ក្រសួងសុខាភិបាលប្រកាសករណីជំងឺ​កញ្ជ្រឹល​កើត១ករណីឆ្លងពីប្រទេសជិតខាង

ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាស ថានៅដើមឆ្នាំ២០១៦នេះមានករណីជំងឺកញ្ជ្រឹលកើតឡើងទៅលើកុមារកម្ពុជាចំនួន៣នាក់ដែលមួយករណីចុងក្រោយបានឆ្លងមកពីប្រទេសជិតខាងដែលឪពុកម្ដាយមិនបាននាំកូនមកចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹល។ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ករណីកើតជំងឺកញ្ជ្រឹលនេះ វាមានលក្ខណៈតូចតាចតែប៉ុណ្ណោះមិនមែនឆ្លងរីករាលដាលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

លោកវេជ្ជបណ្ឌិតបានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ត្រូវនាំកូនទៅចាក់វ៉ាក់ សាំងការពារជំងឺកញ្ជ្រឹលឱ្យបានគ្រប់ៗគ្នា។ ដោយឡែកចំពោះបងប្អូនដែលបានកើតទារកនៅក្រៅប្រទេសត្រូវស្វែងរកកន្លែងចាក់វ៉ាក់សាំងការពារដែលបញ្ហានេះប្រសិនត្រលប់មកកម្ពុជា វិញសង្ស័យកើតជំងឺកញ្ជ្រឹលត្រូវនាំទារកទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាពដើម្បីចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះករណីកុមារមានជំងឺកញ្ជ្រឹលនេះ រហូតមកដល់ពេលនេះមិនមានការឆ្លង ឬរីករាលដាលទៅកុមារដទៃទៀតនោះទេ ដោយសារភាគច្រើននៃកុមារកម្ពុជាបានចាក់វ៉ាក់សាំងការពារគ្រប់ៗគ្នា ពិសេសក្រសួងសុខាភិបាលបានបើកយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋជាឪពុកម្ដាយ និងអាណាព្យាបាលដើម្បីបង្ការទប់ស្កាត់ការកើតជំងឺកញ្ជ្រឹលដល់កុមារ។ លោកវេជ្ជបណ្ឌិតបានបន្ដថា បន្ទាប់ ពីមានការរកឃើញករណីកញ្ជ្រឹលលើកុមារី ម្នាក់មកពីស្រុកបាទី ខេត្ដតាកែវ ក្រសួងសុខាភិបាលនៅតែបន្ដតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីមានវិធាន ការឆ្លើយតប។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា កញ្ជ្រឹល ជាជំងឺដែលមានការចម្លងខ្ពស់ អាចរីករាលដាលបានយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានហើយ មនុស្សដែលមានផ្ទុកវីរុសជំងឺកញ្ជ្រឹលអាចចម្លងទៅមនុស្សម្នាក់ទៀតបានតាមរយៈរោគសញ្ញាកន្ទួលក្រហមលេចឡើងលើស្បែកក្រហមភ្នែកនិងអាចវិវត្ដន៍ប៉ះពាល់ដល់សួតឬការរលាកស្រោមខួរដល់កុមារជាដើម។ ប៉ុន្ដែជំងឺកញ្ជ្រឹលនឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតកុមារនោះទេ ខណៈពេលដែលឪពុកម្ដាយនាំកូនយកទៅចាក់ថ្នាំបង្ការទាន់ពេលវេលានោះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦នេះ បានបង្ហាញថា មានករណីសង្ស័យជំងឺកញ្រ្ជឹលមួយករណីរកឃើញ ទៅលើកុមារអាយុមួយឆ្នាំមកពីស្រុកបាទី ខេត្តតាកែវ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិ។ សម្រាប់ឆ្នាំ ២០១៦នេះ សរុបករណីរកឃើញជំងឺកញ្រ្ជិលមានចំនួន៣ករណី ប៉ុន្ដែកុមារទាំង ៣នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដែលមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេនោះទេ ៕

ប្រភព៖ nokorwatnews

  • ក្រសួងសុខាភិបាលប្រកាសករណីជំងឺ​កញ្ជ្រឹល​កើត១ករណីឆ្លងពីប្រទេសជិតខាង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: