អាជ្ញាធរ ​សំណូមពរ​ដល់​ម្ចាស់​ទូកដ ប្រុងប្រយ័ត្ន​ពេល​ចម្លង​អ្នកដំណើរ ​ពេល​មាន​ខ្យល់​ខ្លាំង​

អាជ្ញាធរ ​សំណូមពរ​ដល់​ម្ចាស់​ទូកដ ប្រុងប្រយ័ត្ន​ពេល​ចម្លង​អ្នកដំណើរ ​ពេល​មាន​ខ្យល់​ខ្លាំង​



ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​បាន​ណែនាំ​ដល់​ម្ចាស់​ទូក​ ដែល​មាន​ទីតាំង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​ធ្វើការ​ប្រុងប្រយ័ត្ន​ពេល​​ចម្លង​អ្នកដំណើរ​ ក្នុង​ពេល​មាន​ខ្យល់​ខ្លាំង​ ព្រោះ​អាច​ជួប​គ្រោះថ្នាក់​ ដល់​អ្នកដំណើរ​។​

អាជ្ញាធរ​បាន​បញ្ជាក់​ថា ​ពេល​មាន​ខ្យល់​បោកបក់​មក​ខ្លាំង​គឺ​ម្ចាស់​ទូកដ​ ដែល​ត្រូវ​ចម្លង​អ្នក​ដំណើរ​ចេញ​ពី​កំពង់ដ ​ភូមិ​ក្បាលជ្រោយ ​សង្កាត់​ព្រែកឯង​ និង​កំពង់​ភូមិ​​យក​បាត្រ​ សង្កាត់​ក្បាលកោះ​ ដែល​ត្រូវ​ឆ្លងកាត់​ទន្លេមេគង្គ​ក្រោម​ ឆ្ពោះ​ទៅ​កំពង់ដ​ ឃុំ​ល្វាឯម​ ខេត្តកណ្តាល​ ត្រូវ​មានការ​ប្រុងប្រយ័ត្ន ​ពេល​ចម្លង​អ្នកដំណើរ​ នៅ​ពេល​មាន​ធ្លាក់​ភ្លៀង​ គួបផ្សំ​នឹង​ខ្យល់​កន្ត្រាក់ ​ដែល​នាំ​ឲ្យ​លិច​ទូក​កណ្តាល​ទន្លេ ​ព្រោះ​ទន្លេមេគង្គ​ក្រោម​មាន​ចម្ងាយ​​ឆ្ងាយ​មិន​សូវ​មាន​ដី​កោះ ​ហើយ​ងាយ​នឹង​ទទួល​កម្លាំង​ខ្យល់​បោក​បក់​ខ្លាំង​ទៀត​ផង។

មន្ត្រី​អាជ្ញាធរ​បាន​បញ្ជាក់​ថា បើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​រួម​ទាំង​ខ្យល់​កន្ត្រាក់​ផង ​យក​ល្អ​គួរ​ផ្អាក​ការ​ចម្លង ​ទម្រាំ​ស្ងប់​ខ្យល់ ​និង​ភ្លៀង​មួយ​រយៈ​សិន​ ហើយ​ទើប​ដំណើរការ​ចម្លង​ ព្រោះ​ការពារ​អាយុជីវិត​អ្នក​ដំណើរ​បាន​ទៀត​ផង​ ហើយ​ម្យ៉ាងទៀត​ទូកដ​ចម្លង​មាន​ទំហំ​តូច​ងាយ​នឹង​លិច​ ពេល​មាន​ខ្យល់​បោក​ប​ក់​ខ្លាំង ​ព្រោះ​ផ្ទៃ​ទន្លេ​មាន​ទំហំ​ធំ​ ពុំ​ដូច​ទន្លេបាសាក់​ ដែល​មាន​ទំហំ​តូច​នោះ​ទេ​។​ ចំពោះ​អ្នក​ដំណើរ​វិញ​ក៏​ចង់បាន​ដូច​សំណូមពរ​របស់​អាជ្ញាធរ​ផង​ដែរ​ ព្រោះ​អាច​រក្សា​សុវត្ថិភាព ​ដល់​ពួកគាត់ ​ពិសេស​កុមារ​តូចៗ ​និង​លោកយាយ ​លោកតា ​ដែល​មាន​កម្លាំង​ខ្សោយ​ និង​មិន​អាច​ហែល​ឆ្លង​ទឹក​ពេល​ជួប​គ្រោះ​លិច​ទូក​កណ្តាលទន្លេ​នោះ​ហើយ។​ ម្យ៉ាងទៀត ​ម្ចាស់​ទូកដ​​ទាំងនោះ​ពុំ​មាន​ពោង ​ដែល​ជា​ឧបករណ៍​សម្រាប់​ជួយសង្គ្រោះ​អាយុ​ជីវិត​អ្នកដំណើរ ​ព្រោះ​ជា​រដូវវស្សា​ទៀត​ផង៕

​​