៥ខែ​ដើមឆ្នាំ ២០១៦ នេះ ​ចំនួន​អ្នក​ផ្តល់​ឈាម​មាន​ការ​កើន​ឡើង​

៥ខែ​ដើមឆ្នាំ ២០១៦ នេះ ​ចំនួន​អ្នក​ផ្តល់​ឈាម​មាន​ការ​កើន​ឡើង​



ភ្នំពេញ ​៖ ចំនួន​អ្នក​ផ្ដល់​ឈាម នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៅ​ក្នុង​រយៈពេល​៥​ខែ ​ឆ្នាំ​២០១៦ នេះ មាន​ការ​កើនឡើង​​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៥ កន្លងទៅ។

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​មានប្រសាសន៍ នៅ​ថ្ងៃ​ទី ០៤ ខែមិថុនា ​ឲ្យ​ដឹង​ថា សម្រាប់ ៥ ខែ ដើមឆ្នាំ​២០១៦ នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ទទួល​អំណោយ​ឈាម​​ ​ចំនួន ១៥.៧៥៣ ប្លោក ​ក្នុង​នោះ មជ្ឈមណ្ឌល​បាន​ចែកចាយ​ឲ្យ​ទៅតាម​មន្ទីរពេទ្យ​នានា អស់​ចំនួន ១៥.២៦៥ ប្លោក។

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​បន្ត​ថា ចំនួន​នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៥ ខែ ដូចគ្នា​ឆ្នាំ​២០១៥ កន្លងទៅ​ឃើញ​ថា មានការ​កើន​ឡើង ដែល​ឆ្នាំមុន ទទួល​បាន​ឈាម​ចំនួន ១១.១​៦៣ ប្លោក ក្នុង​នោះ​ផ្តល់​ឲ្យ តាម​បណ្ដា​មន្ទីរពេទ្យ​ចំនួន ​១៥.២៦៥ ប្លោក លើស​ចំនួន​អ្នក​ផ្តល់​ឈាម​។​

តាម​ការ​ប៉ាន់ស្មាន​ជា​រៀងរាល់ថ្ងៃ នៅ​ទូទាំង​ប្រទេស​ ត្រូវការ​ឈាម​ប្រមាណ ​១៥០ ប្លោក ​ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ ដែល​ក្នុង​នោះ នៅ​តាម​មន្ទីរពេទ្យ​នានា ក្នុង​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ពី ៨០ ទៅ ១០០ ប្លោក​។​
​ ​
ពាក់ព័ន្ធ​នឹង​មូលហេតុ ដែល​នាំ​ឲ្យ​ការប្រើប្រាស់​ឈាម មានការ​កើនឡើង លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​បញ្ជាក់​ថា ដោយសារតែ​តម្រូវការ​ឈាម មាន​ចំនួន​កាន់​តែ​ច្រើន ពិសេស​ជំងឺ​មួយ​ចំនួន ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ ដូចជា​ទាក់ទិន​នឹង​ជំងឺ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ករណី​នៃ​ការ​ហូរ​ឈាម​មិន​ប្រក្រតី នៅមុន និង​ក្រោយពេល​សម្រាល​កូន ករណី​ជំងឺ​ខ្សោយ​តម្រងនោម និង​ករណី​នៃ​ការ​ព្យាបាល​ថែទាំ​ជំងឺ​មហារីក​។​ល​។​ ​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង សង្ឃឹមថា នឹង​ទទួល​បាន​ឈាម​កាន់​តែ​ច្រើន​ថែមទៀត ដោយសារ​តែ​បច្ចុប្បន្ន​នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង មានការ​យល់ដឹង​ច្រើន ពី​សារសំខាន់​នៃ​ការ​ផ្តល់​ឈាម​នេះ​។ លោក​បាន​បន្ត​ថា​ «​ការ​ផ្តល់​ឈាម​មួយ​ប្លោក​របស់​បងប្អូន ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ជួយសង្គ្រោះ​អាយុជីវិត​ដល់​អ្នករងគ្រោះ ដែល​ត្រូវការ​ឈាម ហើយ​ការ​ផ្តល់​ឈាម​នេះ នឹង​ទទួល​បាន​នូវ​បុណ្យ​កុសល​យ៉ាង​ធំធេង ក្នុងនាម​យើង ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​»​។​
​ ​
នៅ​ឆ្នាំ ២០១៥ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ទទួល​អំណោយ​ឈាម​បាន​ចំនួន ៥៤.៧៩៣ ប្លោក និង​ផ្គត់ផ្គង់​ឈាម​បាន​ប្រមាណ ៥០.៨៨១ ប្លោក គឺ​កើន​លើស​ជាង​ឆ្នាំ ២០១៤ ចំនួន ៥ ភាគរយ ក្នុង​នោះ​អំណោយ​ឈាម ដោយ​ស្ម័គ្រចិត្ត ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ១៧.០៣០ ប្លោក​។ បច្ចុប្បន្ន​ការ​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត មិន​គិត​កម្រៃ​មាន​ចំនួន​ត្រឹម ៣៥ ភាគរយ​ប៉ុណ្ណោះ ចំណែក ៦៥ ភាគរយ​ទៀត ជា​ការ​ដោះដូរ​អំណោយ​ឈាម តាមរយៈ​សាច់ញាតិ​អ្នកជំងឺ​បរិច្ចាគ​ជំនួស។

តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​រូប​នោះ បាន​មានប្រសាសន៍ថា​ «​ខ្ញុំ​ចង់​បាន​បងប្អូន​ផ្តល់​ឈាម ដោយ​ស្ម័គ្រចិត្ត មិន​ចង់បាន ពេល​ដែល​ក្រុម​គ្រួសារ មានការ​ខ្វះ​ឈាម ទើប​មក​បរិច្ចាគ​នោះ​ទេ បើ​ក្នុង ១ គ្រួសារ​មាន​ម្នាក់ មក​ផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​នោះ ជឿ​ជាក់​ថា ឈាម​មិន​មាន​ការ​ខ្វះខាត ហើយក៏​មិន​ចាំ​បាច់​ឲ្យ​សាច់ញាតិ​ផ្តល់​ឈាម​ដែរ​»​។​ ​

លោក​បាន​បន្ថែម​ថា នៅ​ឆ្នាំ​ខាងមុខ មជ្ឈមណ្ឌល​នេះ នឹង​ខិត​ជំរុញ​អ្នក​មក​ស្ម័គ្រ​បរិច្ចាគ​ឈាម ១០០ ភាគរយ​ឲ្យ​បាន​រហូតដល់ ៥០ ភាគរយ ហើយ​ឈាន​ទៅ​ដល់ ១០០ ភាគរយ នៅមុន​ឆ្នាំ ២០២០ ស្រ​ប​តាម អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​តម្រូវ​ឲ្យ​ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍​ធានា​នូវ​ការ​ផ្គត់ផ្គង់​ឈាម និង​ផលិតផល​ឈាម ពី​អ្នកស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម មិន​គិត​កម្រៃ ១០០ ភាគ​រយ នៅ​ឆ្នាំ ២០២០ ខាងមុខនេះ​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​អះអាង​ថា រាល់​ការ​បរិច្ចាគ​ឈាម​របស់​អ្នកស្ម័គ្រចិត្ត គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ឡើយ ដោយ​គ្រាប់​ឈាម​បន្ទាប់ពី​បរិច្ចាគ វា​នឹង​កកើត​ឡើងវិញ ហើយ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​នេះ ធានា​បាន​ឈាម​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​សម្រាប់​ជួយសង្គ្រោះ អាយុជីវិត​អ្នកជំងឺ ព្រោះ​ឈាម ដែល​បាន​មក​ទាំង​អស់​នោះ ត្រូវ​យក​ទៅ​វិភាគ​ស្វែងរក​មេរោគ​យ៉ាង​ត្រឹមត្រូវ មុននឹង​បញ្ជូន​ទៅ​កាន់តែ​មន្ទីរពេទ្យ​។​

បើ​តាម​លោក​វេជ្ជបណ្ឌិត សេក ម៉ារ​ឌី តំណាង​ស្តីទី​នៃ​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា ធ្លាប់​បាន​មានប្រសាសន៍ថា​ «​ការ​ផ្តល់​ឈាម គឺជា​ការសង្គ្រោះ​ជីវិត​។ ឈាម​មួយ​ប្លោក​របស់​លោកអ្នក អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រហូតដល់​ទៅ ៣ នាក់​។ ដូចនេះ ការ​បញ្ចូល​ឈាម និង​ផលិតផល​ឈាម អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់ ក្នុង ១ ឆ្នាំៗ នៅ​ទូទាំង​ពិភពលោក​»​។

លោក​បាន​បន្ត​ថា ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​ប្រទេស​ជាច្រើន រួមមាន​ប្រទេស​កម្ពុជា​ផង ការ​ផ្គត់ផ្គង់​ឈាម មាន​សុវត្ថិភាព​មិនទាន់​គ្រប់គ្រាន់ នៅឡើយ​ទេ ហើយ​សេវា​ផ្តល់​ឈាម បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ជាច្រើន ក្នុង​ការ​ផ្តល់​ឈាម​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​ការធានា​ឲ្យ​បាន​នូវ​ឈាម ដែល​មាន​គុណភាព និង​សុវត្ថិភាព​៕

៥ខែ​ដើមឆ្នាំ ២០១៦ នេះ ​ចំនួន​អ្នក​ផ្តល់​ឈាម​មាន​ការ​កើន​ឡើង​