ស៊ឹម សុរ៉ា​ម​ភូមិ ដង្ហើយ​នឹក​ម្តាយ​

ស៊ឹម សុរ៉ា​ម​ភូមិ ដង្ហើយ​នឹក​ម្តាយ​



ភ្នំពេញ ​៖ ​ស្ថិត​ក្នុង​ខ្សែ​ជីវិត​មាន​ឈ្មោះ​ជា​កូនកំព្រា ​រស់​នៅ​ខ្វះ​ភាព​កក់ក្ដៅ​ ពី​ម្ដាយ​អស់​រយៈពេល​៣​ឆ្នាំ​មក​នោះ​ តារា​សម្ដែង​ប្រុស​ធ្លាប់​ល្បី​ឈ្មោះ​លោក ស៊ឹម សុរ៉ា​ម​ភូមិ ​ថ្មីៗ​នេះ​បាន​រំលេច​សរសេរ​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ដោយ​បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​នឹក​ដឹងគុណ​ចំពោះ​អ្នក​ម្ដាយ​មានគុណ​ ដែល​បាន​​​ស្លាប់​ចោល​លោក​កាលពី​អំឡុង​ឆ្នាំ​២០១៣។

គេ​នៅ​ចាំ​បាន​ថា ​​អ្នក​ម្តាយ​តារា​ប្រុស​លោក ស៊ឹម សុរ៉ា​ម​ភូមិ បាន​ទទួល​មរណភាព​គិត​រហូត​មកទល់​ពេល​បច្ចុប្បន្ន​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ ​គឺ​ស្លាប់​ដោយសារ​មាន​ជំងឺ។ ជាមួយគ្នា​នៃ​ការ​ទទួល​មរណភាព​របស់​​ម្ដាយ​លោក​ជិត​បាន​៣​ឆ្នាំ​នេះ​ដែរ​ គេ​សង្កេតឃើញ​ តារា​ប្រុស​លោក ស៊ឹម សុរ៉ាម​ភូមិ បាន​សរសេរ​រំលេច​អារម្មណ៍​បង្ហាញ​ពី​ភាព​សោកសៅ​នឹក​ស្រណោះ​អ្នក​ម្តាយ​គ្រា​ធ្លាប់​រួមរស់​ក្បែរ​ និង​ផ្តល់​ភាព​កក់ក្តៅ​គ្រប់​ពេល​ដល់​លោក​ផង​ដែរ។

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ស៊ឹម សុរ៉ា​ម​ភូមិ បាន​បង្ហោះ​រូបភាព​អម​ជាមួយ​ការ​សរសេរ​បញ្ជាក់​បែប​នេះ​ថា​ អារម្មណ៍​មួយ​នេះ​មិនទាន់​នៅ​ឆ្ងាយ​ពី​ខ្ញុំ​នៅឡើយ​ ទោះបីជា​ពេលវេលា​ឆ្លងកាត់​ទៅ​បី​ឆ្នាំ​ក៏ដោយ​ ក៏​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ នៅ​ពេលនោះ​កូន​ជា​អ្វី​ក៏​មិន​សំខាន់ ​គឺ​កូន​ចង់​នៅ​ក្បែរ​ម៉ែ។

លោក ស៊ឹម សុរ៉ា​ម​ភូមិ បាន​បញ្ជាក់​បន្ថែម​ថា ប៉ុន្តែ​ទោះបីជា​កូន​ចំណាយ​ពេលវេលា​ច្រើន​ទៅលើ​ពេទ្យ ចំណាយ​កម្លាំង​ស្ទើរ​តែមួយ​ថ្ងៃ​២៤​ម៉ោង​បោះបង់​ការងារ​ទាំងស្រុង ​ដើម្បី​មើលថែ​ម៉ែ​ក៏ដោយ​ទីបំផុត​ម៉ែ​នៅតែ​ទៅ​ចោល​កូន។ មិត្ត​ទាំង​អស់​គ្នា​ នារី​ម្នាក់​នេះ​ហើយ​ ដែល​ស្រឡាញ់​យើង​ខ្លាំង​ជាង​គេ​លើ​លោក​នេះ ​គាត់​ឈ្មោះថា​ម៉ែ៕
ស៊ឹម សុរ៉ា​ម​ភូមិ ដង្ហើយ​នឹក​ម្តាយ​

ស៊ឹម សុរ៉ា​ម​ភូមិ ដង្ហើយ​នឹក​ម្តាយ​