អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្ដឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​រួចហើយ​

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្ដឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​រួចហើយ​



ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី ​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) ​បាន​ទទួល​ពាក្យ​ប្ដឹង​របស់​សមាគម​ជយលាភី​បញ្ញាជន​ ដែល​បាន​ប្ដឹង​ថ្នាក់ដឹកនាំ​ គ​.​ជ​.​ប ​ចំនួន​៤​រូប ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា​ប្រព្រឹត្តិ​អំពើពុករលួយ ​រួចហើយ និង​ដាក់​ចូល​កិច្ចប្រជុំ​ពិភាក្សា​នា​ដើម​សប្ដាហ៍​ក្រោយនេះ។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថ្លែង​បែបនេះ បន្ទាប់ពី​ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន បាន​ដាក់​ពាក្យបណ្ដឹង​មួយ ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ​២០១៦ ថ្មីៗ​នេះ ដើម្បី​ប្ដឹង​ថ្នាក់ដឹកនាំ គ​.​ជ​.​ប ចំនួន ៤ រូប ដែល​មាន ​លោក ស៊ិ​ក ប៊ុន​ហុ​ក​, លោក គួ​យ ប៊ុន​រឿន​, លោក ហង្ស ពុទ្ធា និង​លោក ម៉ៅ សុភា​រិ​ទ្ធ ពី​បទ​សង្ស័យ​ថា បាន​ឃុបឃិត​គ្នា ប្រព្រឹត្តិ​អំពើពុករលួយ ក្នុង​ការ​តែងតាំង និង​ការ​ធ្វើ​សមាហរណកម្ម​មន្ត្រី​រាជការ ក្នុង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រព្រឹត្ត​ក្នុង​ខែ​មករា ឆ្នាំ​២០១៦ កន្លងមក។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦ ថា “​ខ្ញុំ​បាន​ទទួល​ហើយ​នូវ​ពាក្យ​ប្ដឹង​របស់ NGO នេះ ហើយនឹង​ដាក់​ក្នុង​កិច្ចប្រជុំ​ពិភាក្សា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​”​។ ប៉ុន្តែ​ពាក្យ​បណ្ដឹង​នេះ ត្រូវ​បាន​ខាង គ​.​ជ​.​ប អះអាង​ថា មាន​បង្កប់​ន័យ​បរិហារកេរ្តិ៍ ដូច្នេះ​នឹង​ត្រូវ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​

លោក ហង្ស ពុទ្ធា មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា នេះ​ជា​ការ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត ដែល គ​.​ជ​.​ប កំពុងតែ​មមាញឹក ពីព្រោះ​មូលដ្ឋាន​នៃ​ការ​សរសេរ​ពាក្យបណ្ដឹង​នេះ មិន​មាន​លក្ខណៈ​ជាក់ស្តែង និង​មិន​មាន​ភស្តុតាង​នោះ​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​​គ​.​ជ​.​ប​ បាន​ធ្វើ​កន្លងមក គឺ​ស្របតាម​បទដ្ឋាន​គតិយុត្តិ ស្របតាម​ច្បាប់​ ដូច្នេះ គ​.​ជ​.​ប មិន​មាន​អ្វី​បារម្ភ ចំពោះ​រឿង​នេះ​ទេ គ្រាន់តែ​បារម្ភ​ថា ជា​ការ​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ប៉ុណ្ណោះ ហើយ​សាមីខ្លួន ត្រូវតែ​ទទួលខុសត្រូវ​នូវ​អ្វី ដែល​ខ្លួន​បាន​សរសេរ ​នៅ​ក្នុង​នោះ អាច​មាន​ន័យ​ជា​ការ​បរិហារ​កេរ្តិ៍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​បុគ្គល ដូច្នេះ គ​.​ជ​.​ប សង្ឃឹមថា នឹង​ដោះ​ស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ លើ​ទិដ្ឋភាព​ច្បាប់​។​

សូម​បញ្ជាក់​ថា តាម​ពាក្យបណ្ដឹង​របស់​ លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន ដែល​ដាក់​ចូល​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​លើក​ឡើង​ថា សមាគម​បាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ចំពោះ​ការ​អនុវត្តន៍​ច្បាប់​របស់​សមាជិក គ​.​ជ​.​ប ទាំង ៩ រូប ចាប់តាំងពី​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែង ក្នុង​ខែមេសា ឆ្នាំ​២០១៥ មក​។ សមាគម​សង្កេត​ឃើញ​ថា សមាជិក គ​.​ជ​.​ប ទាំង ៩ រូប ជាពិសេស​ប្រធាន អនុប្រធាន អ្នកនាំពាក្យ និង​អគ្គលេខាធិការ​រង​ទាំង​បួន​រូប​ខាងលើ បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ ក្នុង​ការ​តែងតាំង​មន្ត្រីរាជការ ចាប់ពី​ថ្នាក់​នាយកដ្ឋាន រហូតដល់​អនុ​ការិយាល័យ ក្នុង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បច្ចុប្បន្ន ហើយ​បាន​ស្នើ​ឲ្យ​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត និង​ស្រាវជ្រាវ​ចាត់​វិធាន​ការ​តាម​ការគួរ៕

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ទទួល​ពាក្យ​ប្ដឹង​របស់​សមាគម​ជ័យលាភី​បញ្ញាជន​រួចហើយ​