ផ្លូវ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ថៃ ​​អ្នក​ខ្លាច​ខ្មោច​អាច​នឹង​មិន​ហ៊ាន​ឆ្លងកាត់

វីដេអូ​ឃ្លីប​ខ្លី​​​មួយ​ ​បង្ហាញ​ពី​ផ្លូវ​ដ៏​ស្ងាត់​ជ្រងំ​នៅ​ប្រទេស​ថៃ​ ដែល​​​គេ​ហៅ​ឈ្មោះ​ថា “Thailand’s scariest road” បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

ផ្លូវ​ដ៏​គួរ​ឲ្យ​ខ្លាច​បំផុត​នៅ​ថៃ ​​អ្នក​ខ្លាច​ខ្មោច​អាច​នឹង​មិន​ហ៊ាន​ឆ្លងកាត់

 

ផ្លូវ​ដ៏​គួរ​ឲ្យ​​ខ្លាច​​នេះ មាន​ទីតាំង​នៅ​​តំបន់​ Krapook Hill ​ខេត្ត​ Petchburi ជាប់​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​វា​បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ថៃ ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ ​ព្រោះ​តែ​​មើល​ទៅ​ ពិត​ជា​ផ្លូវ​គួរ​ឲ្យ​ខ្លាច​បំផុត ដូច​នៅ​ក្នុង​ភាពយន្ត​រឿង​ខ្មោច។ នៅ​សង​ខាង​ផ្លូវ​នេះ ​មាន​​ដើម​​​​ឈើ​ជា​ច្រើន​អម ប៉ុន្តែ​​អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​នោះ​គឺ មាន​ធាតុ​ខ្មោច​អម​ដង​ផ្លូវ​យ៉ាង​ច្រើន​ថែម​ទៀត។

 

លោក​ Theerapong Iamsa-ard ​ចៅហ្វាយខេត្ត Petchburi ​បាន​ឲ្យ​ដឹង​ថា ធាតុ​ខ្មោច​​​យ៉ាង​ច្រើន ដែល​​តម្រៀប​អម​តាម​ផ្លូវ​នោះ គឺជា​គំនិត​របស់​អតីត​ប៉ូលិស​ម្នាក់ ​ដែល​យល់​ថា នេះ​ជា​ការ​តុបតែង​លំអ​ម្យ៉ាង ដើម្បី​​ឲ្យ​សោភ័ណភាព​​ផ្លូវ​​​ កាន់​តែ​មាន​ភាព​ស្រស់​ស្អាត​ ហើយ​ក៏​​អាច​ជួយ​ឲ្យ​អ្នក​បើកបរ​បន្ថយ​ល្បឿន​ជាង​មុន​ផង​ដែរ៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ coconuts