ក្រុមគ្រួសារលោក ហេង ពៅ បង្ហោះវីដេអូឃ្លីប​ ទទូចរកអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

ក្រុមគ្រួសាររបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញនិងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារសរុបជិត១០០ឆ្នាំ បានបង្ហោះវីដេអូឃ្លីបមួយដោយទទូចសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយថាលោក ហេង ពៅ ជាមនុស្សស្អាតស្អំ។

ក្រុមគ្រួសារលោក ហេង ពៅ បង្ហោះវីដេអូឃ្លីប​ ទទូចរកអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

រូបថតពីវីដេអូឃ្លីបដែលក្រុមគ្រួសារលោក ហេង អំពៅ បង្ហោះលើហ្វេសប៊ុក

ក្នុងវីដេអូឃ្លីបដែលមានរយៈពេលជាង១៨នាទីនិងត្រូវបានបង្ហោះលើប្រពន្ធសង្គមហ្វេសប៊ុកកាលពីថ្ងៃសុក្រ ដោយមិនបង្ហាញឈ្មោះ កូនស្រីរបស់លោក ហេង ពៅ បាននិយាយថារយៈពេល១០ឆ្នាំហើយដែលក្រុមគ្រួសារជួបទុក្ខលំបាក នៅពេលលោក ហេង ពៅ ត្រូវបានចាប់ខ្លួននិងតុលាការកាត់ទោស។ នាងរៀបរាប់ថាអ្នកដែលធ្លាប់ស្គាល់ក្រុមគ្រួសារនិងឪពុក បានឈប់រាប់រកគ្រួសាររបស់នាង។  នាងបានលើកឡើងថា៖ “ពុកម៉ែបងប្អូនដឹងអ្ហេ ពេលដែលយើងនៅមានអំណាច មានមុខមានមាត់ អ្នកណា អ្នកណា ក៏គេសុំថតរូបជាមួយ ដើម្បីយកទៅតាំងនៅក្នុងផ្ទះឬយកទៅតាំងនៅតាមហាង កន្លែងមុខរបរគេរកស៊ី ប៉ុន្តែនៅពេលដែលយើងមានបញ្ហា រូបថតដែលគេថតជាមួយឪពុករបស់កូន ត្រូវគេយកមកបោះចោលនៅមុខផ្ទះ។ អ្នកខ្លះគេដាក់ក្នុងគូថឡាន គេតេឲ្យយើងទៅយករូបថតនោះវិញ ព្រោះតែគេខ្លាច អ្នកខ្លះ គេធ្វើមិនស្គាល់ ពុកម៉ែបងប្អូនទុក្ខលំបាករបស់កូន មិនមានតែប៉ុណ្ណឹងទេ ទុក្ខលំបាករបស់កូនមានច្រើនខ្លាំងណាស់”

នាងបានសុំអន្តរាគមន៍ពីនាយករដ្ឋមន្រ្តីឲ្យមានការសើរើករណីនេះឡើងវិញ។ នាងនិយាយថា៖ “ពុកម៉ែបងប្អូនដឹងអត់ថាទម្រាំតែនាងខ្ញុំដាច់ចិត្តធ្វើវីដេអូនេះឡើង នាងខ្ញុំមិនមានបំណងរំខានបងប្អូន ជាពិសេសកូនមិនមានបំណងរំខានលោកពុកនិងអ្នកម៉ែដែលជាសម្តេចទាំងពីរទេ។ កូនបានធ្វើការទ្រាំអស់រយៈពេល១០ឆ្នាំហើយ កូនរង់ចាំនៅថ្ងៃនេះដែលកូនមានឱកាសអាចផុសវីដេអូនេះឡើង ពីព្រោះតែលោកឪពុកនិងអ្នកម៉ែបានបើកទូលាយនូវសង្គមហ្វេសប៊ុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សម្រាប់អ្នកដែលមានទុក្ខ អាចផុសវីដេអូឬក៏សរសេរជាសារផ្ញើចូលInboxលោកឪពុក ដើម្បីឲ្យលោកឪពុកជួយស្វែងរកយុត្តិធម៌និងលោកពុកដោះស្រាយបងប្អូនប្រជាពលរដ្ឋ”

