សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ធំ​មួយ​កន្លែង សង្ស័យ​គ្មាន​ច្បាប់

សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ធំ​មួយ​កន្លែង សង្ស័យ​គ្មាន​ច្បាប់



ព្រះវិហារ ​៖​ សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត ធ្វើ​តុ​ទូ កៅអី​ធំ​មួយ​កន្លែង នៅ​ក្បែរ​រោងចក្រ​អគ្គិសនី​ខេត្ត​ស្ថិត នៅ​ភូមិ​ឡ​ឥដ្ឋ សង្កាត់​កំពង់​ប្រណាក ​ក្រុង​ព្រះវិហារ​ ត្រូវ​បាន​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​រាយការណ៍​ថា សិប្បកម្ម​នេះ​កំពុង​ធ្វើ​អាជីវកម្ម​យ៉ាង​រលូន ប៉ុន្តែ​វា​ពុំ​មាន​ច្បាប់​អនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ​នោះ​ទេ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​រាប់​សិប​កន្លែង ក្នុង​ទី​រួម​ខេត្ត​ព្រះ​វិហារ រួម​ទាំង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ធំៗ នៅ​ស្រុក​ជ័យ​សែន​ភាគច្រើន មិនទាន់​បន្ត​រត់ការ​ធ្វើ​ច្បាប់​អនុញ្ញាត​នៅ​ឡើយ​ទេ សម្រាប់​ឆ្នាំ ២០១៦ នេះ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​នេះ មាន​តាប​ម៉ាស៊ីន​ចំនួន ២ គ្រឿង ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​ម្នាក់ ​ឈ្មោះ ធី។ សព្វថ្ងៃ រោង​សិប្បកម្ម​នេះ កំពុង​មមាញឹក​ធ្វើ​កៅអី​ឡាវ ឲ្យ​អតិថិជន ក្នុងស្រុក និង​អាច​ផលិត​បាន​ចំនួន ១០០ កៅអី ក្នុង​មួយ​ខែ​។ ប្រជាពលរដ្ឋ​និយាយ​ថា កៅអី​ឡាវ ០១ មានតម្លៃ ៤០ ដុល្លារ​អាមេរិក ហើយ​ម្ចាស់​សិប្បកម្ម អាច​ចំណេញ​ចំនួន ១០ ដុល្លារ​អាមេរិក ក្នុង​កៅអី​មួយ​។​

លោក ធី ម្ចាស់​រោង​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា គាត់​ពិតជា​មិនទាន់​រត់ការ​សុំច្បាប់​អនុញ្ញាត​បន្ត​អាជីវកម្ម​នៅ​ឡើយ​ទេ សម្រាប់​ឆ្នាំ​២០១៦​នេះ ដោយសារ​ការងារ​មុខរបរ មិនសូវ​សម្បូរ​អតិថិជន​មក​កុម្ម៉ង់​ ធ្វើ​ដូច​ឆ្នាំមុន។ គាត់​ធ្លាប់​រត់ការ​ធ្វើ​ច្បាប់​បើក​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​ឆ្នាំ​មុនៗ អស់​ចំនួន​ប្រមា​ណ​២ ពាន់​ដុល្លារ​អាមេរិក។ គាត់​ត្រូវ​បង់លុយ នៅ​សាលាសង្កាត់ សាលាក្រុង រហូតដល់​សាលាខេត្ត​ព្រះវិហារ ដែល​ជា​អាជ្ញាធរ​ដែនដី​ថែមទៀត​។​

រីឯ​លំនៅឋាន​មួយ​កន្លែង​ទៀត នៅ​ទល់មុខ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ ឈ្មោះ ធី ក៏​ឃើញ​មាន​ស្តុក​ឈើ​ប្រណីត​តាប់​មួយ​ចំនួន និង​ឈើ​គគីរ​សន្លឹក​ខ្នាត​មុខ ១ ម៉ែត្រ ប្រវែង ៣ ម៉ែត្រ ៤ ទៅ ៥ សន្លឹក​សង្ស័យ​ម្ចាស់ផ្ទះ​នេះ រកស៊ី​ដឹក​ជញ្ជូន​ឈើ ទៅ​លក់ នៅ​ខេត្តកំពង់ចាម​ផង​ដែរ​។​

ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ថា លំនៅឋាន​នេះ ជា​កម្មសិទ្ធិ​របស់ ​ឈ្មោះ​ ហេង ​ឈ្មួញ​ធំ ទិញ​សណ្តែកសៀង យក​ទៅ​លក់ នៅ​ខេត្តកំពង់ចាម ហើយ​គាត់​មាន​រថយន្ត​កូរ៉េ ១ គ្រឿង​ចំណុះ ៥ តោន​ថែមទៀត ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ឈើ​ខុសច្បាប់​ទាំងនោះ អាច​បង្កប់​ក្រោម​បាវ​សណ្តែកសៀង ដឹក​យក​ទៅ​លក់​ខេត្តកំពង់ចាម​ក៏​ថា​បាន​។ ប្រភព​ព័ត៌មាន​ផ្សេង​ទៀត​ថា ឈើ ដែល​ស្តុក​ទុក​ទាំងនោះ ជា​ឈើ​អ្នកជិតខាង​យក​ទៅ​ទុក​ផ្ញើ​គាត់​ទេ៕