រដូវវស្សា​មកដល់ ​ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច​ ចុះ​ជួប​កសិករ​កណ្ដាលវាល​ស្រែ​

រដូវវស្សា​មកដល់ ​ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច​ ចុះ​ជួប​កសិករ​កណ្ដាលវាល​ស្រែ​



ព្រៃវែង​ ៖ ​ក្រោយពី​រអាក់រអួល​បាត់​មុខ​២​សប្ដាហ៍​ពី​មូលដ្ឋាន ​ដោយ​បញ្ហា​បច្ចេកទេស នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ​លោក ឡុង ស្រេង ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង​ និង​សហការី បាន​ចុះ​សួរ​សុខ​ទុក្ខ​បងប្អូន​ប្រជាកសិករ​ ដែល​កំពុង​ដក​ស្ទូង ខ្លះ​ដកស្មៅ ខ្លះ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ដោយ​បាន​នាំ​យក​អាហារ​សម្រន់​មាន​នំ​ប៉ាវ ចៃ​យ៉ ​និង​ទឹក​សុទ្ធ ទៅ​ចែក​ជូន​ប្រជាកសិករ​ប្រមាណ​១១២​នាក់​ដល់​វាលស្រែ។​

ប្រជាកសិករ​ក្នុង​ឃុំ​ត្នោត​មាន​សេចក្ដី​អំណរ​សោមនស្ស​រីករាយ​ណាស់​ ពេល​ឃើញ​ក្រុម​ការងារ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ គាប់​ជូន​ពេល​ដែល​បងប្អូន​កសិករ​កំពុង​មមាញឹក​បង្កបង្កើនផល​ស្រូវវស្សា​នា​ឆ្នាំ​នេះ។​

តាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក ក្រោយពី​ដក​ស្ទូងស្រូវ​វស្សា​រួច លោក ឡុង ស្រេង បាន​ដឹកនាំ​ប្រជា​កសិករ​ទាំង​៨​ភូមិ ​ក្នុង​ឃុំ​ត្នោត​ បន្ត​ធ្វើ​ដំណាំ​ចម្ការ​ ដាំ​បន្លែ​សព្វ​មុខ​ថែមទៀត ​ដើម្បី​លើកស្ទួយ​ជីវភាព​រាស្ត្រ​ក្នុង​ឃុំ​ត្នោត​ទាំងមូល​ឲ្យ​​កាន់​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត។​

ក្រោយ​ពី​ការចែក​អាហារ​សម្រន់​រួចហើយ ក្រុមការងារ​ក៏បាន​នាំ​យក​ថវិកា​មូលនិធិ​សប្បុរសធម៌​របស់​សម្ដេច​ក្រឡាហោម ស ខេង ទៅ​ចែក​ជូន​គ្រួសារ​សព ​និង​ស្ត្រី​សម្រាលកូន​ចំនួន​៣០​គ្រួសារ​ផង​ដែរ៕

រដូវវស្សា​មកដល់ ​ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច​ ចុះ​ជួប​កសិករ​កណ្ដាលវាល​ស្រែ​