លោក ហេង ពៅ ដែលជាអតីតស្នងការដ៏មានអំណាចមួយរូប កំពុងអនុវត្តទោសជាប់ពន្ធនាគារសរុប៩៨ឆ្នាំពីបទឧក្រិដ្ឋជាច្រើនករណី។ លោកធ្លាប់បានថ្លែងថាខ្លួនគ្មានទោសហើយថាបទចោទប្រកាន់ទាំងនេះត្រូវបានប្រឌិតឡើងដោយលោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រកាលពីឆ្នាំ២០០៨។

កូនស្រីលោក ហេង ពៅ បានរៀបរាប់ទៀតថាតុលាការបានកាត់ទោសករណីឪពុករបស់នាង ដោយអយុត្តិធម៌និងមិនបានពិនិត្យលើភស្តុតាងឲ្យបានត្រឹមត្រូវ។ នាងនិយាយថា៖ “បើឪពុកខ្ញុំជាឃាតកពិតប្រាកដ សុំឲ្យបង្ហាញភស្តុតាងមក កុំចោទគាត់ដោយគ្មានភស្តុតាង មានតែពាក្យបណ្តឹងអត់មានភស្តុតាងហើយផ្តន្ទាទោស គ្រាន់តែ៧ករណីសោះឲ្យគាត់ជាប់ទោសដល់ទៅជាង១០០ឆ្នាំ”

ក្រុមគ្រួសារលោក ហេង ពៅ បង្ហោះវីដេអូឃ្លីប​ ទទូចរកអន្តរាគមន៍ពីនាយករដ្ឋមន្រ្តី

លោក ហេង ពៅ អតតីស្នងការក្រុងភ្នំពេញ(រូបថតពីហ្វេសប៊ុករបស់កូនស្រី លោក ហេង ពៅ)

កូនស្រីរបស់លោក ហេង ពៅ បានឲ្យដឹងទៀតថាឪពុករបស់នាងមិនបានបញ្ជាឲ្យគេទៅសម្លាប់លោក សៅ សុខា ដែលបច្ចុប្បន្នជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះទេ ដោយនាងថានេះជាការលាបពណ៌មួយ។ អ្នកនាងបញ្ជាក់ថា៖ “លោកពូអើយ កាលពី១០ឆ្នាំមុន គឺគេលាបពណ៌ប៉ាហើយនិងលោកពូឲ្យមានបញ្ហាជាមួយគ្នា។ នៅក្នុងសំបុត្រអនាមិកនោះ គេអត់បានសរសេរថាប៉ាខ្ញុំបញ្ជាឲ្យហង្ស វុទ្ធា ហៅយំរាជ ទៅបាញ់ធ្វើបាបលោកពូទេ”។

គួរបញ្ជាក់ថាកាលពីខែតុលា ឆ្នាំ២០១៤ តុលាការកំពូលបានសម្រេចតម្កល់សាលដីកាផ្តន្ទាទោសលោក ហេង ពៅ និងបក្ខពួកពីរនាក់ទៀតពីបទសមគំនិតធ្វើឃាតលោក សៅ សុខា មិនបានសម្រេចកាលពីឆ្នាំ២០០៣។

នាងបានថ្លែងការពារថាលោក ហេង ពៅ បានចាប់ចោរហើយចោរបានប្តឹងរូបលោកឲ្យជាប់ពន្ធនាគារ។ នាងបន្តថាករណីមួយទៀតដែលជាក់ពាក់ព័ន្ធនឹងលោក ហេង ពៅ គឺលោក ហង្ស វុទ្ធី ហៅយមរាជ ជាអតីតមន្ត្រីនគរបាលនិងជាដៃស្ដាំរបស់លោក ហេង ពៅ បានហែកគុកចេញ ដោយនាងថាករណីនេះ មានគេបើកទ្វាររំដោះឲ្យគាត់រត់ចេញ។ កាលពីឆ្នាំ២០០៦ លោក ហង្ស វុទ្ធី ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤៥ឆ្នាំពីបទបាញ់សម្លាប់ចៅក្រម សុខ សេដ្ឋាមុនី តែលោកបានរត់គេចខ្លួនពីពន្ធនាគារកាលពីឆ្នាំ២០០៦ ប៉ុន្តែ៦ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១២ លោកបានប្រគល់ខ្លួនឲ្យសមត្ថកិច្ចហើយនិយាយថាលោកត្រូវគេបង្ខំឲ្យរត់គេចខ្លួន៕

ប្រភពៈ VOD