គ្រឿង​ក្រអូប​ប្រើ​នៅ​ផ្ទះ​រាល់​ថ្ងៃ​មួយ​ចំនួន ជា​អាវុធ​សម្លាប់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

ទៀនក្រអូប និងស្ព្រៃយបាញ់ក្លិន ត្រូវបានគេស្គាល់ថា ជាសម្ភារៈប្រើឲ្យមានក្លិនក្រអូប និងបំបាត់ក្លិនមិនល្អ ប៉ុន្តែការសិក្សាថ្មីបញ្ជាក់ថា របស់របរទាំងនោះ ជាអាវុធដែលសម្លាប់មនុស្សដោយមិនដឹងខ្លួន ជាក់ស្ដែងក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ជាង១០ម៉ឺននាក់នៅអឺរ៉ុប ដោយសារតែសម្ភារៈកម្ចាត់ក្លិនទាំងនោះ ។
អ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានរកឃើញថា សម្ភារៈប្រើប្រាស់ក្នុងផ្ទះមានដូចជា ថ្នាំបាញ់ប្រឆាំងសត្វល្អិត ថ្នាំបំបាត់ក្លិនអាក្រក់ កាវ និងទឹកលាងសម្អាតជាច្រើនទៀត សុទ្ធតែមានផ្ទុកជាតិគីមី Volatile Organic Compounds (VOCs) ដែលអាចបង្កជាជំងឺមហារីកបាន ជាពិសេសគឺប៉ះពាល់ខ្លាំងបំផុតដល់កុមារ និងមនុស្សចាស់តែម្ដង ។
“រាល់ការដកដង្ហើមរបស់មនុស្សគ្រប់គ្នា សុទ្ធតែរងផលប៉ះពាល់ដោយការបំពុលបរិយាកាស” នេះជាអ្វីដែលការស្រាវជ្រាវបានបញ្ជាក់ ។ ក្នុងនោះដែរ គេក៏បានបញ្ជាក់ពីដំណើរវិវត្តន៍នៃសារធាតុក្រអូបទាំងនោះដែរ ដោយដំបូងឡើយវាគឺជាសារធាតុរាវ ឬរឹង តែបន្ទាប់មកវានឹងហួតទៅក្នុងខ្យល់ ហើយនឹងសាយភាយពេញផ្ទះ មានន័យថា សារធាតុគីមីអាចដែលបណ្ដាលឲ្យកើតជំងឺមហារីកនោះ ក៏សាយភាយពេញផ្ទះដែរ ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Royal College of Physicians និង Royal College of Paediatrics and Child Health បានព្រមានពីការបំផុលបរិយាកាសក្នុងផ្ទះ ដែលមនុស្សគ្រប់គ្នាមើលរំលង តែវាបានសម្លាប់មនុស្សជាង៩៩.០០០នាក់ក្នុងមួយឆ្នាំៗនៅអឺរ៉ុប ដោយក្នុងនោះវាបង្កផលប៉ះពាល់ជាខ្លាំងការលូតលាស់របស់ទារក សួត ក្រលៀន ហើយក៏អាចធ្វើឲ្យអ្នករលូតកូនផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ អ្នករងផលប៉ះពាល់នៃការបំពុលនេះ មានលទ្ធភាពខ្ពស់ក្នុងការកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល នៅក្នុងវ័យជរារបស់ពួកគេ ហើយក៏មានពាក់ព័ន្ធនឹងជំងឺផ្សេងៗទៀតដែរ ដូចជា ជំងឺហឺត ជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំង ជំងឺលើសទម្ងន់ និងជំងឺមហារីកជាដើម ។
គួរបញ្ជាក់ផងដែរថា ដើម្បីកាត់បន្ថយហានិភ័យនៃការបង្កជាជំងឺទាំងនេះ ការប្រើប្រាស់គ្រឿងក្រអូបដូចជា ទៀបក្រអូប ស្ព្រៃយ៍បាញ់ក្លិន ទឹកក្រអូប ថ្នាំបាញ់មូស និងរបស់របរឯទៀត ដែលមានមុខងារធ្វើឲ្យក្លិនក្រអូបនោះ ក៏គួរតែកាត់បន្ថយតាមនឹងដែរ ៕

ប្រភព៖ kqube

  • គ្រឿង​ក្រអូប​ប្រើ​នៅ​ផ្ទះ​រាល់​ថ្ងៃ​មួយ​ចំនួន ជា​អាវុធ​សម្លាប់​អ្នក​ដោយ​មិន​ដឹង​ខ្លួន已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:សុខភាព
Tags: