អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ចុះ​ដោះស្រាយ​​​បញ្ហា​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​ព្នង

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០​នាក់ រួម​ទាំង​មន្ត្រី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គម​​ស៊ីវិល បាន​ជួបជុំ​គ្នា​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ ២១១​គ្រួសារ នៅ​ភូមិ​ចក់ចារ តាម​ការ​សន្យា។ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​បញ្ហា​នេះ​មាន​មន្ទិល​ថា លទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ហា​នេះ​ហាក់​​នៅ​មិន​ទាន់​ច្បាស់លាស់​នៅ​ឡើយ។

​ការ​កំណត់​ពេល​វេលា​ចុះ​ចង្អុល​ទីតាំង​ដី​ដែល​ពលរដ្ឋ​ទាមទារ គឺ​ជា​លទ្ធផល​បឋម​ដែល​អាជ្ញាធរ​ខេត្ត​សម្រេច​ក្នុង​ពិធី​ចុះ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង កាល​ពី​ថ្ងៃ​ទី​២ ខែ​​មិថុនា។
ការ​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ធ្វើ​ឡើង​តាម​ការ​សន្យា​របស់​អាជ្ញាធរ​ខេត្ត ខណៈ​ប្រជាពលរដ្ឋ​ជាង ៦០​នាក់​នាំ​គ្នា​យក​ញត្តិ​ដាក់​ជូន​អភិបាល​ខេត្ត​កាល​ពី​ចុង​ខែ​​ឧសភា។

​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ គឺ​លោក យិន សឹង បញ្ជាក់​ថា ដំណោះស្រាយ​របស់​អាជ្ញាធរ​ពេល​នេះ គឺ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ទទួល​យក​បាន ក៏​ប៉ុន្តែ​អ្នកភូមិ​នៅ​បារម្ភ​ថា តើ​ទីតាំង​ដី​ដែល​អ្នក​ភូមិ​នឹង​ចង្អុល​បង្ហាញ​ថា ជា​តំបន់​ដី​ចំការ​វិល​ជុំ​ប្រជាពលរដ្ឋ នោះ​អាជ្ញាធរ​នឹង​ធ្វើ​ការ​វាស់វែង​ឆ្វៀល​ចេញពី​ដី​សម្បទាន​ប្រគល់​មក​ឲ្យ​អ្នក​ភូមិ​បាន ឬ​យ៉ាង​ណា។ លោក​ថា ប្រជាពលរដ្ឋ​នឹង​មិន​ធ្វើការ​តវ៉ា​ជាមួយ​អាជ្ញាធរ​ខេត្ត​ត​ទៅ​ទៀត​ទេ ប្រសិន​ដំណោះស្រាយ​ពេល​នេះ​មិន​បាន​លទ្ធផល​តាម​ការ​ទាមទារ​របស់​អ្នក​ភូមិ៖ «បើ​គាត់​គោរព​តាម​សម្ដី​ដែល​បាន​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ហ្នឹង ពួក​ខ្ញុំ​ក៏​បាន​យល់​ព្រម​ឯកភាព​សមរម្យ​ហើយ​ដែល​គាត់​និយាយ​គោរព​ពាក្យ​សម្ដី​ពួកគាត់។ បើ​គាត់​មិន​គោរព​ពាក្យ​សម្ដី​ដែល​​និយាយ​ក្នុង​អង្គ​ប្រជុំ​ទេ ពួក​ខ្ញុំ​លែង​ឡើង​ទៅ​ខេត្ត​ហើយ ឡើង​នៅ​ភ្នំពេញ​ម្ដង»

