អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ពិនិត្យ​លើ​បណ្ដឹង​ដែល​ប្ដឹង​មន្ត្រី​គ.ជ.ប​នៅ​ថ្ងៃ​ទី​​៦ មិថុនា

ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង នឹង​បើក​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ  ដើម្បី​ពិនិត្យ​មើល​ពាក្យ​បណ្ដឹង​របស់​ប្រធាន​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប ដែល​ប្ដឹង​ថ្នាក់ដឹកនាំ គ.ជ.ប ៤​រូប ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ស្ថាប័ន​នេះ។

ការ​ចេញ​មុខ​ប្ដឹង​មន្ត្រី​ស្ថាប័ន​បោះ​ឆ្នោត​នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរការ​នៃ​ការ​បោះឆ្នោត ប្រសិន​បើ ACU រក​ឃើញ​ថា ថ្នាក់​ដឹក​នាំ គ.ជ.ប ទាំង​នោះ ពិត​ជា​មាន​កំហុស​មែន។

ការ​ត្រួតពិនិត្យ​លើ​បណ្ដឹង​ដែល​ធ្វើ​ឡើង​នេះ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា លោក រស់ សារ៉ុម  កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣ ខែ​ឧសភា។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កោះ​ហៅ​ដើម្បី​ឲ្យ​បញ្ជាក់​បន្ថែម​លើ​បណ្ដឹង​របស់​ពួកគេ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា តាម​នីតិវិធី បន្ទាប់​ពី​អង្គភាព​លោក​ទទួល​បាន​បណ្ដឹង ជំហាន​ដំបូង គឺ​ក្រុម​ជំនាញ​​ត្រូវ​វាយ​តម្លៃ​ថា​ចាត់ការ ឬ​មិន​ចាត់ការ​លើ​បណ្ដឹង​នោះ​ជា​មុន​សិន។ លោក​បន្ត​ថា ប្រសិនបើ​រក​មិន​ឃើញ​មាន​តម្រុយ​អ្វី​នោះ​ទេ អង្គភាព​នឹង​ជួន​ដំណឹង​ទៅ​ដើម​បណ្ដឹង​ថា មិន​អាច​បើក​ការ​ស៊ើប​អង្កេត​ទេ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។