​ផ្លូវច្បាប់ គេច​មិន​រួច​នោះ​ទេ ដូចនេះ​សូម​ឲ្យ​មានការ​យល់ដឹង និង​គោរព​ច្បាប់​ទាំងអស់​គ្នា​ផង។

គួរ​រំលឹក​ផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ឲ្យ​តែ​រដូវវស្សា​ឈាន​ចូល​មកដល់​ ទីក្រុង​ព្រះសីហនុ​ទាំងមូល​ស្ទើរ​គ្រប់​ទីកន្លែង តែងតែ​មាន​ទឹកកក​ស្ទះ ​ហូរ​កាត់​លើ​ផ្លូវ និង​លំនៅឋាន​ប្រជាពលរដ្ឋ​ខ្លះ​ ដែល​នៅ​ជាប់​នឹង​ដី​អូរ ត្រូវ​ទឹក​ជន់​លិច​ជាប្រចាំ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ដែល​បង្ក​ជាការ​លំបាក គ្រប់​បែបយ៉ាង។

ជុំវិញ​ការ​កកស្ទះ​ទឹក​ហូរ​មិនទាន់​ដូចនេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ លើក​ឡើង​ថា នៅ​ពេល មាន​ភ្លៀង​ធ្លាក់ទឹក​ហូរ​មិនទាន់​បែបនេះ ដោយសារតែ​ដី​អូរ​សំខាន់ៗ​មួយ​ចំនួន​ធំ ដែល​ជា​អូរ​ប្រឡាយ មេ​សម្រាប់​បង្ហូរ​រំដោះ​ទឹក ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ចាក់​ដី លុប​វាតទី យក​ធ្វើជា​កម្មសិទ្ធិឯកជន​ស្ទើរ​អស់​ទៅ​ហើយ។ ជាក់ស្ដែង​ដូចជា អូរ​ប្រឡាយ​មេ តំបន់​ក្បែរ​ក្លិប​កម្សាន្ត (​អិ​ល​វី​)​ អូរ​តំបន់​ស្ពាន​អូរ​សំអាត អូរ​តំបន់ អូរ​មួយ និង​អូរ​តំបន់​ស្រែ​ត្រ​កូន​ជាដើម ហើយ​អូរ​ក្រៅពី​នេះ មួយ​ចំនួន បាន​បាត់​អត្តសញ្ញាណ​អស់​ទៅ​ហើយ ដោយសារតែ​ការ​ចាក់ដី​លុប​។ អ្វី​ដែល​បាន​លើក​ឡើង ខាង​លើនេះ គឺជា​បញ្ជាក់​ឲ្យ​ឃើញ​ច្បាប់​ពី​ទង្វើ មិន​ទទួលខុសត្រូវ ក្នុង​ការ​អនុវត្ត​ច្បាប់​រាប់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពី​ថ្នាក់​ក្រុង​រហូតដល់​ខេត្ត​តែ​ម្តង៕
ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​រំលោភ​ចូល​អូរដើម្បី​ធ្វើជា​ផ្លូវ​ចេញចូល​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​

ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​រំលោភ​ចូល​អូរដើម្បី​ធ្វើជា​ផ្លូវ​ចេញចូល​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​

ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​រំលោភ​ចូល​អូរដើម្បី​ធ្វើជា​ផ្លូវ​ចេញចូល​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​

ថៅកែ​ផ្ទះសំណាក់ «ជី​ប៊ី​ធី» ចាក់​ដី​រំលោភ​ចូល​អូរដើម្បី​ធ្វើជា​ផ្លូវ​ចេញចូល​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​