​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ តវ៉ា​តាំង​ពី​ឆ្នាំ​២០១២ ទាមទារ​ដី ៥០០​ហិកតារ បន្ទាប់ពី​ក្រុមហ៊ុន ប៊ិញ ភឿក​១ ទទួល​បាន​ដី​សម្បទាន​ជាង ៥​ពាន់​ហិកតារ នៅ​តំបន់​ឃុំ​ស្រែ​ឈូក។ បន្ទាប់ពី​ទ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​នេះ ក្រុមហ៊ុន​ឈូស​ឆាយ​ដី​បង្ក​បង្កើន​ផល​ប៉ះពាល់​ដី​ចំការ​វិល​ជុំ​អ្នក​ភូមិ​អភិរក្ស​សម្រាប់​ធ្វើ​កសិកម្ម។ នៅ​ឆ្នាំ​២០១៤ អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ខេត្ត​មណ្ឌលគិរី បាន​សម្របសម្រួល​​កាត់​ចេញ​ដី ១២៥​ហិកតារ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រួច​ហើយ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ចំណែក​ដី ៣៧៥​ហិកតារ ដែល​ក្រុមហ៊ុន​មិនទាន់​ឈូស​ឆាយ​ប្រគល់​មក​ឲ្យ​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន ប្រជាពលរដ្ឋ​អះអាង​ថា ដី ៣៧៥​ហិកតារ​ជា​ចំណែក​ពលរដ្ឋ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដាំ​កៅស៊ូ​​អស់​មិន​ព្រម​ប្រគល់​ឲ្យ​អ្នកភូមិ​នោះ​ទេ។

ចំណែក​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ម្នាក់​ទៀត គឺ​អ្នកស្រី ស្រួច ថែវ កត់សំគាល់​ថា ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២ ​​ខែ​មិថុនា អាជ្ញាធរ​ខេត្ត​អះអាង​ថា នឹង​ប្រគល់​ដី ៣៧៥​ហិកតារ​មក​ពលរដ្ឋ ក៏​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ទុក​លទ្ធភាព​ឲ្យ​អាជ្ញាធរ​ឃុំ និង​ស្រុក​កំណត់​ពេល​វេលា​ជាក់លាក់​ដឹកនាំ​ប្រជាពលរដ្ឋ​ចុះ​ចង្អុល​ទីតាំង​ដី​ដែល​ពលរដ្ឋ​ទាមទារ។ អ្នកស្រី​បន្ត​ថា ទីតាំង​ដី​ដែល​អ្នក​ភូមិ​ទាមទារ​គឺ​ជា​ដី​ចំការ​ចាស់​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​អាជ្ញាធរ​ភូមិ​ឃុំ​ចេញ​លិខិត​ទទួល​ស្គាល់​ជូន​អ្នកភូមិ៖ «តែ​ដល់​ថ្ងៃ​ពួកគាត់​ឲ្យ​ចង្អុល​ទីតាំង​ពួក​ខ្ញុំ​នឹង​នាំ​គ្នា​ច្រើន​ដើម្បី​ប្រកែក​ដី​ជម្លោះ​ហ្នឹង។ បើ​ឲ្យ​កន្លែង​ក្រៅ​ជម្លោះ​ពួក​ខ្ញុំ​មិន​យក​ទេ»

​ប្រធាន​សហគមន៍​ចក់ចារ ប្រធាន​ភូមិ និង​មេ​ឃុំ​ស្រែឈូក កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​បញ្ជាក់​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ដី​ដែល​ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ប៊ិញ ភឿក​១ គឺ​មាន​ខ្ទម​អ្នកតា​នៅ​កណ្ដាល​ដី​ដែល​ប្រជាពលរដ្ឋ​​គោរព​បូជា​យូរយារ​មក​​ហើយ។ ចំណែក​ដី​នៅ​ជុំវិញ​ខ្ទម​អ្នក​តា​មាន​ភូមិ​ស្រែត្រាវ ស្រែអិន ក្បាល​អូរត្រយ៉ង់ និង​ត្រពាំងក្លើស ពិត​ជា​ដី​ចំការ​វិល​ជុំ និង​ដី​ព្រៃ​ផលិត​ជ័រទឹក​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ភូមិ​ចក់ចារ ពិត​មែន។

