ខេត្ត​ព្រះសីហនុ ប្រារព្ធ​មិទ្ទិញ ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ​ពិភពលោក ០៥​មិថុនា​

ខេត្ត​ព្រះសីហនុ ប្រារព្ធ​មិទ្ទិញ ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ​ពិភពលោក ០៥​មិថុនា​



ព្រះសីហនុ ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៦ ​មន្ទីរ​បរិស្ថាន ​សហការ​ជាមួយ​អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ ប្រារព្ធ​មិទ្ទិញ​អបអរសាទរ ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ ថ្ងៃ​ទី​០៥ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ឆ្នេរ​អូ​ឈើទាល ​ដោយមាន​ការ​ចូលរួម​ប្រធាន អនុប្រធាន​មន្ទីរ អភិបាល អភិបាលរងក្រុង ស្រុក លោកគ្រូ អ្នក​គ្រូ សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​ភ្ញៀវ​អន្តរជាតិ​ជាង ១០០០​នាក់ ក្រោម​អធិបតីភាព​លោក យន្ត មីន អភិបាល​នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ។

លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​គូស​បញ្ជាក់​ថា ទិវា​បរិស្ថាន ថ្ងៃទី​៥​ខែមិថុនា ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ពិភពលោក​យើង​ស្អាត ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស ជីវចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​ចរី​ភាព សំដៅ​ប្រែក្លាយ​ផ្នត់គំនិត និង​ឥរិយាបថ​របស់ មហាជន​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ប្រែ​ក្លាយទៅជា​កម្លាំង​ចលករ ដើម្បី​ចូលរួម ចំណែក​ដល់​ការ​លើក​កម្ពស់ ប្រសិទ្ធភាព​ការងារ គ្រប់គ្រង​ធនធានធម្មជាតិ ​និង​បរិស្ថាន​លើ​ភព​ផែនដី ស្របតាម​ទស្សនាទាន កា​អភិវឌ្ឍ​ដោយ​ចីរភាព។

លោក​អភិបាល​ខេត្ត បាន​បន្ត​ថា ពិភពលោក​កំពុង ​ទទួលរង​នូវ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា ​កើន​ឡើង​កម្ដៅ​ភព​ផែនដី គ្រោះ​រាំង​ស្ងួត ទឹកជំនន់ ខ្យល់ព្យុះ និង​រលក​កម្ដៅ ជាដើម​។​ល​។​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។

រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ភ្ជាប់​នូវ​ជំហរ​ថែរក្សា ការពារ​បរិស្ថាន និង​ធានា​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ធនធានធម្មជាតិ ឲ្យ​បាន​សមស្រប ដោយ​ធានា​បាន នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ចាំបាច់​យើង​ទាំង​អស់​គ្នា ត្រូវ​យកចិត្ត​ទុកដាក់​ លើក​កម្ពស់​សមត្ថភាព​យល់​ដឹង ព្រោះថា ​ធនធានមនុស្ស​ជា មូលធន​បញ្ញា ពោល​គឺ​ជា​ប្រភព​ធនធាន​មិន​ចេះ​រីងស្ងួត និង​ជា​មូលដ្ឋានគ្រឹះ ធានា​ដល់​និរន្តរភាព នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។

លោក​អភិបាលខេត្ត បាន​បន្ត​ថា រាជរដ្ឋាភិបាល បាន​អនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ឆ្លើយតប ទៅ​នឹង​ការប្រែប្រួល អាកាសធាតុ​កម្ពុជា ឆ្នាំ​២០១៤-២០២៣ ដោយ​ចក្ខុវិស័យ គាំទ្រ​អភិវឌ្ឍ​ឆ្ពោះ​ទៅរក សង្គម​មួយ​ដែល​មាន​ទេសភាព​ពណ៌​បៃតង ស្រស់បំព្រង និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​តិច ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ដោយ​ពឹង​ផ្អែកលើ​ចំណេះដឹង ជា​ត្រីវិស័យ​តម្រង់​ទិស​សកម្មភាព ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ នៅ​កម្ពុជា។ ចំណែក​ឯ វិធានការ​បន្សាំ និង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ផ្ទះ​កញ្ចក់​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ធានា​ដល់​ការ​អភិវឌ្ឍ ក្រោម​លក្ខខណ្ឌ​នៃ​ការ ប្រែប្រួល​អាកាសធាតុ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ​ដែល​បាន បញ្ជាក់​ពី​ភាព​ចាំបាច់ ក្នុង​ការ​បង្កើន​ផលិតភាព​កសិកម្ម ឧស្សាហកម្ម ការ​អភិវឌ្ឍ​ប្រព័ន្ធ​ស្រោចស្រព​ផ្ទៃដី និង​ការគ្រប់គ្រង​ធនធាន​ទឹក សំដៅ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ ទៅ​នឹង​គ្រោះធម្មជាតិ។ ជាពិសេស ការ​ប្រារព្ធ ទិវា​បរិស្ថាន​ជាតិ​-​អន្តរជាតិ ជា​សារ​មួយ​ឲ្យ​ប្រជាពលរដ្ឋ នៅ​ខេត្ត​ព្រះសីហនុ ក៏​ដូច​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ​នៅ​តាម​ផ្លូវ សាធារណៈ​ និង​តាម​គេហដ្ឋាន ឲ្យ​​មាន​សោ​ភណ្ឌ​ភាព​សក​សម ជាទី​ក្រុង​ទេសចរណ៍។

ក្នុង​ឱកាស​នោះ​សមាជិក សមាជិកា​ដែល​បាន​ចូលរួម សំអាត​បរិស្ថាន នៅ​តាម​បណ្ដោយ ឆ្នេរ​អូ​ឈើទាល និង​តាម​ដង​ផ្លូវ​នានា ក្នុង​ក្រុងព្រះសីហនុ​ផង​ដែរ៕
ខេត្ត​ព្រះសីហនុ ប្រារព្ធ​មិទ្ទិញ ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ​ពិភពលោក ០៥​មិថុនា​
ខេត្ត​ព្រះសីហនុ ប្រារព្ធ​មិទ្ទិញ ទិវា​បរិស្ថាន​ជាតិ និង​អន្តរជាតិ​ពិភពលោក ០៥​មិថុនា​