​​មេ​ឃុំ​ស្រែឈូក លោក យ៉ង ប៊ុន ទទួល​ស្គាល់​ថា លិខិត​ដែល​លោក​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​ពិត​ជា​លិខិត​សំអាង​របស់​អាជ្ញាធរ​ឃុំ​ចេញ​ជូន​អ្នក​ភូមិ​ដែល​កាន់កាប់​ដី​មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​នៅ​តំបន់​នោះ។ លោក​ថា ដី ៣៧៥​ហិកតារ​មិន​ទាន់​បែងចែក​ទៅ​ឲ្យ​អ្នក​ណា​នៅ​ឡើយ ហេតុ​នេះ​អាជ្ញាធរ​នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ដី​នោះ​ឡើង​វិញ៖ «គណៈ​ខេត្ត​គណៈ​ស្រុក​ឆ្លើយឆ្លង​គ្នា​ថា​ដី ៣៧៥​ហិកតារ​មិន​ទាន់​ច្បាស់​មែន អ៊ីចឹង​គេ​នឹង​រៀបចំ​ក្រុម​ការងារ​ចុច​ម្ដង​ទៀត។ ដី ៣៧៥​ហិកតារ​ហ្នឹង​មិន​ទាន់​ចែក​អ្នក​ណា​ទេ​ឃើញ​ដាក់​ក្នុង​ផែនទី​ហ្នឹង»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គាំទ្រ​ការ​ស្វែង​រក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត ក៏​ប៉ុន្តែ​លោក​នៅ​បារម្ភ​ថា ដី​ដែល​ប្រជាពលរដ្ឋ​​កំពុង​ទាមទារ​គឺ​ក្រុមហ៊ុន​បាន​ដាំ​កៅស៊ូ​រួច​ហើយ។ ករណី​នេះ​លោក​បារម្ភ​ខ្លាច​អាជ្ញាធរ​មិន​មាន​​លទ្ធភាព​តម្រូវ​ឲ្យ​ក្រុមហ៊ុន​កាត់​ដី​សង​ប្រជាពលរដ្ឋ​បាន​នោះ​ទេ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​ក៏​មិន​​ទាន់​បង្ហាញ​សញ្ញាណ​ថា នឹង​កាត់​ដី​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ ឬ​យ៉ាង​ណា៖ «ព្រោះ​ការ​ជជែក​ហ្នឹង​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ។ អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​គាត់​គួរ​តែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​ហើយ​មាន​លក្ខណៈ​ត្រឹមត្រូវ និង​តម្លាភាព ព្រោះ​ប្រជាជន​រងគ្រោះ​ច្រើន​ណាស់ អ្នក​មិន​ទាមទារ​តវ៉ា​ទៅ​ជា​បាន​អ្នក​តវ៉ា​រហូត​ពេល​នេះ​នៅ​តែ​អត់​ដដែល»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក១ សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា។ ចំណែក​អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ និង​អភិបាល​រង​ខេត្ត​លោក តេង សម្បត្តិ ដែល​ចូល​រួម​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ភូមិ​បដិសេធ​មិន​អធិប្បាយ​បញ្ហា​នេះ​ឡើយ។

​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ ឲ្យ​ដឹង​ថា តំបន់​ដី​ដែល​អ្នក​ភូមិ​កំពុង​ទាមទារ​គឺ​ក្រុមហ៊ុន​នៅ​តែ​ភ្ជួរ​ដី​ដាំ​កៅស៊ូ​បន្ត​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ភូមិ​ចក់ចារ បញ្ជាក់​ថា ពួកគាត់​រង់ចាំ​ចំណាត់​ការ​របស់​អាជ្ញាធរ​ស្រុក​តាម​លទ្ធផល​កិច្ចប្រជុំ​ថ្ងៃ​ទី​៣ ខែ​មិថុនា ប្រសិនបើ​ចំណាត់​ការ​នៅ​អូស​បន្លាយ​យូរ អ្នក​ភូមិ​​នឹង​នាំគ្នា​បន្ត​តវ៉ា​នៅ​ថ្នាក់​ជាតិ​ជា​ថ្មី​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។